The Voice Cambodia ទម្លាក់ អឿម រុន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត?
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១០ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 11, 2014
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខុសពីរសប្តាហ៍មុនៗ បេក្ខជនម្នាក់របស់ឌឹវយ្សន៍ លោក អឿម រុន ដែលត្រូវបានទស្សនិកជនគាំទ្របោះឆ្នោតឱ្យជាប់ ស្ទើរគ្រប់សប្តាហ៍នោះ ឥលូវនេះបទចម្រៀង២បទ ដែល អឿម រុន បានបកស្រាយក្នុងសប្តាហ៍នេះ រួមមានបទ«ទុយមុយ» និងបទ«សត្វមមៀច» ហាក់មិនអាចទាក់ទាញ ទឹកចិត្តទស្សនិកជន ឱ្យបោះឆ្នោតគាំទ្រ ដូចសប្តាហ៍មុនៗទេ។ ការដែលបេក្ខជនរូបនេះ មិនអាចទាក់ទាញទឹកចិត្តទស្សនិកជនបាន ព្រោះតែបទចម្រៀង ដែលកញ្ញា ពេជ្រ សោភា គ្រូបង្វឹករៀបចំឱ្យបេក្ខជនរូបនេះ យកមកឲ្យច្រៀងប្រលងនោះ សុទ្ធតែលើសពី សមត្ថភាពរបស់បេក្ខជន ជាកូនកំព្រាអ្នកក្រខ្សត់រូបនេះ។
ចំពោះការជ្រើសរើសបទចម្រៀង ដែលមិនសមស្រប ជាមួយទឹកដមសម្លេងដូចនេះ កញ្ញា ពេជ្រ សោភា ក៏ដូចជាកម្មវិធីThe Voice Cambodia បានរងនូវការតិះតៀនយ៉ាងខ្លាំងពីទស្សនិកជន បើទោះបីជាបេក្ខជនរូបនេះ ត្រូវបានគេមើលឃើញ សមត្ថភាពនៃសម្លេង នៅមានកម្រិតតាំងពីវគ្គដំបូង មកក៏ដោយ។ ទស្សនិកជនបានលើកឡើងថា បើទោះបីជាមើលឃើញថា សមត្ថភាពសម្លេងរបស់បេក្ខជនរូបនេះ នៅមានកម្រិតក៏ដោយ ប៉ុន្តែក៏គួរតែជ្រើសរើសបទចម្រៀងណា ដែលសមនឹងសម្លេងរបស់គេដែរ។
ទស្សនិកជនម្នាក់បានបរិហារចំៗ ទៅលើកម្មវិធី The Voice Cambodia ថា ការដែល The Voice Cambodia អោយ អឿម រុន ជាប់ដល់វគ្គនេះ គ្រាន់តែលួងចិត្តអ្នកគាំទ្រគាត់តែប៉ុណ្ណោះ ពីព្រោះមានអ្នកផ្ញើសារច្រើន។ ម្យ៉ាងគេចង់ថា អ្នកណារជាប់ធ្លាក់នៅលើមាត់គេទេ ព្រោះសារដែលទស្សនិកជនបោះឱ្យ គឺមានតែអ្នករៀបចំប៉ុណ្ណោះដែលដឹង។ ប្រិយមិត្តរូបនេះ បានសរសេរសារ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បន្តរិះគន់ថា៖ «កាលពីយប់មិញនេះ គឺគេខ្លាចគាត់ជាប់តាមសារទៀត គេបានរៀបចំអោយគាត់ច្រៀងបទ ដែលមិនពីរោះ និងពិបាក ដើម្បីអ្នកគាំទ្រគាត់អស់ចិត្តថា គាត់ពិតជាអន់។ ហង្សមាសមិនប្រថុយអោយគាត់ ឡើងដល់វគ្គផ្តាច់ព្រ័តទេ។» ម្ចាស់គណនីដដែលបន្ថែមថា បេក្ខជនទាំងអស់ សុទ្ឋតែបង្កើនសមត្តភាពច្រៀង ពីមួយវគ្គទៅមួយវគ្គទៀត ចំឡែកតែ អឿម រុន អន់ទៅៗ ហើយយកមកច្រៀងសុទ្ទតែបទយ៉ាប់ ស្តាប់មិនបានគ្មានន័យ។ បើចង់អោយ អឿម រុន ល្អ មិនមែនអង្គុយថាអន់ គ្មានសមត្តភាពនោះឡើយ គួរប្រាប់ចំនុចកែលំអ គួររើសបទត្រូវសំលេងគាត់ ហើយបង្រៀនអោយអស់ពីចិត្ត។
The Voice Cambodia រើសអើង?
