អង់គ្លេស៖ នាងទៅកំដរកូនក្រមុំ តែត្រូវកូនកម្លោះវាយប៉ោងភ្នែក
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៧ មករា ២០១៦
- កែប្រែចុងក្រោយ: January 07, 2016
- ប្រធានបទ: ហិង្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាពាហ៍ពិពាហ៍ ជាព្រឹត្តិការណ៍មួយ ដែលមានសុភមង្គលជាងគេ នៅក្នុងជីវិតឬ? មិនពិតជាអញ្ចឹងទេ ជាពិសេសសម្រាប់នាង នីកូឡា កំប៊ែល (Nicola Campbell) ដែលរស់នៅក្នុងក្រុង «Macclesfield» ភាគកណ្ដាលនៃចក្រភពអង់គ្លេស។ ហេតុការណ៍ ត្រូវបានសារព័ត៌មាន «The Daily Mirror» យកមកធ្វើជាសេចក្ដីរាយការណ៍ ពីករណីដែលស្វាមីរបស់នាង នីកូឡា បានប្រើកម្លាំងបាយ វាយតប់ទៅលើមនុស្សស្រីពីរនាក់ ដែលមានវត្តមានក្នុងពិធីមង្គលការ ដើម្បីតែសុភមង្គលរបស់នាង និងស្វាមី។
រឿងហេតុ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំទៅម៉ិញ នៅក្នុងពិធីរៀបមង្គលការ របស់យុវជន ចនផូល កំប៊ែល (John Paul Campbell) ជាមួយនឹងនាង នីកូឡា ដៃគូម្ចាស់ស្នេហ៍ ដ៏យូរខែឆ្នាំរបស់លោក។ ក្នុងពេលនោះ នៅកណ្ដាលទីលានចតរថយន្ដ លោក កំប៊ែល បានវាយដោយកណ្ដាប់ដៃធ្ងន់ៗ ទៅលើស្ត្រីអ្នកកំដរកូនក្រមុំរបស់ខ្លួន ចំនួនពីរនាក់ ក្នុងនោះមានម្នាក់ នាង សាមនថា ឌីវ៉ារ (Samantha Dewar) ដែលជាមិត្តស្រីចិត្តមួយថ្លើមមួយ របស់ភរិយាលោកនោះផង បានរងគ្រោះ រហូតបាក់ឆ្អឹងថ្ពាល់។
នៅចំពោះលោករាជអាជ្ញារ «Debbie Bryne» នៃតុលាការក្រុង «Macclesfield» កាលពីប៉ុន្មានថ្ងៃមុន លោក កំប៊ែល បានសារភាពថា លោកពិតជាមានកំហុស ក្នុងការប្រើប្រាស់កម្លាំងបាយ និងបង្ករបួសស្នាមដោយចេតនា ទៅជនរងគ្រោះទាំងពីរ។ ប៉ុន្តែសាលក្រម ដែលនឹងសម្រេចផ្ដន្ទាទោស ទៅលើស្វាមីថ្មីថ្មោងរូបនេះ នឹងត្រូវប្រកាសឲ្យដឹង នៅក្នុងថ្ងៃខាងមុខ។
លោករាជអាជ្ញា បានប្រកាសឡើងថា៖ «ដំបូងឡើយ ស្ត្រីម្នាក់ (អ្នកកំដរទីមួយ របស់កូនក្រមុំ) បានបំពានទៅលើលោក កំប៊ែល ធ្វើឲ្យលោក កំប៊ែល បានវាយនាងនោះតបទៅវិញ។ បន្ទាប់មក នាង សាមនថា បានទៅស្រែកឲ្យលោក ទើបលោក កំប៊ែល បានងាកត្រឡប់ មកវាយជាច្រើនដៃ ចំកណ្ដាលមុខនាង សាមនថា ទាំងនាងមិនដឹងខ្លួនជាមុន។»
ស្ត្រីអ្នកកំដរកូនក្រមុំ នាង សាមនថា ឌីវ៉ារ វិញ បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសដដែលថា នាងបានស្គាល់ភរិយាលោក កំប៊ែល តាំងពីរៀននៅសាលាបថមសិក្សា និងអះអាងថា គឺរូបនាងនេះហើយ ដែលបានជួយរៀបចំមង្គលការ ឲ្យអ្នកទាំងពីរ។ នាងនិយាយថា៖ «តាំងពីកើតរឿងហេតុនោះមក យើងលែងទាក់ទងគ្នាសោះតែម្ដង។ ជារឿង មិនគួរឲ្យជឿបានសោះតែម្ដង។ ខ្ញុំបានបាត់បង់ មិត្តចិត្តមួយថ្លើមមួយរបស់ខ្ញុំ។»
នាង សាមនថា បានរៀបរាប់ទៀតថា៖ «មនុស្សទាំងអស់គ្នា បានមកចូលរួមដើម្បីសប្បាយ ក្នុងពិធីដ៏មានសុភមង្គលនោះទាំងអស់គ្នា ហើយរឿងហេតុនេះ បានកើតឡើង នៅកណ្ដាលចំណតរថយន្ដ នៅវេលាយប់។ ពេលនោះ ខ្ញុំអត់ទាំងបានដឹងខ្លួន ថាមានកណ្ដាប់ដៃ បានវាយសំដៅមកខ្ញុំនោះផង។ រឿងមួយដែលខ្ញុំនៅចាំបាន គឺខ្ញុំដឹងខ្លួនឡើង ខណៈខ្លួនកំពុងដេកនៅលើដី។ ខ្ញុំឈឺខ្លួនខ្លាំងណាស់។ ខ្ញុំបើកភ្នែកអត់រួច ហើយខ្ញុំលែងដឹងថា មុខខ្ញុំឡើងប៉ោងហើេមនោះទេ។»
អតីតមិត្តចិត្តមួយថ្លើមមួយ របស់ភរិយាជនដៃដល់ បានបញ្ចប់សេចក្ដីថា៖ «ពីថ្ងៃនេះទៅ ខ្ញុំលែងទុកចិត្តនរណាទាំងអស់។ ខ្ញុំភ័យខ្លាចណាស់ នៅពេលចេញដើរនៅខាងក្រៅ ឬនៅផ្ទះតែម្នាក់ឯង។»៕