បុណ្យអ៊ំទូក៖ កាំជ្រួច បន្តបាញ់ ទោះបីទើបនឹងមានមនុស្សស្លាប់
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 06, 2014
- ប្រធានបទ: ឧប្បទេវហេតុ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាក់ទងនឹងការបាញ់កាំជ្រួច ដែលបានធ្វើឲ្យយុវជនម្នាក់ស្លាប់ និងមនុស្សរងរបួសជាច្រើនកាលពីយប់ថ្ងៃទី៣១ ខែតុលា ក្នុងព្រះរាជពិធី អបអសារទទសវត្សរ៍ទីមួយ (ដប់ឆ្នាំ) នៃការឡើងគ្រងរាជសម្បត្តិនៃព្រះមហាក្សត្រនោះ មិនទាន់មាននរណាម្នាក់ ឬស្ថាប័នណាមួយ ចេញមក ឬចាប់ឲ្យទទួលខុសត្រូវនៅឡើយ។ ស្ថាប័នដែលពាក់ព័ន្ធ រួមមានសាលារាជធានីភ្នំពេញ អាជ្ញាធរនៃអគ្គនាយកដ្ឋាននគរបាលអាវុធជាតិផ្ទុះ គណកម្មការបុណ្យជាតិ និងខុទ្ទកាល័យព្រះបរមរាជវាំងជាដើម ក៏នៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយដែរ មកទល់បច្ចុប្បន្ន ជុំវិញករណីបាញ់កាំជ្រួច បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសនេះ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានធ្វើការបញ្ជាក់កាលពីថ្ងៃអាទិត្យទី២ ខែវិច្ឆិកានេះថា ករណីផ្ទុះកាំជ្រួច ក្នុងព្រះរាជពិធី នៃការឡើងគ្រងរាជ្យ១០ឆ្នាំ នៃព្រះមហាក្សត្រនោះ «មិនមែនជារឿងធំដុំទេ»។ នេះបើតាមការចុះផ្សាយ របស់ការសែតឌឺខេមបូឌាដេល្លី កាលពីថ្ងៃទី៣ ខែវិច្ឆិកានេះ។ សារព័ត៌មានដដែល បានលើកយកការអះអាង របស់ក្រុមអ្នកជំនាញខាងបាញ់កាំជ្រួចអន្តរជាតិ ដែលបានថ្លែងកាលពីចុងសប្តាហ៍ មកសរសេរអះអាងថា ឧប្បត្តិហេតុនេះ អាចទប់ស្កាត់បានដោយងាយស្រួល ប្រសិនបើមានការប្រយ័ត្នផ្នែកសុវត្ថិភាព ត្រឹមតែកម្រិត«ទាប»បំផុត ឬធម្មតាមួយប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់ព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៥, ៦ និងទី៧ ខែវិច្ឆិកា នាពេលនេះ ការអបអរសាទរ ដោយការបាញ់កាំជ្រួចជ្វាលា នៅតែត្រូវបានធ្វើដូចការគ្រោងទុក។ កាំជ្រួចជាង៦ពាន់គ្រាប់ ត្រូវបានបាញ់ចេញ ពីកណ្តាលទន្លេមុខបួន (ចតុមុខ) ស្ថិតនៅមុខព្រះបរមរាជវាំង ដោយក្នុងមួយថ្ងៃ ត្រូវបាញ់ចេញចំនួន២ពាន់គ្រាប។ នេះជាការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
ជាមួយនឹងការសម្តែងការព្រួយបារម្ភជាថ្មី ទាក់ទងនឹងការបាញ់កាំជ្រួច និងសុវត្តភាពពលរដ្ឋ ដែលបានចូលរួមនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា៖ «ការរៀបចំពិធីបាញ់កាំជ្រួច ពុំមែនជាការទទួលខុសត្រូវ ចំពោះសាលារាជធានីភ្នំពេញទេ។ តែតួនាទីដើម្បីសន្តិសុខទូទៅ សាលារាជធានីភ្នំពេញក៏ត្រៀមដើម្បីការងារ និងកាត់បន្ថយបញ្ហាមួយចំនួន នៅក្នុងពិធីបុណ្យនេះដែរ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក នេត សាវឿន ប្រធានអនុគណៈកម្មាធិការសន្តិសុខនៃពិធីបុណ្យ អុំទូកបានទេ ក្នុងថ្ងៃនេះ៕