សម្ភាស អំ សំអាត៖ មូលហេតុ​​នាំទៅដល់​​ផ្ទុះ​ហិង្សា ពេល​រាស្ត្រ​តវ៉ា​ម្តងៗ

លោក អំ សំអាត សកម្មជនការពារសិទ្ធិមនុស្សមួយរូបនៅក្នុងប្រទេសកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃនេះថា មូលហេតុចម្បងឲ្យមានការប៉ះទង្គិចគ្នាកើតឡើង ដោយសារការបិទផ្លូវ និងកង្វះសមត្ថភាពរបស់អជ្ញាធរ។ ការថ្លែងរបស់លោកដូច្នេះ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ ការប៉ះទង្គិចគ្នារវាងក្រុមប្រប្រជាពលរដ្ឋ និងអជ្ញាធរ តែងបានកើតឡើងជាញឹកញាប់នៅរាជធានីភ្នំពេញ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អំ សំអាត សកម្មជនការពារសិទ្ធិមនុស្សមួយរូបនៅក្នុងប្រទេសកម្ពុជា បានថ្លែងក្នុងបទសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៧ខែតុលាថា មូលហេតុចម្បងឲ្យមានការប៉ះទង្គិចគ្នាកើតឡើង ដោយសារការបិទផ្លូវ និង​កង្វះសមត្ថភាពរបស់អជ្ញាធរ។ ការថ្លែងរបស់លោកដូច្នេះ បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ ការប៉ះទង្គិច​គ្នារវាងក្រុមប្រប្រជាពលរដ្ឋ និងអជ្ញាធរ តែងបានកើតឡើងជាញឹកញាប់នៅរាជធានីភ្នំពេញ។


ការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចរាប់សិបរយនាក់ ដើម្បីទប់ទល់នឹងការជួបជុំរបស់ពលរដ្ឋរងគ្រោះនឹងបញ្ហាដីធ្លី កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - សូមតាមដានបទសម្ភាសន៍ រវាងទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាមួយលោក អំ សំអាត មន្រ្តីជាន់ខ្ពស់​របស់អង្គការសិទ្ធិមនុស្ស លីកាដូ ដូច​តទៅ៖

ជម្រាបសួរ លោក អំ សំអាត។ ជុំវិញការប៉ះទង្គិចគ្នារវាងក្រុមអជ្ញាធរ ជាមួយនឹងក្រុមប្រជាពលរដ្ឋអ្នកតវ៉ា មួយ​រយៈពេលកន្លងមកនេះ ក្នុងនាមលោកអ្នកធ្វើការផ្នែកនេះរៀងរាល់ថ្ងៃ តើលោកកត់សម្គាល់ឃើញយ៉ាងណា​ដែរ​បាទ?

អំ សំអាត៖ ខ្ញុំកត់សម្គាល់ឃើញថា ចាប់តាំងពីមុនពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ការជួបជុំឬការតវ៉ានានា​របស់ពលរដ្ឋ ដែលបាត់បង់ផ្ទះសម្បែង ដីធ្លី ជាដើម បានផ្ទុះជាអំពើហិង្សាជាញឹកញាប់ រវាងក្រុមសមត្ថកិច្ចជាមួយ​នឹង​ពលរដ្ឋទាំងនោះ ហើយជាពិសេសដែលខ្ញុំកត់សម្គាល់នោះ បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញ ឡើងកាន់ដំណែង​ថ្មី​មកការតវ៉ារបស់ប្រជាពលរដ្ឋ តែងតែជួបការបង្ក្រាបពីសមត្ថកិច្ចស្ទើរាល់លើក។ ម្យ៉ាងទៀត ខ្ញុំមើលឃើញការបង្រ្កាបរបស់​អជ្ញាធរទៅលើប្រជាពលរដ្ឋភាគច្រើននៅរាជធានីភ្នំពេញ គឺកើតឡើងនៅមុខសាលាក្រុងច្រើនជាងគេ បន្ទាប់មកមាននៅ​វត្តភ្នំ និងតាមដងផ្លូវមួយចំនួនទៀត។

លោកមានមើលឃើញមូលហេតុអ្វីខ្លះ ដែលនាំឲ្យមានការប៉ះទង្គិចគ្នាបាទ?

