អាជ្ញាធរប៉ោយប៉ែតថាសង់តូបអាជីវកម្ម មិនមានផលប៉ះពាល់ទេ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 11, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនជារឿង ដែលទើបនឹងកើតមានថ្មីនេះទេ តែវាជារឿងចាស់ ដែលកើតឡើង តាំងពីដើមឆ្នាំ២០១៥មកម្លេះ ហើយការព្រួយបារម្ភ របស់ប្រជាពលរដ្ឋមួយចំនូន ព្រះសង្ឃ និងនាយកសាលា នៅតែមានដដែល។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ធ្លាប់ធ្វើរបាយការណ៍ ពីករណីនេះម្ដងហើយ នៅពេលនោះ ដែលអាចរកអានឡើងវិញបាន ដោយចុចនៅលើទីនេះ។
ផ្ទុយពីការខ្វល់ខ្វាយ របស់ពលរដ្ឋ ព្រះសង្ឃ និងនាយកសាលា មកទល់នឹងពេលនេះ នៅលើចិញ្ចើមផ្លូវសាធារណៈនោះ រឹតតែមានការីកដុះដាល នូវតូបធ្វើអាជីវកម្មឯកជន កាន់តែច្រើនឡើងៗ (១ទៅ១០តូប)។ នោះដោយសារតែ ការបារម្ភទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធ ដោយប្រាប់មកវិញថា វាគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។
លោក ង៉ោ ម៉ែងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥នេះថា គ្មានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចអ្វីដែលអ្នកបារម្ភ បានលើកឡើងនោះទេ គឺលោកគ្រាន់តែចង់ឲ្យទីនោះ មានភាពអ៊ូរអរ និងគ្មានបរិស្ថានកខ្វក់ ដូចកាលពីមុនប៉ុណ្ណោះ។ លោកថា កន្លែងលក់នោះ ជាកន្លែងនៅតាមចិញ្ចើមផ្លូវ សារធារណៈមែន តែគេបើកលក់ តែពេលយប់ប៉ុណ្ណោះ។ ម្យ៉ាងទៀតលោកថា គ្មានសិស្សានុសិស្សណា ទៅសាលារៀនពេលយប់ឡើយ។ លោកបានបញ្ជាក់ ដោយប្រើសំដីខ្លាំងៗថា៖ «ខ្ញុំសួរ បើថា ប៉ះពាល់ដល់សិស្ស តើសិស្សទៅរៀនយប់ឬ?»។
អភិបាលក្រុងខាងលើ បានបន្ថែមដោយចោទប្រកាន់ ទៅលើនាយកសាលា ព្រះសង្ឃ និងពលរដ្ឋថា ការបារម្ភ និងការហាមឃាត់ មិនឲ្យមានការសាង់សង់ តូបអាជីវកម្មនេះ គឺដោយសារអ្នកទាំងនោះ មិនទទួលបានផលប្រយោជន៍។ តែលោកមិនបានប្រាប់ថា អ្នកដែលកំពុងទទួល បានផលប្រយោជន៍ ពីគម្រោងអាជីវកម្មទាំងនោះ ជាអ្នកណានោះទេ។ ទស្សនាវដ្តីមិនអាចលុំការបំភ្លឺ ពីលោកនាយកសាលា អៀរ លំអង បានទេ នៅថ្ងៃសៅរ៍ទី១១ ខែកក្កដានេះ ដោយទូរស័ព្ទរបស់លោកបានបិទ។
គួររំលឹកថា មកដល់ពេលបច្ចុប្បន្ន ទីតាំងតាមបណ្តោយផ្លូវសាធារណៈ ក្នុងភូមិបាលិលេយ្យទីមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងរបងវត្ត និងសាលាបឋមសិក្សានោះ សាងសង់តូបលក់ដូរ តម្លើងដោយគ្រឿងដែក បានជាង១០តូបរួចហើយ ដោយគ្មានការឃាត់ឃាំង ពីអាជ្ញាធរមូលដ្ឋាននោះឡើយ៕