«ស្រឡាញ់រូបថត ដែលប៉ាប៉ា និងអ៊ុំ ស៊ី ថតដោយខ្លួនឯងណាស់»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 12, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«We had such a great time last night getting to know each other's families. Love my dad and Lok Om Sy selfie pose. ☺️☺️» នេះជាសំណេរជាភាសាអង់គ្លេស របស់អ្នកស្រី ហ៊ុន ម៉ាណា នៅលើទំព័រផ្លូវការរបស់អ្នកស្រី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការបកប្រែ ក្រៅផ្លូវការដូចតទៅ៖ «យើងមានពេលវេលា ដ៏អស្ចារ្យមួយ កាលពីយប់ម៉ិញ ដើម្បីស្គាល់គ្នាទៅវិញទៅមក រវាងគ្រួសារទាំងសងខាង។ ស្រឡាញ់រូបថត លោកឪពុកខ្ញុំ និងលោកអ៊ុំ ស៊ី ដែលថតដោយខ្លួនឯង ខ្លាំងណាស់។»
សំណេររបស់អ្នកស្រី ហ៊ុន ម៉ាណា ដែលមានអមដោយរូបថត បីសន្លឹកខាងលើ បានធ្វើឡើងកាលពីបួនម៉ោងមុននេះ នៅក្រោយការបង្ហោះរូបថតខាងក្រោម របស់ទំព័រហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ជាមួយនឹងពាក្យពេជ្យពន្យល់ ពីវប្បធម៌សន្ទនា ដែលបានបង្ហោះ តាំងពី១១ម៉ោងមុន។
ទំព័រដែលគេស្គាល់ថា ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរអម នឹងរូបថតខាងលើថា៖ «គ្រប់យ៉ាងដែល សម្តេចតេជោ ហ៊ុន សែន បានលះបង់ និងកំពុងអនុវត្តិន៍ គឺដើម្បីប្រជាពលរដ្ឋ និង ប្រទេសជាតិយើងទាំងមូល។ ការជួបជុំពិសារភោជនាហារ ជាគ្រួសាររួមគ្នារវាង សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្សី កាលពីយប់មិញ គឺកាន់តែផ្តល់ភាពកក់ក្តៅនិងជំនឿ ទុកចិត្តកាន់តែខ្លាំងឡើង ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។»
លុះ១ម៉ោងមុននេះ រូបថតបីសន្លឹក ពីក្នុងចំណោមរូបថតខាងលើ ត្រូវបានទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី យកមកបង្ហោះដែរ ដោយមានអម ជាមួយនឹងពាក្យពេជ្យ លើកសរសើរ ពីវប្បធម៌សន្ទនាដែលលោក និងលោក ហ៊ុន សែន កំពុងធ្វើសព្វថ្ងៃ។ ពាក្យសរសើរនោះ បានបង្ហាញពីគុណប្រយោជន៍ចំនួន៣ ដែលកើតចេញពីវប្បធម៌សន្ទនា នោះគឺ (១) គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មី (២) សុខសុវត្ថិភាពដល់សមាជិកគណបក្ស និង (៣) ស្ថានីយ៍ទូរទស្សន៍ របស់គណបក្សសង្គ្រោះជាតិ។
រូបថតទាំងប៉ុន្មាននេះ បានធ្វើដំណើរហោះហើរ ពាសពេញបណ្ដាញសង្គម នៅព្រឹកថ្ងៃអាទិត្យនេះ ដោយមានទាំងពាក្យអបអរសាទរ និងពាក្យរិះគន់ ហោះទៅជាមួយផង។ ក្រុមអ្នកមិនពេញចិត្ត និងសកម្មភាពជួបជុំគ្នានេះ បានវាយតម្លៃថា នៅប្រទេសកម្ពុជានៅពេលនេះ មិនមានគណបក្សប្រឆាំងទេ។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានសរសេរ នៅលើគណនេយ្យហ្វេសប៊ុក របស់លោកថា៖ «បានមកដល់តំណាក់កាលនេះ គឺដោយសារតំណក់ញើស និងតំណក់ឈាមរបស់រាស្ត្រ»។
សម្រាប់លោក ព្រហ្ម គិត អតីតមន្ត្រីវ័យចំណាស់ ច្រើនជំនាន់ពីកម្ពុជាវិញ បានថ្លែងថា សម្រាប់កូនចៅ និងសមាជិកអ្នកគាំទ្រមេដឹកនាំទាំងពីរ ការញ៉ាំអាហារ ជាលក្ខណៈគ្រួសារនេះ អាចចាត់ទុកថា នេះជាពេលវេលា«ដ៏អស្ចារ្យ» ក្នុងការដើរទៅមុខទាំងអស់គ្នា ដើម្បីជាតិនិងប្រជាជន។ ប៉ុន្តែវប្បធម៌សន្ទនា គ្រាន់តែជាពាក្យសម្ដី សម្បកក្រៅប៉ុណ្ណោះ ព្រោះនៅប្រទេសប្រជាធិបតេយ្យ វប្បធម៌ជជែកគ្នានេះ វាត្រូវតែមាន ជាកក្តាសត្យានុម័ត មិនមែនទាល់តែឃើញ មនុស្សប៉ុន្មាននេះជជែកគ្នា ទើបគេហៅថា ចេះធ្វើការដើម្បីជាតិនោះទេ។ មន្ត្រីចូលនិវត្តន៍ ដែលកំពុងរស់នៅក្នុងតំបន់ ពីរ៉ាណេ នៃប្រទេសបារាំងរូបនេះ បានសង្កត់ធ្ងន់ថា មនុស្សប៉ុន្មាននាក់នេះ ត្រូវតែជួបគ្នា ជជែកគ្នា ដើម្បីជាតិ ព្រោះវាជាកាតព្វកិច្ច៕
» រូបថតដទៃទៀត នៃអាហាររួមគ្នា នៃគ្រួសារមេដឹកនាំកំពូលទាំងពីរ៖
----------