រតនគីរី៖ បន្ទាប់ពីកំទេចទ្វាតុលាការរួច ពលរដ្ឋមកប្ដឹងឧទ្ធរណ៍វិញ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 04, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែធ្នូម្សិលម៉ិញនេះ ប្រជាពលរដ្ឋប្រមាណជាង១៥០នាក់ បានយល់ព្រមដកថយ ចេញពីមុខតុលាការខេត្តរតនគិរី ហើយឆ្ពោះមកស្នាក់ការអង្គការ ADHOC ដើម្បីបន្តការតវ៉ាប្តឹង ទៅសាលាឧទ្ធរណ៍ និងក្រសួងយុត្តធម៌។
សូមរំលឹកថា កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៥ ម៉ោងជាងមួយរសៀល ប្រជាពលរដ្ឋប្រមាណ១៥០នាក់ បានផ្ទុះហិង្សា កម្ទេចទ្វារតុលាការខេត្តរនគិរី។ បន្ទាប់មកនាំគ្នា សម្រុកចូលតុលាការនេះ ដើម្បីតាមរកតំណាងរបស់ពួកគាត់់បីនាក់ ដែលតុលាការចាប់យកទៅដាក់ពន្ធនាគារ ក្នុងពេលសវនាការ រឿងជម្លោះដីធ្លីដីធ្លី១៨៦ហិកតា។
តាមគណនីហ្វេសប៊ុក លោក ឆាយ ធី មន្រ្តីប្រចាំការអង្គការ ADHOC ខេត្តរតនគិរី បានសរសេរថា ប្រជាពលរដ្ឋទាំងអស់ មិនសុខចិត្តនឹងការចាប់ខ្លួន តំណាងប្រជាពលរដ្ឋបីរូប ពីសំណាក់តុលាកាខេត្តនេះឡើយ។ លោកបានអះអាង តាមការលើកឡើង របស់អ្នកភូមិទាំងនោះថា តំណាងពួកគាត់បីនាក់ ត្រូវបាន«បាត់ខ្លួន»ភ្លាមៗ បន្ទាប់ពីចប់សវនាការ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។
តំណាងពលរដ្ឋទាំងបី ដែលបានបាត់ខ្លួន មានឈ្មោះ ជ្រឹង ទូច - អែម ចាន់, និងឈ្មោះ សូទ្រ សឿន។ មន្រ្តីសិទ្ធិមនុស្សខាងលើ បានសរសេរបន្តថា កិច្ចប្រជុំបន្ទាន់មួយ នាព្រលប់ថ្ងៃទី២ ខែធ្នូ នេះ ត្រូវបានធ្វើឡើង រវាងប្រជាពលរដ្ ឋជាមួយលោក យឹម ផែន អភិបាលរងខេត្តរតនគិរី, លោកសួស ឡា ប្រធានតុលាការខេត្តរតនគិរី, លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី, និងរូបលោកផ្ទាល់ (ឆាយ ធី) ដែលជាមន្រ្តីអង្គការ ADHOC ខេត្តរតនគិរី ដើម្បីស្វែងរកដំណោះស្រាយ ជូនពលរដ្ឋ។
តុលាការសាលាដំបូង ខេត្តរតនគីរី បានជំនុំជម្រះទោល និងសម្រេចឃុំខ្លួនតំណាងពលរដ្ឋចំនួនបីនាក់ ដោយចោទប្រកាន់ ពីបទរំលោភកាន់កាប់ អចលនវត្ថុអ្នកដទៃ។ ពូកគេទាំងបី (តំណាងពលរដ្ឋ) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបានជម្លៀសខ្លួនពួកគេ ចេញតាមទ្ធារក្រោយ។
តាមប្រភពពីមន្រ្តីសិទ្ធមនុស្សដដែល បានលើកឡើងថា ពលរដ្ឋទាំងអស់នោះ បានអះអាងថា ពួកគេបានកាន់កាប់ និងស្នាក់នៅលើដីទំនាស់នេះ តាំងពីឆ្នាំ២០០៦។ ក្រោយមក លោក ហ៊ាង សុជាតិ បានចេញមុខមកប្តឹង ទៅតុលាការដើម្បីទាមទារយកដី ដែលពួកគាត់រស់នៅនោះទៅវិញ។
