បងប្រុុសរបស់ «Omrane» បានស្លាប់ បន្ទាប់ពីរងរបួសធ្ងន់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២១ សីហា ២០១៦
- កែប្រែចុងក្រោយ: August 23, 2016
- ប្រធានបទ: សង្គ្រាមស៊ីរី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថត និងវីដេអូ បង្ហាញពីកុមារ អ៊ូមរ៉ាន (Omrane) ដែលដិតដាមដោយឈាម នៅជាប់នឹងផ្ទៃមុខ និងលើដងខ្លួន បានបង្កភាពរន្ធត់ញាប់ញ័រ នៅទូទាំងពិភពលោក។ ប៉ុន្តែទិដ្ឋភាពនេះ នៅបន្តលងកុមារ អ៊ូមរ៉ាន និងគ្រួសារនៅឡើយ ដោយសារកុមារ អាលី (Ali) បងប្រុសរបស់កុមារ អ៊ូមរ៉ាន បានស្លាប់កាលពីចុងសប្ដាហ៍នេះ ដោយមិនអាចទ្រាំទ្រនឹងរបួសដ៏ធ្ងន់ធ្ងរ របស់ខ្លួនបាន។ នេះបើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសស៊ីរី ហៅកាត់ថា «OSDH»។
ក្រុមអ្នកឃ្លាំមើល បានអះអាងថា៖ «អាលី ដែលមានអាយុ១០ឆ្នាំ បានផុតជីវិត កាលពីថ្ងៃសៅរ៍ ដោយសាររបួសធ្ងន់ធ្ងររបស់ខ្លួន ដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែក កាលពីថ្ងៃទី១៧ ខែសីហាកន្លងមក។ ការទម្លាក់គ្រាប់បែក ដែលបានបង្ករបួសយ៉ាងធ្ងន់ធ្ងរដូចគ្នា ចំពោះកុមារ អ៊ូមរ៉ាន ដែលត្រូវជាប្អូន។»
បណ្ដាព័ត៌មាន «Aleppo Média Centre» ដែលប្រមូលផ្ដុំដោយអ្នកសារព័ត៌មានស្ម័គ្រចិត្តជាច្រើន នៅនឹងកន្លែង ក្នុងក្រុង អាឡិប (Alep) ក៏បានអះអាងដូចគ្នាដែរ ពីព័ត៌មានខាងលើ។ បណ្ដាញព័ត៌មាននេះ ថែមទាំងបានបញ្ចេញវីដេអូ បង្ហាញអះអាងពីមរណភាពដ៏ខ្លោចផ្សារនេះ លើកឡើងដោយគ្រូពេទ្យម្នាក់ ដែលបានថែរក្សាកុមារ អាលី នៅមុនពេលស្លាប់។
مركز #حلب الإعلامي: الطبيب "أبو رسول" يتحدث عن حالة الطفل الشهيد "علي" شقيق الطفل عمران دقنيش#AleppoAMC pic.twitter.com/2l5ndm8Gxs
— مركز حلب الإعلامي (@AleppoAMC) 20 août 2016
រឿងរ៉ាវរបស់ក្រុមគ្រួសារ របស់កុមារ អ៊ូមរ៉ាន បានបង្កការញ័ររន្ធត់ពេញទាំងពិភពលោក បន្ទាប់ពីរូបភាពរបស់កុមាររូបនេះ អង្គុយនៅក្នុងរថយន្ដសង្គ្រោះមួយ ដែលមានខ្លួនប្រាណ ពោរពេញដោយឈាម និងភាពប្រលូកប្រឡាក់ ដិតដាមដោយធូលីដី។ រូបភាពនោះ ត្រូវបានសារព័ត៌មាននានា យកទៅចុះផ្សាយបន្ត និងបានធ្វើអត្ថាធិប្បាយ ពីរូបភាពសង្គ្រាម នៅក្នុងប្រទេសស៊ីរី ថាមានពោរពេញដោយភាពអមនុស្សធម៌ និងជារូបភាពសង្គ្រាម ដែលគ្មានន័យអ្វីទាំងអស់។
សម្រាប់រដ្ឋាភិបាលអាមេរិកវិញ បានចាត់ទុករូបភាពនេះ ថាជា«មុខមាត់ពិតប្រាកដ នៃសង្គ្រាមនៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស ជាង២៩០ ០០០នាក់ រាប់ចាប់តាំងពីខែមិនា ឆ្នាំ២០១១មក»។
ក្រុង អាឡិប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសស៊ីរី បានក្លាយជាទីលាន សម្រាប់ការប្រយុទ្ធស្លាប់រស់ និងការដណ្ដើមកាន់កាប់ រវាងក្រុមអ្នកបះបោរ ប្រឆាំងនឹងរបបដឹកនាំស៊ីរីសព្វថ្ងៃ ជាមួយនឹងកងទ័ពនៃប្រទេសស៊ីរី។ រាប់ចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ថ្ងៃដែលក្រុមបះបោរ បានបើកការវាយលុក កំទេចទីតាំងថ្មីមួយ ដែលបង្កើតឡើង ដោយរបបដឹកនាំស៊ីរី នៅកណ្ដាលក្រុងនោះ មានជនស៊ីវិលយ៉ាងហោច ៣៣៣នាក់ បានស្លាប់បាត់បង់ជីវិត។
របាយការណ៍ចុងក្រោយមួយ របស់អង្គការ «Unicef» ដែលជាអង្គការគាំពារកុមារ របស់អង្គការសហប្រជាជាតិ បានអះអាងថា កុមារស៊ីរីដែលមានអាយុស្របាល នឹងកុមារ អ៊ូមរ៉ាន បានបើកភ្នែកឃើញពន្លឺថ្ងៃ ជាមួយនឹងសង្គ្រាម។ ពួកគេបានធំធាត់ នៅក្នុងសភាពហិង្សា ភ័យខ្លាច និងការសម្លាប់ផ្ដាច់ពូជ។ របាយការណ៍ បាននិយាយថា កុមារស៊ីរីប្រមាណជា ៨,៤លាននាក់ បានរងគ្រោះពីសង្គ្រាមរាំងជល់មួយនេះ រាប់ទាំងកុមារដែលកំពុងស្ថិតក្នុងប្រទេស ឬកំពុងភៀសខ្លួន៕
Three years passed the Chemical massacre But the criminal is still free without any judgment.#AleppoAMC pic.twitter.com/xslUxO7cOY
— مركز حلب الإعلامي (@AleppoAMC) 22 août 2016