អំ សំអាត៖ ខ្ញុំសង្កេតឃើញមូលហេតុចម្បង ដែលនាំឲ្យមានការប៉ះទង្គិចគ្នារវាងអជ្ញាធរ និងក្រុមប្រជាពលរដ្ឋ គឺបណ្តាល​មកពីការបិទផ្លូវ ពោលគឺការរារាំងពីសំណាក់សមត្ថកិច្ចមានចេតនា មិនចង់ឲ្យពលរដ្ឋបានធ្វើសកម្មភាពតវ៉ារបស់ពួកគេ ដូចជាគាត់ចង់ដង្ហែញត្តិដាក់ជូនមន្រ្តីរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា បើតាមច្បាប់ អជ្ញាធរមានតួនាទីជាអ្នកជួយសម្រួលដល់ការជួបជុំ ការតវ៉ា របស់ប្រជាពលរដ្ឋ។ តែយើងឃើញថា អជ្ញាធរ​លោកមិនជួយទេ បែរជារារាំងដាក់ប៉ារ៉ាស បិទផ្លូវ គ្រប់ទីកន្លែងដែលអ្នកតវ៉ាទាំងនោះចង់ឆ្លងកាត់ ធ្វើសកម្មភាពរបស់​ពួកគេ។ ដូច្នេះនៅពេលដែលអជ្ញាធរបិទផ្លូវបែបនេះ ពលរដ្ឋគាត់នៅតែជំនះចង់ទៅនឹងទម្លោះរបងដែក ដែលដាក់ឃាំង​ពួកគាត់ ហើយអជ្ញាធរក៏ចាត់វិធានការដោយប្រើអំពើហិង្សា ដាក់ពួកគាត់ធ្វើឲ្យមានការប៉ះទង្គិចគ្នាតែម្តង។ បញ្ហាចម្បង​មួយទៀត បណ្តាលមកពីអជ្ញាធរគ្មានសមត្ថភាពដោះស្រាយបញ្ហាជូនពលរដ្ឋ ឬក៏ប្រើយុទ្ធសាស្រ្តសម្របស្រួល ជាមួយនឹង​ក្រុមអ្នកវ៉ាដោយសន្តិវិធីឡើយ តែផ្ទុយទៅវិញក្រុមអជ្ញាធរ សុទ្ធតែគ្មានបទពិសោធន៍ច្បាស់លាស់ និងដៃកាន់តែដំបង​ត្រៀម​វាយពលរដ្ឋ។

លោក សំ អាត ស្តាប់ការបកស្រាយរបស់លោកមើលទៅ មូលហេតុដែលនាំឲ្យមានអំពើហិង្សា គឺអាជ្ញាធរតែម្តង?

អំ សំអាត៖ តាមពិតទៅកំហុសវាមានទាំងសង្ខាងហ្នឹង ក៏ប៉ុន្តែអជ្ញាធរជាដើមចមនៅក្នុងការប្រើហិង្សាម្តងៗ ពីព្រោះថា​អជ្ញាធរជាអ្នកទទួលខុសត្រូវធំបំផុត ក្នុងការជួយសម្រួលដល់ពលរដ្ឋ តែបែរជាមិនប្រើយុទ្ធវិធី នៃការចរចាជាមួយ​ពលរដ្ឋ​ឲ្យអស់លទ្ធភាពទេ។ បែជារឿងបន្តិចបន្តួច ទាញដំបង ទាញអាវុធ មកគម្រាមរកវាយប្រជាពលរដ្ឋ ហើយពលរដ្ឋគាត់​កំពុង​តែក្តៅក្រហាយ និងមិនសុខចិត្តចំពោះការធ្វើបាប ឬការបាត់បង់ផ្ទះសម្បែង ដីធ្លីរប់ពួកគាត់ផង ទប់ចិត្តមិនបាន ក៏តដៃ​ជាមួយអជ្ញាធរបង្ករជាជម្លោះកើតឡើង។

ជាចុងក្រោយលោក សំអាត អ្វីជាការចង់បាន និងជាអនុសាសន៍របស់លោក ក្នុងនាមជាសកម្មជនអ្នក​ការពារ​សិទ្ធិ​មនុស្សមួយរូប?

អំ សំអាត៖ ក្នុងនាមខ្ញុំជា (មន្ត្រី) អង្គការសិទ្ធិមនុស្ស ហើយសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់យករបបប្រជាធិបតេយ្យ ខ្ញុំសូមអំពាវនាវឲ្យអជ្ញាធរទាំងអស់ នៅពេលដែលមានការតវ៉ារបស់ប្រជាពលរដ្ឋ ត្រូវព្យាយាមដោះស្រាយ​បញ្ហារបស់​ពួក​គាត់ដោយសន្តិវិធី ជៀសវាងការប្រើហិង្សាដាក់ពលរដ្ឋទន់ខ្សោយ ពីព្រោះការប្រើហិង្សា ការបង្រ្កាបប្រជាពលរដ្ឋម្តង​ឲ្យ​មានរបួស គិតថាបញ្ហាដែលកើតមានត្រូវចប់ដោយសារការបង្ក្រាបនេះ គឺមិនដូច្នោះឡើយ ការប្រើហិង្សាមិនមែនជា​ដំណោះស្រាយសមស្រមនោះទេ។ ថ្ងៃហ្នឹងប្រើហិង្សាដាក់ពលរដ្ឋ អ្នកតវ៉ា ថ្ងៃក្រោយពួកគាត់មិនរាងចាលនោះទេ គឺនឹង​មកធ្វើសកម្មភាពតវ៉ាម្តងទៀត ឬកាន់តែធំៗឡើង និងអាចបង្កជាវិបត្តិនៅក្នុងសង្គមធ្ញន់ធ្ញរ។ ម្យ៉ាងវិញទៀតចុងក្រោយ ខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលថ្មី ដោះស្រាយនូវបញ្ហារបស់ពលរដ្ឋ ដែលបាត់បង់ផ្ទះសម្បែង បាត់បង់ដីធ្លីជូន​ពួកគាត់ឲ្យ​បាន​ឆាប់ ជៀសវាងអូសបន្លាយទៅមុខទៀត ដែលនាំឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅក្នុង​ប្រទេសកម្ពុជា៕

-----------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...