អ្វីទៅ ជាអត្ថន័យនិងសារសំខាន់ នៃអត្តសញ្ញាណជាតិ?
នៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយនៃពិភពលោក មិនថាជាបុគ្គលធម្មតា អាជ្ញាធរ ឬសាធារណជនទេ ពួកគេតែងតែមានចម្ងល់ នៅក្នុងចិត្ត ឬតែងតែងសួរអ្នក ដែលជាអ្នកដំណើរថា តើអ្នកជានរណា? ពាក្យនរណានេះ ជាពាក្យមួយ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា តើអ្នកស្ថិតក្នុងក្រុមជាតិ សាសន៍ណាមួយ? តើអ្នកមានអត្តញ្ញាណអ្វីជាសម្គាល់ ដែលគេអាចហៅបាន ម្យ៉ាងទៀតថា អត្តសញ្ញាណជាតិ។
អត្តសញ្ញាណជាតិជា សមាសនាម កើតមកពីនាមបីបូកបញ្ចូលគ្នា គឺ អត្ត+សញ្ញាណ+ជាតិ។
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
- អត្ត មានន័យថា ខ្លួន ចិត្ត (អាត្ម័ន អាត្មា)
- សញ្ញាណ មានន័យថា សេចក្តីដឹងជាក់ ការយល់ច្បាស់ សេចក្តីចូលចិត្តស៊ប់ គ្រឿងសម្ពាល់ អ្វីៗ ដែលប្រើជាគ្រឿងសម្គាល់ កិច្ចការនីមួយៗ យីហោ
- ជាតិ មានន័យថា កំណើត ប្រភពឈាមជ័រ។
តាមន័យខាងលើនេះ យើងអាចឲ្យនិយមន័យ អត្តសញ្ញាណជាតិថា៖ ជាគ្រឿងសម្គាល់ប្រភពឈាមជ័រ ជាតិតកំណើត ច្បាស់លាស់របស់ខ្លួន។
តាមសៀវភៅបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណ លោកបានពន្យល់យ៉ាងដូច្នេះ អត្តសញ្ញាណ មានន័យថា៖
១. លក្ខណៈនៃអ្វីដែលដូចគ្នាសុទ្ធសាធ លក្ខណៈនៃអ្វីដែលតែមួយ។
២. ឯកត្តភាព បុគ្គលិកលក្ខណៈ អត្ថិភាពឯកជន។
៣. លក្ខណៈនៃអ្វី ដែលស្ថិតនៅដូចគ្នាសុទ្ធសាធនឹងខ្លួនផ្ទាល់ ក្នុងសញ្ចេតនាក្នុងផលប្រយោជន៍។
អត្តសញ្ញាណជាតិ សំដែងឡើងតាមរយៈនិមិត្តរូប ដែលរួមមាន ភាសា សំលៀកបំពាក់ជាតិ ទង់ជាតិ ព្រះសង្ហារ ឬភ្លេងជាតិ។ ប្រទេសមួយដែលអាចសម្គាល់ថា ជាជាតិរុងរឿងបាន លុះត្រាតែមានទឹកដី មានភាសា មានជនជាតិ មានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងមានសេដ្ឋកិច្ច ប្រកបដោយសក្តានុពលផ្ទាល់ខ្លួន ។ យ៉ាងណាម៉ិញ ជនជាតិណា ដែលតែងតែប្រកាន់ខ្ជាប់ជានិច្ច នូវអត្តសញ្ញាណជាតិរបស់ខ្លួន បើទោះជាត្រូវរសាត់អណ្តែតទៅដល់ទីណាក៏ដោយ នោះជនជាតិនោះ នៅតែមានឈ្មោះថា ជាអ្នកស្នេហាជាតិ ជាអ្នកដែលស្រលាញ់ អត្តសញ្ញាណជាតិរបស់ខ្លួនពិតប្រាកដ ហើយជនជាតិ ឬជាតិសាសន៍ដទៃទៀត មិនហ៊ានមើលងាយឡើយ។
ផ្ទុយមកវិញ ពួកគេតែងតែបានទទួល នូវការសរសើរមកវិញជាដរាប។ បុគ្គលដែលមិនវង្វេង អត្តសញ្ញាណជាតិរបស់ខ្លួន គឺមានឈ្មោះថា ជាវីរបុរសរបស់ជាតិ។ អត្តសញ្ញាណជាតិ គឺពិតជាមានសារ សំខាន់ណាស់ដែលអាចជួយឲ្យជាតិរស់ ជួយឲ្យជាតិល្បីឈ្មោះ និងជួយឲ្យជាតិគង់វង្សយូរអង្វែងទៅមុខទៀត។
ចុះសម្រាប់អត្តសញ្ញាណជាតិខ្មែរ?
