សុខ ទូច៖ ប្រទេសមួយចំនួនអបអរសាទររដ្ឋាភិបាល ជាលក្ខណៈការទូតប៉ុណ្ណោះ
បើគិតចាប់តាំងពីការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅក្រោយការបោះឆ្នោតមក មានបណ្តាប្រទេសជាច្រើន មកពីជុំវិញពិភពលោក បានសម្តែងការអបអសាទរ និងបានទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះជាបន្តបន្ទាប់ ក្នុងនោះមានប្រទេសបារាំងមួយដែរ។ សម្រាប់អ្នកវិភាគឯករាជ្យ លោក សុខ ទូច យល់ថា ករណីអបអរសាទរឬការទទួលស្គាល់ណាមួយ ពីសំណាក់អន្តរជាតិនោះ អាចគ្រាន់ជាកាយវិការការទូតមួយប៉ុណ្ណោះ ដែលប្រទេសទាំងនោះធ្វើជាមួយកម្ពុជា។
រដ្ឋសភានៃអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាមួយព្រះមហាក្សត្រ ថ្ងៃទី២៣ខែកញ្ញា នៅពីមុខអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)
រាជធានីភ្នំពេញ - រហូតមកដល់ថ្ងៃនេះ សហរដ្ឋអាមេរិក និង សហគមអ៊ឺរ៉ុបដែលតំណាងឲ្យប្រទេសទាំង២៧ លើកលែងតែប្រទេសបារាំងមួយ នៅតែប្រកាន់គោលជំហរមិនគាំទ្ររដ្ឋាភិបាលថ្មីនេះនៅឡើយ។ ក្នុងស្ថានភាពនេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ក្នុងប្រទេសកម្ពុជា ចាត់ទុកថា នោះការបង្ហាញឥរិយាបថមួយដ៏សំខាន់ សម្រាប់ជាការលើកទឹកចិត្តដល់ អ្នកតស៊ូដើម្បីស្វែងរកលិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដនៅកម្ពុជា។ ឥរិយាបថ ដែលអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានកត់សម្គាល់ថា ក្រុមប្រទេសទាំងនោះនៅតែមានមន្ទិលនៅឡើយ ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ដែលពោរពេញដោយភាពមិនប្រក្រតី និងការបង្ខំឲ្យមានការបើកនិតិកាលថ្មីដោយសភាឯកបក្ស រហូតមានការចោទប្រកាន់ថា រដ្ឋាភិបាលសព្វថ្ងៃ បានកើតឡើងពីការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញនោះផង។
ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងការពាររដ្ឋាភិបាល ដែលចេញពីសភាឯកបក្សរបស់លោក ប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជាដែលទើបបង្កើតឡើងថ្មីនេះ កើតចេញពីឆន្ទៈ ប្រជាជន ហើយការសម្រេចចិត្តគាំទ្ររបស់បរទេស ទាំងនយោបាយ និងសេដ្ឋកិច្ច គឺជាសិទ្ធិរបស់បណ្តាប្រទេសទាំងនោះ តែរដ្ឋាភិបាលមិនមែនកើតចេញពីរដ្ឋប្រហារទេ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា «នេះមិនមែនជាកំហុសរបស់គណបក្សប្រជាជន ដែលគេបានទៅអង្គុយហើយនោះទេ ហើយក៏មិនមែនជាកំហុសរបស់ព្រះមហាក្សត្រដែរ ហើយក៏មិនមែនជាកំហុសរបស់រដ្ឋធម្មនុញ្ញដែរ គឺជាកំហុសរបស់អ្នកដែលមិនបានចូលទៅ។ រឿងហ្នឹងហើយ ដែលគណបក្សប្រជាជន គេកំពុងតែត្រៀមលក្ខណៈក្នុងការអត់ធ្មត់បំផុត»។
ទាក់ទងបញ្ហានេះ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោកបណ្ឌិត សុខ ទូច តាមរយៈកិច្ចសម្ភាសតាមទូរស័ព្ទជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានពន្យល់ថា បើទោះជាមានបណ្តាប្រទេសជាច្រើន បានសម្តែងការអបអរសាទរ ចំពោះរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ការទទួលស្គាល់នោះ ក្នុងករណីខ្លះវាមានលក្ខណៈការទូតតែប៉ុណ្ណោះ ព្រោះប្រទេសខ្លះ ទន្ទឹមនឹងការអបអសាទរ គេក៏បានស្មើឲ្យគណប្សនយោបាយទាំងពីរមាន ការឯកភាពគ្នា ដើម្បីដោះស្រាយភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត។ ដូច្នេះក្នុងករណីគណបក្សទាំងពីរ បន្តមិនមានការឯកភាពគ្នា នោះវាជាការពិបាកក្នុងការទទួលបានតម្លៃ ដែលទទួលស្គាល់ពិតប្រាកដ។ អ្នកវិភាគរូបនេះបញ្ជាក់ថា៖ «គេឲ្យយើងរួមគ្នាឲ្យរលូនទៅ ហើយបើអត់រលូន វានៅតែដដែលហ្នឹង»។
លោកបណ្ឌិត សុខ ទូច បន្ថែមថាកាលណាកម្ពុជាមិនធ្វើតាមសំណូមពរ និងការព្រួយបារម្ភរបស់បណ្តាប្រទេសទាំងនោះ វាអាចនាំឲ្យមានផលលំបាក ដល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសទាំងនោះ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ប្រាក់កម្ចី ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដែលនាំឲ្យកម្ពុជាមានវិបត្តិ។
គួបញ្ជាក់ដែរថា លោក សម រង្ស៊ី ប្រធានគណបក្សង្រ្គោះជាតិ កំពុងតែស្ថិតនៅលើទឹកដីនៃ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ដើម្បីធ្វើយុទ្ធនាការការទូត បញ្ចុះបញ្ចូលឲ្យសហគមអន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ដែលមេដឹកនាំគណបក្សជំទាស់រូបនេះហៅថា ជាការបង្កើតឡើងដោយខុសច្បាប់ តាមរយៈការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
សូមអានឡើងវិញ នូវបទសម្ភាសមួយដែលប្រធានគណបក្សប្រឆាំងរូបនេះ ស្ដីពីគោលជំហរចុងក្រោយរបស់លោក ដោយចុចលើទីនេះ៕
--------------------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