បើគ្រាប់បែកនុយក្លេអ៊ែរកូរ៉េខាងជើង ធ្លាក់ចំភ្នំពេញ តើនឹងមានអ្វីកើតឡើង?
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៨ មករា ២០១៦
- កែប្រែចុងក្រោយ: January 09, 2016
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកផងស្វាគមន៍ បុណ្យចូលឆ្នាំថ្មី ដោយការបាញ់កាំជ្រួចជ្វាលា ឬការរាំកំសាន្ដជុំគ្នា។ ដោយឡែក ប្រទេសកូរ៉េខាងជើង បានជ្រើសរើសការស្វាគមន៍ឆ្នាំថ្មី ដោយការសាកល្បង បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H (ពាក្យកាត់ពី អ៊ីឌ្រូសែន /Hydrogène)» កាលពីថ្ងៃពុធទី៦ ខែមករាកន្លងទៅ។ ប៉ុន្តែមកដល់ម៉ោងនេះ គ្មាននរណាម្នាក់អះអាង ជំនួសប្រទេសកុម្មុយនីសមួយនេះ ថាវាពិតជាគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H» ដែលមានកម្លាំងផ្ទុះ យ៉ាងហោច១០០០ដង ខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរធម្មតា (ជាឧទាហរណ៍គ្រាប់បែកនុយក្លេអ៊ែរ ដែលទម្លាក់នៅប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២) នោះទេ។
បើតាមវិទ្យាស្ថានភូមិសាស្ត្រអាមេរិក កម្លាំងរញ្ជួយនៅពេលសាកល្បង បំផ្ទុះគ្រាប់បែករបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ មានកម្រិតប្រមាណជា ៥,១ រិចទ័រ។ កម្រិតនេះ ធ្វើឲ្យអ្នកជំនាញជាច្រើន ត្រូវបានសារព័ត៌មានអង់គ្លេស«DailyMail» ស្រង់សំដីមកអះអាងថា មិនមែនជាគ្រាប់បែកប្រភេទ«H»ទេ តែជាគ្រាប់បែកប្រភេទ«A» ដែលជាជំហានដំបូង ឈានទៅផលិតគ្រាប់បែកប្រភេទ «H»។ ក្នុងចំណោមគ្រាប់បែក ដែលប្រទេសកូរ៉េខាងជើង បានសាកល្បង គ្រាប់បែកដែលមានកម្លាំងខ្លាំងជាងគេ ត្រូវបានគេរំពឹងថា មានកម្លាំងផ្ទុះ ត្រឹមពី៦ ទៅ៧គីឡូតោនប៉ុណ្ណោះ។
គ្រាប់បែកប្រភេទ«H» នឹងបង្កគ្រោះមហន្តរាយធំធេង មិនអាចប៉ាន់ស្មានបាន ប្រសិនជាវាត្រូវបានគេទម្លាក់ នៅលើតំបន់ដែលមានមនុស្សរស់នៅ។ គ្រាប់បែកប្រភេទនេះ ដែលធ្លាប់ត្រូវបានសាកល្បងតែម្ដងគត់ ដោយអតីតសហភាពសូវៀត គឺគ្រាប់បែកដែលមានឈ្មោះថា «Tsar Bomba»។ គ្រាប់បែក របស់អតីតប្រទេសកុម្មុយនីសនេះ មានកម្លាំងផ្ទុះ៥០មេហ្គាតោន ដែលមានកម្រិត៣០០០ដង ខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរអាមេរិក ដែលទម្លាក់នៅក្រុង ហ៊ីរូស៊ីមា (ប្រទេសជប៉ុន) និងដែលធ្វើឲ្យមានមនុស្សស្លាប់ ដល់ទៅជាង ១៤០ ០០០នាក់ ក្នុងសង្គ្រាមលោកលើកទី២។
ប្រសិនបើ...
