សង្គមស៊ីវិល៖ ករណីជម្លោះដីធ្លីធ្លាក់ចុះ តែតួលេខនៃជនរងគ្រោះ បានកើនឡើង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការ និងសហគមន៍ ដែលស៊ើបអង្កេតករណីសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន បានដាក់នូវអនុសាសន៍មួយចំនួន ដល់រដ្ឋាភិបាល និងសុំឲ្យបញ្ឈប់ រាល់ការបណ្ដេញចេញដោយបង្ខំ ចំពោះពលរដ្ឋពីលំនៅដ្ឋាន និងបញ្ឈប់ការចោទប្រកាន់ សកម្មជនដីធ្លីដាក់ពន្ធនាគារ។
មន្ត្រីនៃអង្គការសង្គមស៊ីវិល និងសកម្មជន ដែលចូលរួមធ្វើការក្នុងសិទ្ធលំនៅដ្ឋាន នៅក្នុងសន្និសិតសារពត៌មាន។
MONOROOM.info Photo/ O.Vary
អនុសាសន៍នេះ ត្រូវបានប្រកាសអោយដឹង ក្នុងសន្និសីទកាសែតមួយ ដែលអង្គការមិនមែនរដ្ឋាភិបាល និងតំណាងសហគមន៍ទាំងនោះ បានជួបជុំគ្នានៅព្រឹកថ្ងៃពុធទី២៣ ខែមករា ស្តីពីស្ថានភាពសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសកម្មជនដីធ្លី។
អង្គការ និងសហគមន៍ បានស្នើរអោយមានជាអាថ៌ ការបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការធានាទៅសហគមន៍ ដើម្បីទទួលបានយុត្តិធម៌ ទាក់ទិននឹងសំណង ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី និងការទទួលស្គាល់សហគមន៍ព្រៃឈើ និងតំបន់ការពារ ធានាការដោះស្រាយវិវាទ ដីសម្បទានសេដ្ឋកិច្ច ជាមួយសហគមន៍មូលដ្ឋាន បញ្ឈប់ការរារាំងសកម្មភាពអហឹង្សា និងអនុម័តអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅដ្ឋាន ដែលត្រូវបានព្រាងតាំងពីឆ្នាំ២០០៦។
លោកសៀ ភារម្យ ប្រធានលេខាធិការដ្ឋាននែក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានលើកឡើងថា សហគមន៍មានការជួបប្រទះ«ហានិភ័យ» នៃការបណ្តេញចេញដោយបង្ខំ និងការផ្តល់សំណងមិនគ្រប់គ្រាន់។ លោកបន្ថែមថា «ការបណ្តេញចេញនៅតំបន់បឹងកក់ និងការរំលោភធ្ងន់ធ្ងរ លើសិទ្ធិលំនៅដ្ឋានរបស់សហគមន៍បុរីកីឡា»។
យោងតាមរបាយការណ៍ របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០០ មក យ៉ាងហោចណាស់ប្រជាជនចំនួន ៧០ម៉ឺននាក់នៅទូទាំងប្រទេស រងផលប៉ះពាល់ពីការចាប់យកដី និងការរើលំនៅឋានដោយបង្ខំ។ ក្នុងនោះប្រហែល ១០% នៃប្រជាជននៅរាជធានីភ្នំពេញ ប្រហែលជាង១៤ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ។ និងសម្រាប់ចុងឆ្នាំ២០១១ ប្រជាជនជិត៤ម៉ឺននាក់ ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៃការបណ្ដេញចេញ។