បុព្វបុរសខ្មែរ តាំងតែពីសម័យបុរាណ លោកតែងតែប្រកាន់ខ្ជាប់ នូវអត្តសញ្ញាណជាតិរបស់ខ្លួន បើទោះណាជាមានការហូរចូល យ៉ាងគំហុកនូវវប្បធម៌បរទេស មកក្នុងនគរក៏ដោយ។ លោកតែងតែថែរក្សានូវភាសា សាសនា ប្រពៃណី ទំនៀមទម្លាប់ ជាក់ស្តែងដូចជាភាសាខ្មែរដើម អក្សរខ្មែរ សំលៀកបំពាក់ខ្មែរ ចម្រៀងតន្ត្រី សិល្បៈ គំនូរចម្លាក់ របៀបប្រកបមុខរបរ មុខម្ហូប ទំនាក់ទំនងក្នុងសង្គមជាដើម គឺតែរក្សាបានយ៉ាងល្អជាដរាប។ នៅមានជាតិសាសន៍មួយចំនួនទៀត ដែលនៅក្បែរខាង របស់យើង ដែលតែងតែបានទទួលការកោត សរសើរពីប្រទេសដទៃទៀត ថាបានថែរក្សាយ៉ាងខ្ជាប់ខ្ជួន នូវអត្តសញ្ញាណ របស់ខ្លួនដូចជា៖ ចិន យួន សៀម ជាដើម។
ក្នុងនាមយើងជាខ្មែរ ជាពូជអ្នកសាងអង្គរ ជាពូជអ្នកជា ជាអ្នកដែលធ្លាប់តែល្បាញល្បីក្នុងនាម ជាអាណាចក្រខ្មែរមួយដែរនៅតំបន់អាស៊ីយើងគួរតែថែរក្សាឲ្យបានខ្ជាប់ខ្ជួន នូវអត្តសញ្ញាណជាតិខ្មែរ ស្របតាមគំនិតទស្សនៈជឿនលឿនរបស់ខ្មែរ តាំងតែពីបុរាណកាលរៀងមក។ យើងទាំងអស់គ្នាគួរតែ កែប្រែនូវទម្លាប់មិនល្អនានា ដែលជាគ្រោះភ័យដល់វប្បធម៌របស់យើង ដូចមានពាក្យមហាត្មៈគន្ធី បីតា សន្តិភាពពិភពលោកមួយឃ្លា លោកបានពោលថា៖
«ខ្ញុំមិនចង់ឲ្យផ្ទះខ្ញុំព័ទ្ធជិតដោយជញ្ជាំង ហើយបង្អួចខ្ញុំ បិទជិតរហូតនោះដែរ។ ខ្ញុំចង់ឲ្យវប្បធម៌គ្រប់ប្រទេសទាំងអស់ បក់ឆ្លងកាត់ផ្ទះខ្ញុំ ដោយសេរី ដែលអាចឆ្លងបាន។ ប៉ុន្តែ ខ្ញុំមិនព្រមឲ្យខ្លួនខ្ញុំ ដោយទៅតាមវប្បធម៌ ណាមួយទេ»៕