រថភ្លើងបុកគ្នានៅអេហ្សីព៖ យ៉ាងតិច៣៦នាក់ស្លាប់ ១២៣នាក់របួស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
- កែប្រែចុងក្រោយ: August 12, 2017
- ប្រធានបទ: គ្រោះផ្លូវដែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សយ៉ាងតិច៣៦នាក់ បានស្លាប់ និង១២៣នាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នាមួយ នៅក្បែរក្រុង «Alexandrie» ភាគខាងជើង នៃប្រទេសអេហ្សីព។ នេះ បើតាមតុល្យភាពជាបណ្ដោះអាំសន្ន ដែលផ្ដល់ដោយក្រសួងដឹកជញ្ជូន របស់ប្រទេស នៅប៉ុន្មានម៉ោង ក្រោយពេលកើតហេតុ។
ការបុកគ្នា រវាងរថភ្លើងពីរខ្សែ បានកើតឡើងក្នុងភូមិ «Kourchid» ភាគខាងកើត នៃក្រុង «Alexandrie» ក្នុងរសៀលថ្ងៃទី១១ ខែសីហាម្សិលម៉ិញ។ បើតាមទូរទស្សន៍ជាតិអេហ្សីព បានពន្យល់ថា មូលហេតុនៃការបុកគ្នានេះ ទំនងកើតមកពីរថភ្លើងមួយខ្សែ បានជួបបញ្ហា និងឈប់នៅនឹងកណ្ដាលផ្លូវដែក ខណៈរថភ្លើងមួយខ្សែផ្សេង បានមកដល់ ដោយមិនបានទទួលសញ្ញាជាមុន ពីវត្តមានរថភ្លើង ដែលឈប់នៅខាងមុខ។
រថយន្ដសង្គ្រោះប្រមាណជា ២៥គ្រឿង ត្រូវបានបញ្ជូនមកជួយជនរងគ្រោះ។ អ្នកដែលរួចរស់ជីវិត ត្រូវបានដាក់ឲ្យសម្រាកជាបណ្ដោះអាសន្ន នៅលើកម្រាលកំណាត់ជាច្រើន នៅតាមបណ្ដោយផ្លូវដែក ខណៈអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាច្រើន និងផ្សេងៗគ្នា នៅក្នុងក្រុង «Alexandrie»។
ហេតុការណ៍នេះ ជាគ្រោះថ្នាក់លើផ្លូវដែក ដ៏រង្គាលជាងគេបំផុត នៅក្នុងប្រទេសអេហ្សីព។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ការបុកគ្នា រវាងរថភ្លើងមួយខ្សែ និងរថយន្ដក្រុងមួយគ្រឿង នៅក្នុងតំបន់ភាគខាងត្បូង នៃរដ្ឋធានី គែរ (Caire) ក៏បានបង្ក ឲ្យមានវិនាសកម្មខ្លាំងក្លាដែរ។ នាពេលនោះ ជនរងគ្រោះដល់ជីវិត មានចំនួន២៧នាក់៕