ម្ចាស់គណនីមួយរូបទៀត បានបន្ទរដែរថា៖ «បើគេចង់ទម្លាក់ហើយ ងាយណាស់។ គេរកតែបទដែលពិបាក យកមកអោយច្រៀង គឺចប់។ ហើយប៉ះគ្រូបង្វឹកសោភាផង សម្តីមហាយ៉ាប់ ធ្វើមើលតែខ្លួនណ្នឹង មុនចូលច្រៀងធ្លាប់ប្រលងអញ្ចឹង? ខ្លួនច្រៀងអន់ជាងកូនក្រុមស្រី របស់ខ្លួនទៀត»។
ចំណែកប្រិយមិត្តមួយរូបទៀត បានសសេរញ្ចេញយោបល់ដែរថា បើប្រៀបធៀបសមត្ថភាព អឿម រុន មិនមានសមត្ថភាពដល់បេក្ខជនទាំងបួន ដែលជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្តនោះទេ។ ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់នោះ គឺគ្រូបង្វឹកកញ្ញា ពេជ្រ សោភា ហាក់ដូចជាស្អប់កូនក្រុមរបស់ខ្លួនរូបនេះខ្លាំងណាស់ តាមរយ:សកម្មភាពកាយវិការហ្វឹកហាត់សមមុនឡើងច្រៀង។ ម្ចាស់គណនីដដែលបន្ថែមទៀតថា៖ «រីឯគ្រូបង្វឹកទាំងអស់ ដឹងច្បាស់ណាស់ថា រុនមិនមែនជាម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះទេ ប៉ុន្តែម្នាក់ៗ ផ្តល់មតិយោបល់ពោរពេញ ដោយការស្តីបន្តោសបង្អាប់ និងស្អប់ខ្ពើម។»
ដោយឡែក ប្រិយមិត្តអ្នកស្នេហាកម្មវិធី The Voice Cambodia មួយរូបទៀត បានលើកឡើងដូចច្នេះថា៖ «អឿម រុន ធ្លាក់ត្រឹមវគ្គណ្នឹង គឺត្រឹមត្រូវហើយ ព្រោះថាសម្លេងគាត់នៅខ្សោយ ហើយខ្វះខាតច្រើនណាស់។ យើងអាណិត វាចេះតែអាណិតហើយ តែវាអយុត្តិធម៌សម្រាប់អ្នកដែលមានសមត្ថភាពពិតប្រាកដ ។»
កាលពីថ្ងៃអាទិត្យទី០៩ វិចិ្ឆកា ដែលវគ្គពាក់កណ្តាលផ្តាចព្រ័ត របស់កម្មវិធី The Voice Cambodia បន្ទាប់ពីបេក្ខជន អឿម រុន ដែលជាកូនក្រុមរបស់កញ្ញា ពេជ្រ សោភា បកស្រាយបទទីមួយចប់ កញ្ញា ឪក សុគន្ធ កញ្ញា និងលោក ណុប ប៉ាយ៉ារិទ្ធ បានផ្តល់យោបល់កែលម្អជាច្រើនដល់បេក្ខជនរូបនេះ ប៉ុន្តែពាក្យដាស់តឿនមួយចំនួន ប្រៀបដូចជាអាវុធដែលចាក់ទម្លុះបេះដូងដូច្នេះដែរ៕