អត្ថប្រយោជន៍១០យ៉ាង ក្នុងការបរិភោគអាហារតាមបែបព្រះពុទ្ឋសាសនា
តើអ្នកបួស បុព្វជិក ឬអ្នកដែលប្រតិបត្តិតាមសាសនានានា ដូចជាសាសនាព្រះពុទ្ធជាដើមនេះ មានការទទួលទានអាហារប្រចាំថ្ងៃរបស់ពួកគេ តាមរបៀបណា? តើចំណីអាហាររបស់ពួកគេ មានលក្ខណៈបែបណា ហើយបានផ្ដល់នូវអត្ថប្រយោជន៍បែបណា ទៅដល់សារពាង្គកាយនិងជីវិតរបស់ពួកគេ? អត្ថបទនេះនឹងបកស្រាយជូនប្រិយមិត្ត ឲ្យឃើញពីភាពងាយស្រួល និងអត្ថប្រយោជន៍ទាំង១០ ក្នុងការបរិភោគអាហារតាមបែបព្រះពុទ្ធសាសនា។
រាប់បាតដាក់អាហារ សម្រាប់អ្នកបួស។ (រូបថត MONOROOM.info/ D. KEO)
ជីវិតប្រចាំថ្ងៃ -ការបរិភោគអាហារគឺជារឿងសំខាន់ សម្រាប់ទ្រទ្រង់រូបរាងកាយ និងជីវិតឲ្យមានដំណើរការទៅ កាន់តែល្អប្រសើរឡើង។ ប៉ុន្តែបើការទទួលទាននេះ មិនសមស្រប ឬខុសក្បួនខ្នាត វានឹងអាចផ្តល់មកវិញ នូវទុក្ខទោសទៅវិញជាមិនខាន។ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ សូមដកស្រង់ចំណុចសំខាន់ទាំងដប់ ដែលពុទ្ឋសាសនិក នៅក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ តាំងសមាធិតាមបែបព្រះពុទ្ឋសាសនា (ដាណាកូសា) ក្នុងតំបន់ស្កុតឡេនក្នុងប្រទេសអង់គ្លេស តែងប្រតិបត្តិ។
សូមបញ្ជាក់ថា បើលោកអ្នកអាចយកចំណុចពីរឬបី ពីក្នុងចំណោមចំណុចទាំងដប់នេះ មកអនុវត្តតាមនោះ លោកអ្នកអាចនឹងទទួលបាន នូវលទ្ឋផលល្អសម្រាប់ជីវិតប្រចាំថ្ងៃជាមិនខាន។
១. ការបរិភោគអាហារបួស
ការបរិភោគបន្លែច្រើន ឬមិនបរិភោគសាច់សត្វសោះ បានជួយដល់សុខភាពល្អ និងមានភាពកក់ក្តៅទោះបីស្ថិតក្នុងអាកាសធាតុត្រជាក់ក៏ដោយ។ ជាពិសេស ការបរិភោគនេះ បានជួយដល់អ្នកកាន់ព្រះពុទ្ឋសាសនាមានអារម្មណ៏ថា ខ្លួនមានសន្តិភាព និងសេចក្តីសុខ ជៀសឆ្ងាយពីការបៀតបៀនជីវិតសត្វលោកផ្សេងៗទាំងពួង។
២. ការបរិភោគអាហារទៀតទាត់
ក្នុងវិន័យឪវាទរបស់ព្រះសង្ឃ បានប្រៀបប្រដៅឲ្យបរិភោគអាហារឲ្យទៀតពេល។ ម្យ៉ាងវិញទៀត ការតមមិនបរិភោគអាហារពេលល្ងាច នឹងជួយសម្រួលដល់ចង្វាក់បេះដួង និងបរិភោគ អាហារបានច្រើននាពេលព្រឹកព្រលឹម។
៣. ការមិនបរិភោគអាហារសម្រន់
ក្រៅពីអាហារប្រចាំថ្ងៃ អាហារសំរន់ មិនត្រូវបានអនុញ្ញាតឲ្យបរិភោគឡើយ ក្រៅពីផ្លែឈើស្រស់ៗ និងការបរិភោគ ទឹកតែជាប្រចាំ។
៤. មិនត្រូវលួចលាក់អាហារ
ការបរិភោគអាហារត្រូវបានធ្វើឡើងជុំគ្នា និងមានការចែករំលែកគ្នាទៅវិញទៅមកដោយស្មោះត្រង់ គ្មានការលួចយកទៅលក់ ឬលួចញុំាក្រោយខ្នងឡើយ។