ចុះត្រឹមតែគ្រាប់បែកប្រភេទ«A» របស់ប្រទេសកូរ៉េខាងជើង ដែលបានសាកល្បងកាលពីថ្ងៃពុធនេះ នឹងបង្កវិនាសកម្មដល់កម្រិតណា ប្រសិនជាវាត្រូវបានទម្លាក់ ចំកណ្ដាលរដ្ឋធានីធំៗ ដែលសម្បូរដោយមនុស្សរស់នៅនោះ? គ្មាននរណាអាចដឹងបានពីតួរលេខពិតប្រាកដនោះទេ។ តែសារព័ត៌មានអង់គ្លេស «DailyStar» បានធ្វើការវាស់វែង ពីទំហំគ្រោះមហន្តរាយនេះ ដោយគិតពីកម្លាំងផ្ទុះ និងបរិមាត្រដែលកើតឡើង ជុំវិញចំណុចផ្ទុះរបស់គ្រាប់បែក។ សារព័ត៌មានបានបន្ថែមការប៉ាន់ប្រមាណ នូវតួលេខព្រឺរោមមួយចំនួន ដែលកើតចេញ ពីការសាកល្បងគ្រាប់បែក របស់ប្រទេសកូរ៉េខាងជើង ដូចខាងក្រោម៖
- ដុំភ្លើងជាច្រើន ដែលផ្ទុះចេញពីគ្រាប់បែក អាចមានទំហំរហូតដល់ ៧០០ម៉ែត្រការេ ជុំវិញចំណុចផ្ទុះ។
- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យជីវិតមនុស្សសត្វស្លាប់ភ្លាម នៅនឹងកន្លែង មានផ្ទៃក្រឡាប្រមាណជា ២,៥គីឡូម៉ែត្រការេ។
- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យជីវិតមនុស្សសត្វស្លាប់ នៅក្នុងប៉ុន្មានថ្ងៃខាងមុខ មានផ្ទៃក្រឡាលាតសន្ធឹង បន្តពីផ្ទៃក្រឡាខាងលើ ប្រមាណ៣,៥គីឡូម៉ែត្រការេ។
- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យមនុស្សសត្វត្រូវរលាក រលះរលួយខ្លួន ឬដាច់ដៃដាច់ជើងនោះ មានផ្ទៃក្រឡាលាតសន្ធឹង បន្តពីផ្ទៃក្រឡាខាងលើ ប្រមាណ៨,៨គីឡូម៉ែត្រការេ។
- សារជាតិវិទ្យុសកម្ម ដែលធ្វើឲ្យខ្លួនមនុស្សសត្វត្រូវរោលខ្លួន ដូចត្រូវភ្លើង មានផ្ទៃក្រឡាលាតសន្ធឹង បន្តពីផ្ទៃក្រឡាខាងលើ ប្រមាណ២៨គីឡូម៉ែត្រការេ បន្ថែមទៀត។
តួលេខប៉ាន់ប្រមាណ នៃការស្លាប់របួសមនុស្ស របស់រដ្ឋធានីធំៗមួយចំនួន
តួលេខខាងក្រោមនេះ ត្រូវបានគណនាចេញ ពីដង់ស៊ីតេ នៃចំនួនមនុស្សរស់នៅ កណ្ដាលរដ្ឋធានីធំមួយចំនួន ប្រសិនជាគ្រាប់បែកនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ធ្លាប់ចំ៖
- ប៉ារីស (ប្រទេសបារាំង) ស្លាប់ ១៦១ ៥៥០នាក់ និងរបួស ៥០៦ ៥១០នាក់។
- ប៊ែកឡាំង (ប្រទេសអាល្លឺម៉ង់) ស្លាប់ ៤៤ ៤២០នាក់ និងរបួស ១៧៣ ៤៤០នាក់។
- ឡុងដ៍ (ប្រទេសអង់គ្លេស) ស្លាប់ ៥៩ ៥០០នាក់ និងរបួស ២៧៤ ៦៩០នាក់។
- សេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ស្លាប់ ១១០ ៨៥០នាក់ និងរបួស ៣១៤ ៦៧០នាក់។
- តូក្យូ (ប្រទេសជប៉ុន) ស្លាប់ ១០៩ ៤០០នាក់ និងរបួស ៣៤៣ ៥៣០នាក់។
- ក្រូងញ៉ូយក (ប្រទេសអាមេរិក) ស្លាប់២៣៩ ៦៨០នាក់ និងរបួស ៥៤៦ ៦៦០នាក់។
- ក្រុងឡូសអេនជឺឡេស (ប្រទេសអាមេរិក) ស្លាប់ ៩៥ ៤២០នាក់ និងរបួស ១៥៩ ០៤០នាក់។
- ប៉េកាំង (ប្រទេសចិន) ស្លាប់ ៨៧ ៦៧០នាក់ និងរបួស៣៦២ ១២០នាក់។ គួររំលឹកដែរថា ប្រទេសចិនជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រ របស់ប្រទេសកូរ៉េខាងជើង។
- ម៉ូស្គូ (ប្រទេសរ៉ូស្ស៊ី) ស្លាប់ ៧៤ ២៧០នាក់ និងរបួស ២២៦ ២៧០នាក់។
- ញូដេល្លី (ប្រទេសឥណ្ឌា) ស្លាប់ ១៨៥ ៧៥០នាក់ និងរបួស ៦២៤ ២៦០នាក់៕