ចំពោះលោក ឈិត សំអាត នាយកប្រតិបត្ត នៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា យល់ថា ជំលោះដីធ្លីនៅតែជាឧបសគ្គមួយធំជាងគេ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់នូវសិទ្ធិទទួលបានដីធ្លី និងការទទួលបាន ការប្រើប្រាស់នូវធនធានធម្មជាតិ។ លោកបន្តថា ជំលោះដីធ្លីមួយចំនួនកើតឡើង ហើយប្រជាពលរដ្ឋធ្វើការទាមទាដោយសន្តិវិធី តែងរងមកវិញ នូវការប្រើប្រាស់ នូវកំលាំងយោធាមកទប់ទល់ នឹងការទាមទានោះ។ «សិទ្ធិកាន់កាប់ដីធ្លី និងសុវត្ថិភាពដីធ្លី សម្រាប់អ្នកក្រ និងអ្នកទន់ខ្សោយមិនទាន់បានសម្រេចជាស្ថាពរ នៅឡើយទេ ហើយនៅក្នុងនោះ យើងឃើញថា នៅតែមានការជម្លៀសចេញពីលំនៅដ្ឋាន។ (...) តាមទិន្នន័យ ដែលកត់ត្រាដោយ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា យើងឃើញថា ជម្លោះមួយចំនួន គឺថានៅពន្យារពេលវែងជាច្រើនឆ្នាំ មិនទាន់បានដោះស្រាយ ដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាជន និងអ្នកក្រីក្ររបស់ពួកគាត់។»
ជាមួយគ្នានេះ មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានបញ្ជាក់ថា ករណីជម្លោះដីធ្លីធ្លាក់ចុះ តែការចាប់ប្រជាពលរដ្ឋដែល«រងគ្រោះដោយករណីនេះ» បានកើនឡើង។ លោកបន្តថា «ក្នុងឆ្នាំ ២០១២ បើនិយាយពីស្ថានភាពទំនាស់ដីធ្លី ជាទូទៅមានការថយចុះ។ ប៉ុន្តែបើយើងនិយាយអំពីស្ថានភាព ក្នុងការចាត់វិធានការលើរឿងបញ្ហាទំនាស់ដីធ្លី គឺមានស្ថានភាពអាក្រក់ ជាងឆ្នាំ២០១១។ ព្រោះថាមានការចាប់ខ្លួន សកម្មជនអ្នកការពារដីធ្លី មានការចោទប្រកាន់ ទៅលើសកម្មជនសិទ្ធិមនុស្ស និងចាប់ខ្លួនទៅលើសកម្មជនអ្នកនយោបាយ មួយចំនួន»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលបានចេញជា«គោលការណ៍» សំរាប់ការដោះស្រាយ ជូនជនរងគ្រោះរួចរាល់ហើយ ដូច្នេះរាជរដ្ឋាភិបាលមិនមានកាតព្វកិច្ចបន្តទេ។ លោកបន្តថា ភាគីដែលពាក់ពន្ធ័សំខាន់នោះគឺរវាងអ្នកចែក និងអ្នកដែលត្រូវគេចែក។ កម្ពុជាជានីតិរដ្ឋ បើភាគីណាមិនសុខចិត្ត អាចប្តឹងទៅតុលាការបាន រាជរដ្ឋាភិបាលមិនមែនជាអ្នកកាត់ក្តីទេ។ «ធ្វើតាមតុលាការទៅ។ បើចៅក្រមមិនផ្តល់យុត្តិធម៌ ដល់ប្រជាពលរដ្ឋ ឡើងទៅឧទ្ធណ៍ ឡើងទៅកំពូល ប្តឹងពីចៅក្រមនេះទៅ។» នេះជាប្រសាសន៍របស់លោក ក្នុងពេលផ្ដល់កិច្ចសម្ភាសតាមទូរស័ព្ធ សុំទាក់ទងដោយមនោរម្យព័ងអាំងហ្វូ។
តាមសេចក្តីថ្លែងការណ៍រួមគ្នាមួយទៀត បានបង្ហាញថា ចំនួនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ កាន់តែច្រើនឡើង បាននឹងកំពុងទទួលរងការបណ្តេញចេញ ពីដីធ្លីរបស់ពួកគេ។ ជាពិសេស នៅរាល់ការបណ្តេញចេញដោយបង្ខំ វាបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ និងប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