ការប៉ុនប៉ងធ្វើអត្តឃាតនេះ បានបញ្ចប់ទៅជាមួយនឹង«ការអោប»!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 15, 2015
- ប្រធានបទ: រំជួលចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅតាមដងផ្លូវ វិលត្រឡប់ទៅផ្ទះ បន្ទាប់ពីបានចេញពីធ្វើការងារនោះ ភ្នាក់ងារនគរបាល នៃរដ្ឋការ៉ូលីនខាងជើង (Caroline du Nord សហរដ្ឋអាមេរិក) លោក ដេន ហិច (Dan Hicks) បានចោលភ្នែកទៅ ឃើញបុរសម្នាក់ កំពុងអង្គុយនៅលើស្ពាន នៅតាមបណ្ដោយផ្លូវ ដែលទំនងជាចង់លោតសម្លាប់ខ្លួន ទៅលើចរាចរណ៍ យ៉ាងស្អេកស្កះ នៅខាងក្រោម។ ទោះជាលោកផុតម៉ោងធ្វើការក៏ដោយ តែភ្នាក់ងារនគរបាល លោក ដេន ហិច ដែលនៅក្បែរកន្លែងកើតហេតុ មុនភ្នាក់ងារផ្សេងមកដល់នោះ បានព្យាយាមចូលទៅជិតបុរសនោះ ដើម្បីធ្វើអន្តរាគមន៍ កុំឲ្យហេតុការណ៍ដ៏រន្ធត់ អាចកើតឡើងបាន។ ឈុតឆាកនេះ ថែមទាំងត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាពមួយ នៅក្បែរនោះថែមទៀត។
លោក ដេន ហិច ទំនងជាបានរកឃើញ នូវពាក្យពិសេសៗ ចំគោលដៅមួយចំនួន ដើម្បីនិយាយទៅកាន់បុរសនោះ ទើបបណ្ដាលឲ្យជន ដែលចង់គិតខ្លីនេះ ហុចដៃងាកក្រោយ ងើបចេញពីកន្លែងមរណៈ មកផ្នែកខាងលើស្ពានវិញ។ តែហេតុការណ៍ បានកើតឡើងដែលគ្មាននរណាស្មានដល់៖ នោះគឺភ្នាក់ងារនគរបាល បានយកបុរស ដែលប៉ុនប៉ងធ្វើអត្តឃាត មកដាក់ក្នុងរង្វង់ដៃ ហើយអោបយ៉ាងណែន ក្នុងរយៈពេល១០វិនាទី។
លោក ដេន ហិច បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា៖ «បុរសនោះ បានទទួលនូវការអោប យ៉ាងស្និតស្នាលពីខ្ញុំ បើទោះជាបុរសនោះ មិនចង់ក៏ដោយ»។ រូបភាពវីដេអូ និងកិច្ចសម្ភាសជាមួយភ្នាក់ងារនគរបាល ត្រូវបានទូរទស្សន៍អាមេរិកជាច្រើន យកមកផ្សាយ ហើយរូបភាព នៅផ្ទាល់កន្លែងនោះ ត្រូវបានបង្ហោះដាក់ចែកផ្សាយ នៅលើគេហទំព័រ យូធូប និងជាពិសេសនៅលើបណ្ដាញសង្គម បង្កការរញ្ជួយបេះដូង កាន់តែច្រើនឡើង។ នៅចំពោះ ការកោតសរសើរទាំងនេះ លោក ដេន ហិច បានថ្លែងឡើងថា៖ «ខ្ញុំគ្រាន់តែបានធ្វើភារកិច្ច របស់ខ្ញុំប៉ុណ្ណោះ»។
លោក ដេន ហិច បានពន្យល់ប្រាប់សារព័ត៌មានក្នុងស្រុកទៀតថា បុរសនោះ មានបញ្ហាខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែលោកចង់ជួយបុរសនោះ ដើម្បីធ្វើយ៉ាងណា អាចស្វែងរកពន្លឺ សម្រាប់ជីវិតរបស់ខ្លួន ដោយប្រើដៃទាំងពីរ ជៀសជាងជម្រើស នូវទង្វើមួយដែលគិតខ្លី យ៉ាងដូច្នេះ៕