ក្នុងកិច្ចប្រជុំបួនភាគី នាព្រលប់ថ្ងៃទី២ ខែធ្នូ ម្សិលម៉ិញនេះ លោក ឆាយ ធី បានបញ្ជាក់ថា លោក សួស ឡា ដែលជាប្រធានសាលាដំបូងខេត្តរតនគីរី បានពន្យល់អំពីនីតិវិធី ដោយប្រាប់ឲ្យប្រជាពលរដ្ឋទាំងនោះ មកដាក់បណ្តឹង ទៅសាលាឧទ្ធរណ៏វិញ។ ព្រោះតំណាងពួកគាត់ទាំងបី ត្រូវបានប្រកាសសាលក្រម ផ្តន្ទាទោសរួចទៅហើយ មិនអាចកែប្រែបាននោះទេ។
លោក សុន សាក់ ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ បានលើកឡើងថា ពួកគាត់មកជួបជុំគ្នាមុខតុលាការ ព្រោះតែតំណាងរបស់លោកបីនាក់ ត្រូវតុលាការកោះ ឲ្យចូលរួមបើកសវនាការ។ លោកបន្តថា តំណាងរបស់ពួកគាត់ ក៏ស្រាប់តែបាត់ឈឹង មិនឃើញចេញមកតាមទ្វាមុខ ដូចធម្មតាទេ។ លុះក្រោយមក ទើបដឹងថា ត្រូវគេនាំចេញតាមទ្វាក្រោយ ដោយតុលាការបានសម្រេច កាត់ទោសពួកគេឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងករណីជម្លោះដីធ្លី ជាមួយប្រជាពលរដ្ឋផ្សេងទៀត។
ពលរដ្ឋរូបនេះបន្តថា សាលាដំបូងខេត្តរតនគិរី បានផ្តន្ទាទោសតំណាងរបស់ពលរដ្ឋទាំងបី តាមមាត្រា ២៤៧, ២៤៨ និង២៥៣ នៃច្បាប់ភូមិបាល។
ដោយឡែកចៅក្រមជំនុំជំរះ អ្នកស្រី ជ័យ មាលា ក៏បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកមួយថា ការចាប់ខ្លួនពលរដ្ឋ៣នាក់នេះ ទាក់ទងនឹងករណីរំលោភ កាន់កាប់អចលនៈទ្រព្យ របស់អ្នកដទៃ ដែលប្ដឹងដោយតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិច១៧គ្រួសារ ដែលមានប្លង់រឹងកាន់កាប់។ អ្នកស្រីថា «យើងចេះតែស្ដាប់ទៅលើអ្វី ដែលគាត់និយាយហ្នឹងថា ហ៊ាង សុជាតិ (ពលរដ្ឋអះអាងថាជាអ្នកជំនួញ) តែនៅពីក្រោយហ្នឹង មាន១៦នាក់ទៀត ដែលប្រជាជនដូចគ្នា ដែលជាជនជាតិដើមភាគតិច ដែលគេមានប្លង់កាន់កាប់ត្រឹមត្រូវ។»
អង្គការលីកាដូ បានចេញរបាយការណ៍មួយ អះអាងថា តំណាងពលរដ្ឋទាំងបីនាក់នោះ ត្រូវបានកោះហៅសាកសួរ តាំងពីដើមខែឧសភា ឆ្នាំ២០១៥មកម្លេះ។ ឯកម្មកររបស់អ្នកជំនួញម្នាក់ ឈ្មោះ ហ៊ាង សុជាតិ បានឈូសឆាយដីរាប់រយហិកតា របស់ពលរដ្ឋរងគ្រោះទាំងនោះ ដោយគ្មានកិច្ចអន្តរាគមន៍ ពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
ទាក់ទងនឹងករណីទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋទាំងនេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ ប្រធានរដ្ឋសភា លោក ហេង សំរិន ធ្លាប់បានធ្វើចំណារ ទៅកាន់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្គេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដោយស្នើឲ្យគណៈកម្មការសិទ្ធិមនុស្សនេះ ជម្រាបជូនលោកអភិបាលខេត្តរតនគិរី ថាតំណាងពលរដ្ឋទាំងបី រស់នៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បានសំណូមពរទៅលោក ឲ្យជួយអន្តរាគមន៍ ដើម្បីដោះស្រាយ ផ្តល់ដីលំនៅដ្ឋាន និងដីចំការ៕