ឥណ្ឌា៖ កុមារីអាយុ២ឆ្នាំ និង៥ឆ្នាំ ត្រូវបានរំលោភ«ទៀត»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ តុលា ២០១៥
- កែប្រែចុងក្រោយ: October 19, 2015
- ប្រធានបទ: រំលោភ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏តក់ស្លុតថ្មី ចំនួនពីរដាច់ដោយឡែកពីគ្នា បានបន្ថែមចំនួន ទៅក្នុងបញ្ជីនៃការចាប់រំលោភសេពសន្ធវៈ ដែលកើតមានជាហូរហែរ នៅក្នុងប្រទេសឥណ្ឌា។ កុមារីពីរនាក់ ម្នាក់អាយុទើបនឹងបាន ២ឆ្នាំកន្លះ និងម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវបានចាប់រំលោភ នៅកណ្ដាលរដ្ឋធានី ញ៉ូដេលី កាលពីយប់ថ្ងៃសុក្រ ចូលមកថ្ងៃសៅរ៍ បង្កឲ្យមានការតក់ស្លុត និងរលកខឹកសម្បារមួយ ផ្ទុះឡើងពីសំណាក់បណ្ដាជន។
ម្នាក់ ក្នុងចំណោមកុមារីទាំងពីរ ត្រូវបានរំលោភបូក (ជាក្រុម)...
កុមារីដែលក្មេងជាងគេ ត្រូវបានចាប់ពង្រត់ចេញទៅ ដោយជនពីរនាក់ នៅក្នុងកម្មវិធីសាសនាមួយ ប្រព្រឹត្តិទៅនាភាគខាងលិច នៃរដ្ឋធានី កាលពីយប់ថ្ងៃសុក្រ។ នាងតូចត្រូវបានរំលោភ យ៉ាងព្រៃផ្សៃ មុននឹងនាងត្រូវគេបោះបង់ចោល នៅក្នុងសួនឧទ្យានមួយ។ នេះបើតាមការអះអាង របស់នគរបាល និងញាតិមិត្តរបស់កុមារី។ នាយនគរបាលប្រចាំតំបន់ បាននិយាយថា កុមារីត្រូវបានរកឃើញ ស្ថិតក្នុងថ្លុកឈាម នៅប៉ុន្មានម៉ោងក្រោយការបាត់ខ្លួន។ ការពិនិត្យទៅលើរាងកាយរបស់នាង បានឲ្យដឹងថា នាងតូចដែលមានអាយុ ទើបនឹងបាន២ឆ្នាំកន្លះ ត្រូវបានរំលោភ យ៉ាងហោចមួយដង។
ទូរទស្សន៍ «NDTV» បានផ្សាយឲ្យដឹងថា ជនសង្ស័យទាងពីរនាក់នេះ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងផ្ទុះដែលពួកគេរស់នៅ ក្នុងសង្កាត់តែមួយ នឹងកុមារីអាយុ២ឆ្នាំ ដែលជនសង្ស័យទាំងពីរ បានចាប់រំលោភ។ នគរបាលបាននិយាយ ប្រាប់ទូរទស្សន៍ថា អាជ្ញាធរ បានចាប់ខ្លួនជនទាំងពីរ ដែលមានអាយុ១៧ឆ្នាំ ដោយយោងតាមរូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាព ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីផ្ទះរបស់កុមារី។
ចំណែកកុមារីម្នាក់ទៀត ដែលមានអាយុ៥ឆ្នាំ ត្រូវបានរំលោភបូក (ជាក្រុម) យ៉ាងអាណោចអាធម ដោយក្រុមបុរស៣នាក់ នៅក្នុងតំបន់«Anand Vihar» ភាគខាងកើតនៃរដ្ឋធានី ញ៉ូដេលី ក្នុងយប់ថ្ងៃសុក្រដដែល។ ទីភ្នាក់ងារសាព័ត៌មានបារាំង (AFP) បានស្រង់ប្រភព ពីនគរបាលនៅតំបន់នោះ មកបញ្ជាក់ឲ្យដឹងថា បុរសអ្នកជិតខាងទាំងនោះ បានលួងលោមកុមារីចូលទៅក្នុងផ្ទះ ហើយបានចាប់នាងតូចរំលោភ។ ប្រភពដដែល បានថ្លែងឡើងថា៖ «ខោអាវរបស់នាង ត្រូវបានទាញឲ្យរហ័ក មួយចំហៀង ជាមួយស្នាមឈាមពាសពេញ។ គេបានរកឃើញនាង ហើយនាងបាននិយាយថា នាងត្រូវបានគេចាប់រំលោភ។»
ភ្លាមនោះ ហ្វូងមនុស្សបានចូលទៅក្នុងផ្ទះបុរសនោះ ហើយបានចាប់ខ្លួនបុរសសង្ស័យទាំងបី មកប្រគល់ឲ្យនគរបាល។ ការត្រួតពិនិត្យ ទៅលើរាងកាយរបស់កុមារីអាយុ៥ឆ្នាំ បានបង្ហាញថា នាងត្រូវបានរំលោភ ជាច្រើនដង។ នេះជាការអះអាង របស់ប្រភពនគរបាលខាងលើ ដែលសុំលាក់ មិនបញ្ចេញឈ្មោះ។
បណ្ដាជនផ្ទុះការក្ដៅក្រហាយ!
កុមារីទាំងពីរ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយមិនមានគ្រោះថ្នាក់ ដល់ជីវិតទេ។ ប៉ុន្តែនៅតាមដងផ្លូវវិញ ហ្វូងមនុស្សបានជ្រួលច្របល់ ហើយបានប្រមូលគ្នា រាប់រយនាក មកជួបជុំនៅមុខផ្ទះកុមារី ដែលមានវ័យក្មេងជាងគេ ដើម្បីធ្វើការបរិហា ពីសមត្ថភាពរបស់នគរបាល ដែលមិនបានធ្វើអ្វីទាំងអស់ ក្នុងការបញ្ឈប់ទង្វើទាំងនេះ។
ចំពោះអភិបាលរដ្ឋធានី ញ៉ូ ដេលី លោក «Arvind Kejriwal» វិញ បានច្រានចោលការទទួលខុសត្រូវ ហើយបានទម្លាក់កំហុស ទៅរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី «Narendra Modi»។ លោកបានសរសេរ នៅលើបណ្ដាញសង្គមទ្វីសធើរថា៖ «ការកើនឡើង នៃការចាប់រំលោភ នៅលើកុមារ ជាអំពើគួរឲ្យខ្មាសអៀន និងគួរឲ្យស្អប់ខ្ពើម។ នគរបាលនៃរដ្ឋធានី ញ៉ូ ដេលី បានបរាជ័យទាំងស្រុង ទៅការធានាសុវត្ថិភាព។ តើនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលរបស់គាត់ បានធ្វើអ្វីខ្លះ?»