ក្រុមហ៊ុន​រុក​រក​រ៉ែ​មាស​ចំនួន​២ នៅ​ខេត្ត​រតន​គិរី មាន​ពិន្ទុ​ល្អ​ខាង​សិទ្ធិ​មនុស្ស

ក្រុមហ៊ុន មីស្កូហ្គូល និងក្រុមហ៊ុនអង្គរហ្គូល (MESCO GOLD & ANKOR GOLD) ជាក្រុមហ៊ុនទីមួយហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ រុករក និងធ្វើអាជីកម្មរ៉ែ នៅខេត្តរតនគិរី និងត្រូវបានសង្គមស៊ីវិល លើកឡើងថា ជាក្រុមហ៊ុនមួយ ដែល​ធ្វើការ​ប្រកប​ដោយ ការ​គោរព​សិទ្ធិ​មនុស្ស។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៥ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 15, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើក្រុមហ៊ុនភាគច្រើន តែងមានពិន្ទុមិនសូវល្អ ក្នុងវិស័យគោរពសិទ្ធិមនុស្ស និងចូលចិត្តប្រើប្រាស់ កម្លាំង​ប្រាក់​របស់ខ្លួន ដើម្បីយកឈ្នះ ឲ្យខាងតែបាននោះ ប៉ុន្តែនៅខេត្តរតនគិរី មានក្រុមហ៊ុនរុករករ៉ែចំនួនពីរ ត្រូវបានក្រុមមន្ត្រី​សង្គម​ស៊ីវិល ដែលធ្វើការឃ្លាំមើល នៅក្នុងខេត្ត ថ្លែងសរសើរថា ជាក្រុមហ៊ុនគំរូដ៏កម្រ។

លោក ឆាយ ធី អ្នកសម្របសម្រួល របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានលើកឡើងថា ក្រុមហ៊ុន​ទាំងពីរ គឺក្រុមហ៊ុន មីស្កូហ្គូល និងក្រុមហ៊ុនអង្គរហ្គូល (MESCO GOLD & ANKOR GOLD) មានគោលជំហរ​ស្មោះត្រង់ ចំពោះរដ្ឋាភិបាល ប្រជាជន និងសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ដែលបានបង្ហាញថា មានផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលនៅតំបន់នោះពិតមែន។ ដោយក្នុងមូលហេតុនេះ ក្រុមហ៊ុនបានសន្យាថា នឹងផ្តល់​សំណងសមរម្យ និងមិនបង្ខិតបង្ខំ ឲ្យប្រជាពលរដ្ឋចាកចេញ ដោយគ្មានសំណងនោះឡើយ ពោលគឺក្រុមហ៊ុនធ្វើការ ដោយគោរពសិទ្ធិមនុស្សជាធំ។

មន្ត្រីសមាគមអាដហុករូបនេះ បានរៀបរាប់បន្ថែមថា ក្នុងកិច្ចប្រជុំរវាងក្រុមហ៊ុន និងសហគមន៍ចារ៉ាយ ភូមិពាក់ ស្ថិត​ក្នុងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីម្សិលម៉ិញនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ចំពោះល័ក្ខខ័ណ្ឌ​មួយ​ចំនួន ដែលក្រុមហ៊ុន ផ្តល់ឲ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅតំបន់នោះ។ ល័ក្ខខ័ណ្ឌទាំងនោះមានដូចជា ផ្តល់​សំណងទៅសហគមន៍ រៀបចំប្រព័ន្ធទឹកស្អាត សំរាប់ប្រើប្រាស់ ផ្តល់ការងារឲ្យសហគមន៍នៅទីនោះ ធ្វើជាអាទិភាព ដោយផ្តល់ប្រាក់ឈ្នួលពី ៣០០ដុល្លាឡើងទៅ សំរាប់កម្មករប្រើកំលាំង ផ្តល់គ្រូបង្រៀនភាសាបរទេស និងធ្វើ​ផែនការ​អភិវឌ្ឍន៍ភូមិ ជាបន្តបន្ទាប់ទៀត។

លោក ឆាយ ធី បានថ្លែងឲ្យដឹងទៀតថា នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនរ៉ែមាសទាំងពីរ ធ្វើការងារខុសប្លែក ពី​ក្រុមហ៊ុនទទួលបានដីសម្បទានដទៃៗទៀត ដោយមិនបានរំលោភលើសិទ្ធិមនុស្ស។ លោកបានបញ្ជាក់ថា រដ្ឋាភិបាល​សម្រេចផ្តល់ដីសម្បទាន ឲ្យក្រុមហ៊ុន មីស្កូហ្គូល (MESCO GOLD) ចំនួន ៣០ឆ្នាំ ដែលមានផ្ទៃដីប្រមាណជាង ៤០ ហិកតា សំរាប់សាងរោងចក្រ និងកន្លែងស្នាក់នៅ និងដីដែលត្រូវខួងយករ៉ែមាស មានប្រវែង ១២ គីឡូម៉ែត្រការ៉េ។

ក្រុមហ៊ុន មីស្កូហ្គូល (MESCO GOLD) ដែលជាក្រុមហ៊ុនរបស់នយោជកឥណ្ឌា នឹងចាប់ផ្តើមដំណើរការ ធ្វើអាជីវកម្ម​បន្ទាប់ពី ក្រុមហ៊ុនអង្គរហ្គូល (ANKOR GOLD) ស្រាវជ្រាវរកពីផលប៉ះពាល់រួចរាល់ ហើយក្រុមហ៊ុននេះ នឹងត្រូវការ​កម្មករចំនួន ២០០នាក់ សំរាប់ដំណើរការអាជីវកម្ម ដោយយកកម្មករជាសហគមន៍ នៅតំបន់នោះ មកចូលបម្រើ​ការ​ជាអាទិភាព។

បន្ទាប់ពី ក្រុមហ៊ុនបានបង្ហាញពីប្រវត្តិ និងគោលជំហររបស់ខ្លួន ក៍ដូចជាផលប៉ះពាល់មួយចំនួន ទៅដល់សហគមន៍​ចារ៉ាយ និងបានផ្តល់ផលប្រយោជន៍មួយចំនួន ដល់សហគមន៍ ប្រជាជននៅសហគមន៍នេះ បានយល់ព្រមជាជំហាន​ដំបូង ទៅនឹងការលើកឡើង និងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា រ៉ែមាសដែលមាននៅខេត្តរតនគិរី មានទំហំលាតសន្ធឹង រហូតដល់ប្រទេសវៀតណាម និងប្រទេសឡាវ ហើយក្រុមហ៊ុនមីស្កូហ្គូល (MESCO GOLD) ជាក្រុមហ៊ុនទីមួយ ដែលកម្ពុជាបានផ្តល់ដីសម្បទាន ឲ្យធ្វើអាជីវកម្ម​រ៉ែ​មាស​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...