Whitney Houston វិស្នី ហ៊ូស្តុន ត្រូវបានរកឃើញស្លាប់ ក្នុងបន្ទប់
ជាដំណឹងដែលធ្លាក់មកដល់គួរអោយរន្ធត់ និងធ្វើអោយរំជួលពិភពលោក គឺ Whitney Houston វិស្នី ហ៊ូស្តុន ស្ដេចចំរៀង pop ស្រី ជនជាតិអាមេរិកស្បែកខ្មៅ ត្រូវបានគេរកឃើញស្លាប់ នៅថ្ងៃសៅរិ៍ម្សិលមិញ វេលាម៉ោង 15h55 ម៉ោងនៅ Los Angeles (0h55 នៅបារាំង និង 06h55 នៅស្រុកខ្មែរ ថ្ងៃនេះ)។
ម្ចាស់បទ I will always love you ដែលល្បីពេញទាំងពិភពលោក បានលាចាកលោក នៅក្នុងបន្ទប់សណ្ឋាគារ Bevery Hilton, Los Angeles ដែលគាត់ជួលស្នាក់នៅ ខណៈដែលគាត់ត្រូវបានអញ្ជើញអោយចូលរួម ក្នុងរាត្រីស្រមោរសរមួយ នៅមុនការប្រគល់ពានរង្វាន់ Grammy Awards ដ៏ធំមូយ ។ ដំណឹងត្រូវបានផ្សព្វផ្សាយ តាម ទូរទស្សន៍ និងកាសែត ហើយ បានបង្កអោយមាន ភាពរំជួលចិត្តយ៉ាងខ្លាំងមួយ ក្នុងចំណោមអ្នកគាំទ្រ ស្ដេចចំរៀង pop ស្រី រូបនេះ។ គេបានមកជួបជុំគ្នាភ្លាមៗ នៅនឹងមុខ សណ្ឋាគារ ជាមួយនឹងទៀនក្នុងដៃម្នាក់មួយៗ ហើយតាមដានយ៉ាង យកចិត្តទុកដាក់ ពត៌មាន តាម ទូរទស្សន៍ និងកាសែត ក៏ដូចជាការងារខ្លះទៀតដែល ភ្នាក់ងារនគរបាលកំពុងតែធ្វើ នៅនឹងកន្លែង។
ប្រភពដកស្រង់ដោយ CNN TV ពីអ្នកដែលនៅជិតស្និត នឹង វិស្នី ហ៊ូស្តុន គឺអ្នកចំរៀង R&B Ray-J ដែលបានចូលទៅក្នុងបន្ទប់ របស់គាត់ ហើយបានឃើញស្ដេចចំរៀង The Voice នេះបានដួលនៅនឹងក្ដាកំរាល ។ ហើយភ្លាមៗនោះ អ្នកចំរៀង R&B Ray-J ក៏បានរកជំនួយសង្គ្រោះជាបន្ទាន់ តែវាបានយឺតពេលទៅហើយ ។ ប្រភពមួយទៀតដែលដកស្រង់ដោយ ABC TV បានបញ្ជាក់ថា គេបានរកឃើញ វិស្នី ហ៊ូស្តុន ដេកស្លាប់ក្នុងចានងូតទឹកទៅវិញ ។
ពត៌មានទាំងអស់នេះដែលត្រូវបានបង្កើតអោយទៅជាចំងល់ សំរាប់មតិសាធារណៈជនទូទៅ ហើយខាងភ្នាក់ងារនគរបាល បានបដិសេដ្ឋ មិនបញ្ជាក់អ្វី នៅក្នុងដំណើរការស៊ើបអង្កេត នៃការស្លាប់នេះ មុននឹងការពិនិត្យសាកសពដែលនឹងត្រូវបានធ្វើ នៅថ្ងៃច័ន្ទ នេះនោះទេ ។
គេសង្ស័យ លើការស្លាប់របស់ វិស្នី ហ៊ូស្តុន ទៅនឹង ការសេបគ្រឿង ញៀន ដែលទាំងនេះអាចបណ្ដាលមកពីភាពអស់សង្ឃឹម របស់តារាចំរៀង នៅក្នុងជីវិតស្នេហារបស់គាត់ នារយៈពេលចុងក្រោយនេះ។ គួរបញ្ជាក់ថា ថាសចំរៀងរបស់គាត់ត្រូវបានលក់ដាច់ ជាង ៥៥ លានថាស ច្រើនជាងគេក្នុងទស្សវត្តឆ្នាំ ៩០ បើគេគ្រាន់តែរាប់ក្នុងប្រទេស អាមេរិកមួយប៉ុណ្ណោះ ៕