ក្រឡាប់រថយន្ដក្នុងល្បឿនជាង ៣០០គ.ម/ម៉ោង តែមិនស្លាប់ (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង នៅក្នុងការប្រណាំងរថយន្ត ក្នុងរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ខែវិច្ឆិកាកន្លងទៅ។ អ្នកបើកបរបានបាត់ការត្រួតពិនិត្យ ទៅលើរថយន្ដរបស់ខ្លួន ដែលបានក្រឡាប់បង្វិលខ្លួនជាច្រើនត្រឡប់ មុននឹងត្រូវរួញខ្លួននៅលើវាលខ្សាច់។ តែផ្ទុយពីគ្រោះថ្នាក់ដ៏ខ្លាំងនេះ អ្នកបើកបរយានយន្ដបានរងរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយត្រូវបានការពារ ដោយប្រព័ន្ធប្រឆាំងការប៉ះទង្គិច ទៅនឹងកម្លាំងខ្លាំងបែបនេះ។
រូបភាពផ្ដិចចេញពីវីដេអូក្រឡាប់រថយន្ដនោះ។
ទស្សនីយភាពរន្ធត់ - លោក ប្រាយអេន ជីលេស្ប៉ាយ (Brian Gillespie) គួរតែត្រូវបានចាត់ទុកថា ជាបុរសដែលមានសំណាងជាងគេ ក្នុងពិភពលោក និងនៅក្នុងពិភពប្រណាំងយានយន្ដ។ លោកមានអាយុ៥៥ឆ្នាំ ហើយបាននៅរស់រានមានជីវិត បន្ទាប់ពីរថយន្ដប្រណាំងរបស់លោក ត្រូវបានបោកខ្លួនក្រឡាប់ជាច្រើនជុំ ដែលអ្នកផងមើលទៅជាផ្ទាំងទស្សនីយភាពដ៏រន្ធត់មួយ នៃការប្រណាំងយានយន្ដល្បឿនលឿង នៅកណ្ដាលវាលខ្សាច់នៃរដ្ឋកាលីហ្វ័រនី។
រូបភាពនៅក្នុងវីដេអូ នឹងធ្វើឲ្យអ្នកទស្សនាអត់ទ្រាំមិនស្ងើបមិនបាន។ នៅពេលដែលយានយន្ដរត់ហួសពីល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង អ្នកកាន់ចង្កូតរបស់វាបានបាត់ការត្រួតពិនិត្យទៅលើរថយន្ដរបស់ខ្លួន ដែលធ្វើឲ្យរថយន្ដនេះងាកខ្លួនមកចំហៀង មុននឹងចាប់ផ្ដើមក្រឡាប់ខ្លួនច្រើនជាង ១០ត្រឡប់។ រថយន្ដបានបំបែកខ្លួន ជាបំណែកៗ ហើយបានឈប់ស្ងៀមនៅមួយកន្លែង នៅក្នុងផ្សែងដ៏ខ្មួលខ្មាញ់។
អ្នកបើកបរនៅកម្រើកបាននៅឡើយ ...
ដោយសារតែប្រព័ន្ធការពារការប៉ះទង្គិចទៅនឹងកម្លាំងខ្លាំង ត្រូវបានបំពាក់នៅក្នុងរថយន្ដប្រណាំង ដើម្បីជួយដល់អ្នកបើកបរមិនឲ្យមានគ្រោះថ្នាក់អ្វីជាធំដុំនោះឡើយ។ អ្នកបើកបរ លោក ប្រាយអេន ត្រូវបានដឹកជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ តាមឧទ្ធម្ភាគចក្រ តែលោករងគ្រោះសើរស្បែកតែបន្តិចបន្តួចប៉ុណ្ណោះ៕
សូមទស្សនាវីដេអូពីព្រឹត្តិការណ៍នេះ ដូចតទៅ៖
--------------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