ពេទ្យចម្លងអេដស៍នៅឃុំរកា ខេត្តបាត់ដំបង ជាប់ពន្ធនាគារ២៥ឆ្នាំ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 04, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក យ៉ែម ជ្រិន ជាគ្រូពេទ្យប្រចាំភូមិរកា ឃុំរការ ស្រុកសង្កែ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចបន្ធូរបន្ថយទោស ពីជាប់ពន្ធនាគារ «មួយជីវិត» មកនៅត្រឹមទោស ក្នុងពន្ធនាគារ២៥ឆ្នាំ។ លោកត្រូវបានជាប់ចោទ ថាបានចាក់ថ្នាំចម្លងជំងឺអេដស៍ ដល់ប្រជាពលរដ្ឋក្នុងភូមិ។
ប្រធានចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសសាលក្រម ដោយធ្វើការប្តូរបទចោទប្រកាន់ ពីមាត្រា២០៥ មកមាត្រា២១៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកស្រី យិច ឈាណាវី ប្រធានចៅក្រមជំនំជម្រះ បានធ្វើការអះអាងថា កាប្តូរបទចោទនេះ ក្រោមហេតុផល នៃការសារភាពរបស់លោក យ៉ែម ជ្រិន ដែលបានសារភាពថា ខ្លួនមិនមានអនាម័យ ក្នុងការព្យាបាលអ្នកជំងឺ។
លោក ឯម សុវណ្ណ ជាមេធាវីការពារលោក យ៉ែម ជ្រិន បានលើកឡើងថា លោកអាចទទួលយកបាន នូវការសម្រេចសេចក្តី តាមរយៈការប្តូរបទចោទ របស់ចៅក្រមនាពេលនេះ។ លោកអះអាងថា ក្នុងអាជីពជាគ្រូពេទ្យ របស់កូនក្តីលោក ជាង២០ឆ្នាំមកនេះ មិនដែលមានចេតនា ក្នុងការចម្លងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋនោះឡើយ។ ចំពោះការប្តឹងឧទរណ៍ ឬយ៉ាងណានោះ អាស្រ័យលើកូនក្តីរបស់លោក។
ជនជាប់ចោទ លោក យ៉ែម ជ្រិន ធ្លាប់ថ្លែងក្នុងសវនាការ នាពេលកម្លងមកថា លោកជាគូពេទប្រចាំភូមិ។ លោកមានចេតនាតែមួយគត់ ចង់ព្យាបានអ្នកជំងឺ ឲ្យជាសះស្បើយតែប៉ុណ្ណោះ។ លោកគ្មានចេតនាណាមួយ ដើម្បីចម្លងជំងឺអេដស៍ ដល់អ្នកភូមិលោកឡើយ។ លោកធ្លាប់បានថ្លែងដូច្នេះថា «អ្នកជំងឺជាសេះស្បើយ ខ្ញុំសប្បាយចិត្ត ដូចដកបន្លា ចេញពីទ្រូងអញ្ចឹង។ (...) តាំងពីធ្វើគ្រូពេទ្យក្នុងភូមិ ខ្ញុំមិនដែរមានទំនាស់ ជាមួយអ្នកជិតខាងទេ។»។
ក្រៅពីដើមបណ្តឹង ចំនួន៨៥នាក់ ក្នុងចំណោម១២០នាក់ នៅមានសាក្សី «ដាក់បន្ទុក» ចំនួន១០នាក់ផ្សេងទៀត ដូចជាអ្នកជំនាញ មកពីក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្រុក, ប្រធានមន្ទីរសុខាភិបាលខេត្ត និងអ្នកជំនាញពាក់ព័ន្ធនានាជាដើម សុទ្ធិតែបានអះអាងថា គ្រូពេទ្យប្រចាំភូមិរូបនេះ ពិតជាបានចាក់ថ្នាំ ខុសវិជ្ជាជីវៈពេទ្យ និងពុំមានអនាម័យ។ យ៉ាងណា សាក្សី «ដោះបន្ទុក» ដែលភាគច្រើនជាក្រុមគ្រួសារ និងសាច់ញាតិ បានបដិសេធចោល នូវរាល់ការចោទប្រកាន់ទាំងនោះ។
សូមបញ្ជាក់ថា មុននឹងមានការសម្រេចផ្តន្ទាសទោស លើគ្រូពេទ្យរូបនេះ សាលាដំបូងខេត្ត បានបើកសវនាការសួនាំ ដេញដោលអស់រយៈប្រាំថ្ងៃ ដោយបានចាប់ផ្តើម ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។ ហើយត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចប្រកាសសាលក្រម និងផ្តន្ទាទោស ជនជាប់ចោទជាគ្រូពេទ្យខាងលើ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ។
យោងតាមមាត្រា២១៥ នៃក្រមព្រហ្មទណ្ឌ ចែងថា បទឧក្រិដ្ឋដែលមានចែង ក្នុងមាត្រា២១០ (បទទារុណកម្ម និងអំពើឃោរឃៅ) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ កាលបើបទឧក្រិដ្ឋនេះ បណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនា ឬនាំឲ្យមានអត្តឃាតរបស់ជនរងគ្រោះ។
ឯមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌដដែលនេះ បានចែងថា បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ឃាតកម្មដែលកើតឡើង ក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃៅឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។
ដោយឡែកតាមច្បាប់ ស្តីពីការបង្កា និងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ មាត្រា១៨ បានចែងថា ហាមឃាត់ដាច់ខាត ចំពោះអ្នកដឹងថា ខ្លួនមានមេរោគអេដស៍/ជំងឺអេដស៍ ទៅប្រព្រឹត្តក្នុងចេតនាចម្លងទៅអ្នកដទៃ។ និង មាត្រា៥០ ចែងថា ជនល្មើសនឹងមាត្រា១៨ នេះ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
សូមរំលឹកថា នាចុងឆ្នាំ២០១៤ ប្រជាពលរដ្ឋនៃភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងចំនួនជិត ៣០០នាក់ បានឆ្លងមេរោគអេដស៏ ក្រោយការចាក់ថ្នាំ ដោយគ្រូពេទ្យប្រចាំភូមិឈ្មោះ យ៉ែន ជ្រិន។ លោកគ្រូពេទ្យរូបនេះ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ចំនួនបីបទល្មើស។ ក្នុងនោះរួមមាន បទឃាតកម្មអំពើឃោរឃៅ (មាត្រា ២០៥) នៃក្រមព្រហ្មទណ្ឌ។ ការប្រព្រឹត្តចម្លងមេរោគដេស៍ ទៅអ្នកដទៃ (មាត្រា១៨ និងមាត្រា៥០ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍) និងបទធ្វើអាជីវកម្មពេទ្យ ដោយគ្មានការអនុញ្ញាត។
យ៉ាងណា អ្នកភូមិរកាប្រមាណជាង៣០០នាក់ បានឆ្លងមេរោគអេដស៍ អំឡុងដើមខែធ្នូ ឆ្នាំ២០១៤។ មនុស្សជាង១០នាក់ បានស្លាប់ដោយសាតែឆ្លងជំងឺអេដស៍នេះ។ ភាគច្រើននៃអ្នកដែលបានស្លាប់ ដោយឆ្លងជំងឺអេដស៍ ជាមនុស្សចាស់ ក្នុងនោះមានស្ត្រី៦នាក់ និងបុរស៤នាក់៕