៥. ការធ្វើបង្អែមសម្រាប់កម្មវិធីសំខាន់ៗ
ដោយសារនៅក្នុងបង្អែមប្រមូលផ្សំដោយផ្លែឈើចំរុះ ទើបធ្វើឲ្យបង្អែមមានរសជាតិឆ្ងាញ់ និងជំនួញដល់សុខភាព។ ក្នុងការធ្វើបង្អែមនេះដែរ ត្រូវកំរិតជាតិស្ករ និងសារជាតិផ្អែមឲ្យតិច ដើម្បីគ្រប់គ្រង់បរិមាណជាតិស្ករក្នុងរាងកាយ។ម្យ៉ាងទៀត បង្អែមជួយដល់អណ្តាត ក្នុងការផ្លាស់ប្តូរឱជារសថ្មីនៃបន្លែនិងផ្លែឈើ។
៦. ការចំអិនអាហារដោយខ្លួនឯង
ការចំអិនអាហារដោយខ្លួនឯង នឹងជួយដល់សុខភាពដើម្បីជៀសវាងពីសារជាតិអំបិល ប៊ីចេង និងភាព មិនស្អាតដទៃទៀត។ ការចំអិនអាហារដោយខ្លួនឯងនេះ ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ស្រាយ ព្រមទាំងដឹងពីបរិមាណអាហារដែលគួរចំអិន ប្រភេទអាហារគួរបរិភោគ ដើម្បីចម្រើនដល់សុខភាពកាន់តែប្រសើរឡើង។
៧. ការតាំងសមាធិមុនពេលបរិភោគអាហារ
មុនពេលបរិភោគអាហារ គួរតែធ្វើសមាធិ ដើម្បីឲ្យរាងកាយនិងចិត្តស្ងប់ ព្រមទាំងរំលាយអាហារបានស្រួល។ ការតាំងសមាធិ គួរធ្វើឡើងដោយដកដង្ហើមចេញចូលវែងៗ មួយៗ និងនឹកដល់គុណអាហារ ដែលយើងបានបរិភោគ។
៨. បរិភោគដោយស្ងៀមស្ងាត់
ការបរិភោគដោយគ្មានសម្លេងវិទ្យុ ទូរទស្សន៏ ឬមើលកាសែត នឹងធ្វើឲ្យការបរិភោគរបស់យើងបានកាន់ តែច្រើនឡើង។ ជាពិសេសការបរិភោគនាពេលព្រឹកព្រលឹម ព្រោះនេះជាពេលចាប់ផ្តើមថ្ងៃថ្មី ដែលធ្វើឲ្យជីវិតប្រព្រឹត្តិទៅដោយស្រស់បំព្រង នាពេលគ្មានការជជែកគ្នាច្រើន។ ការចែករំលែកអាហារទៅកាន់អ្នកដទៃ ដោយស្ងៀមស្ងាត់ ក៏ជាការអនុវត្តដ៏មានឥទ្ឋិពលមួយដែរ។
៩. ការបរិភោគបបរពេលព្រឹក
ការបរិភោគបបរជារៀងរាល់ព្រឹក នឹងជួយដល់រាងកាយច្រើន ក្នុងការបំពេញជាតិទឹកបន្ថែម នាពេលរាងកាយមនុស្សភាគច្រើនត្រូវការវា ប៉ុន្តែពិបាកក្នុងការបរិភោគវាឲ្យបានច្រើននា ពេលព្រឹក ព្រលឹម ។លើសពីនេះទៀត បបរអាចលាយសារធាតុបំប៉នសរីរាង្គបានច្រើន។ចំណែកការបរិភោគអាហារពេលថ្ងៃត្រង់ និងពេលល្ងាច អាចប្រែប្រួលបាន។
១០. ការចូលរួមជួយធ្វើអាហារជាមួយអ្នកដទៃ
ការចូលរួមចំអិនអាហារជាមួយអ្នកផ្សេងៗទៀត នឹងធ្វើឲ្យជីវិតរបស់យើងកាន់តែមានភាពរស់រវើក មានចំណងមិត្តភាពល្អ និងចេះសាមគ្គីធ្វើការងារជាក្រុម។ យើងនឹងមានអារម្មណ៏កាន់តែអស្ចារ្យឡើង នាពេលអ្នកបានបរិភោគអាហារ ធ្វើជាក្រុមនោះជាមួយមិត្ត ក្នុងក្រុមរបស់អ្នក។
----------------------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ៣០ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