ការបង្ក្រាបដោយ«ហិង្សា»របស់អាជ្ញាធរ នៅតែបន្តទៅលើអ្នកតវ៉ារឿងដីធ្លី
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១៤
- កែប្រែចុងក្រោយ: August 28, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋមានជម្លោះដីធ្លី មកពីខេត្តក្រចេះ ខេត្តត្បូងឃ្មុំ រួមទាំងប្រជាសហគមន៍៣៤៧ ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានហែញត្តិចេញដំណើរពីវត្តសាមគ្គីរង្សី ឆ្ពោះទៅរដ្ឋសភា និងទៅភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជិតវិមានឯករាជ្យ។ ការហែញត្តិនេះ ដើម្បីស្នើសុំជួយអន្តរាគមន៍ បញ្ហាជម្លោះដីធ្លី និងស្នើរឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅអជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិដី ជូនពួកគាត់ដែលបានរស់នៅតាំងពីឆ្នាំ១៩៧៩មក។
ដំណាលគ្នានេះដែរ ខាងសហគមន៍បឹងកក់ ក៏បានបានប្រមូលផ្តុំគ្នា នៅពីមុខក្រុមហ៊ុន HLH ដើម្បីអោយ ក្រុមហ៊ុនមួយនេៈបញ្ឈប់ការ«បញ្ជា»ទិញដី នៅតំបន់អភិវឌ្ឍន៏បឹងកក់ ដែលកំពុងមានជម្លោះ ហើយនៅមិនទាន់មានការដោះស្រាយនៅឡើយនោះ។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ កន្លងមក អ្នកមានជម្លោះដីធ្លី បានដាក់ញត្តិនៅគណៈកម្មការចម្រុះដោះស្រាយវិវាទដីធ្លី នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំអន្តរាគមន៍ ពិនិត្យនៅទីតាំងជម្លោះផ្ទាល់ និងកោះហៅមន្ត្រីពាក់ព័ន្ធមកធ្វើការសួរ។ តែមកទល់ថ្ងៃទី១៨ ខែសីហានេះ នៅមិនមានកិច្ចអន្តរាគមន៍ ឬផ្តល់នូវចម្លើយក្នុងការដោះស្រាយនោះនៅឡើយ។
គួកត់សម្គាល់ដែរថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ សុរិយោដីខេត្ត បានចេញសេចក្តីសម្រេចកាត់ដីទំហំ៧៥០ហិកតា នៅស្រុកស្នួលខេត្តក្រចេះ ដាក់ជាដី«រដ្ឋ» ដែលផ្ទុយនឹងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធា្លប់បានបញ្ជាក់ថា ដីទំហំខាងលើនេះ ត្រូវកាត់ទៅឲ្យអ្នកតវ៉ាជាង៤០០គ្រួសារ ដើម្បីបញ្ចប់ជម្លោះ។ មូលហេតុនេះហើយ ដែលជាបញ្ហានាំឲ្យប្រជាពលរដ្ឋទាំងនោះ បន្តការតវ៉ារបស់ខ្លួនរហូតមកដល់ភ្នំពេញនេះ។
ដោយឡែកលោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ ក៏ធ្លាប់បានលើកបញ្ជាក់កាលពីពេលកន្លងមកថា ជម្លោះដីធ្លីក្នុងខេត្តរបស់លោក បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ របស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ។ លោកបានចាត់ទុកខ្លួនលោក ថាជាថ្នាក់មូលដ្ឋាន មិនមានភាពពាក់ព័ន្ធតទៅទៀតឡើយ។ លោកបន្តថា ករណីខាងលើនេះ គឺជាការប្ដឹងទាស់ដោយភាគីក្រុមហ៊ុនចំការកៅស៊ូ អឺរ៉ាយហ្សិន ទៅលើប្រជាពលរដ្ឋ។
ម៉ោងជាង៩នាទីព្រឹកថ្ងៃទី១៨ ខែសីហា នេះ តំណាងរាស្រ្តបីរូប មកពីគណបក្សសង្គ្រោះជាតិ ក្នុងនោះមានលោក សុន ឆៃ បានទទួលយកញ្ញត្តិពីប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយហើយ។ ចំណែកខាងគណបក្សប្រជាជនកម្ពុជា មិនឃើញចេញមកទទួលទេ។ លោកសន្យាក្នុងនាមជាតំណាងរាស្រ្តថា លោកនឹងបន្តតាម និងជួយស្វែងរកដំណោះស្រាយ ជូនពលរដ្ឋរងគ្រោះទាំងអស់។ លោក សុន ឆ័យ បានបញ្ជាក់យ៉ាងថា៖ «តំណាងប្រជាពលរដ្ឋ ត្រូវតែការពារប្រជាពលរដ្ឋ។ (....) រាល់ការតវ៉ារបស់ប្រជាពលរដ្ឋ ត្រូវតែមានការដោះស្រាយ តាមរយៈក្រុមចម្រុះគណបក្សនយោបាយចុះដល់ទីកន្លែង។ (...) ពិនិត្យមើលពីការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុនទាំងនោះ រួមទាំងមន្រ្តីមូលដ្ឋានខិលខូចមួយចំនួន។ (...) បើមានរដ្ឋសភាតំណាងរាស្រ្ត ហើយគ្មានការដោះស្រាយបញ្ហាជូនរាស្រ្ត មិនចាំបាច់មានរដ្ឋសភាធ្វើអ្វីទេ។»
បញ្ហានេះសម្រាប់មេបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្មីៗនេះ ធ្លាប់បានអះអាង និងធានាថា លោកនឹងធ្វើការកោះហៅ អភិបាលខេត្តក្រចេះ មកសួរនាំជាសាធារណៈ នៅចំពោះមុខរដ្ឋសភា ពាក់ព័ន្ធនឹងករណី ជម្លោះដីធ្លីក្នុងស្រុកស្នួល ខេត្តក្រចេះនេះដែរ។
ការទាមទារ និងការហែរញត្តិរបស់ប្រជាពលរដ្ឋទាំងនេះ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ត្រូវបានរារាំង និងរំខានពីសំណាក់ក្រុមសន្តិសុខខណ្ឌ រួមទាំងកម្លាំងចម្រុះរបស់ជាតិនោះផង។ ក្រុមសមត្ថកិច្ចទាំងនោះត្រូវបានគេមើលឃើញថា បានប្រើប្រាស់អំពើ«ហឹង្សា» បង្ក្រាបមកលើក្រុមអ្នកហែរញាត្តិ ពេលដែលការដង្ហែក្បួនបានមកដល់ផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការបង្ក្រាបដោយដំបងឆក់ នៃក្រុមសន្តិសុខទាំងនោះ បានបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនធំ រងរបួស ក្នុងនោះក្មេងប្រុសម្នាក់ (អាយុប្រហែលក្រោមបីឆ្នាំ) ត្រូវបានឆក់រហូតដល់សន្លប់៕