កម្ពុជា៖ អាជ្ញាធរបាញ់ទឹក«បង្ក្រាប»អ្នកតវាមុខសាលារាជធានី សន្លប់ម្នាក់
យ៉ាងហោចណាស់ក៏បានពលរដ្ឋ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅទីក្រុងភ្នំពេញម្នាក់ បានដួលសន្លប់នៅកន្លែងកើតហេតុ ដោយសារអាជ្ញាធររាជធានីភ្នំពេញ បានប្រើឡានទឹក៣គ្រឿងបាញ់ទឹកមកលើហ្វូងប្រជាជនពលរដ្ឋតវ៉ា ដែលបានបិទផ្លូវមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យលោកអភិបាលក្រុងថ្មី គោរពនូវពាក្យសន្យារបស់ខ្លួន។
ប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។
សម្លេងស្រែកយំនិងហោកញ្ច្រៀវ ស្រែកយកយុត្តិធម៌ពីប្រជាពលរដ្ឋប្រមាណជា១០០នាក់ មកពីសហគមន៍ បឹងកក់ បូរីកីឡា និងថ្មគោល នៅពេលប្រតិបត្តិការបំបែកក្រុមប្រជាពលរដ្ឋទាំងនោះដែលធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់ ពីស្នងការ នគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះជិត២០០នាក់ ប្រដាប់ដោយខែលនិងដំបង ដែលបានចាប់ផ្តើមនៅម៉ោងប្រមាណជា៩.០០ព្រឹក។ ឡានទឹកចំនួនបីគ្រឿង បានបាញ់ទឹកទៅលើប្រជាសហគមន៍ ដែលពុំព្រមបើកផ្លូវព្រះមុន្នីវង្ស ហើយការបាញ់ទឹកនោះ ធ្វើឲ្យអ្នកតវ៉ាមួយចំនួន របូតខោអាវ និងមនុស្សម្នាក់បានសន្លប់ តែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។
អ្នកស្រី ទេព វណ្ណី តំណាងប្រជាពលរដ្ឋបឹងកក់បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋបឹងកក់ សហគមបូរីកីឡា និងសហគមថ្មគោល បានលើកបដាស្រែកតវ៉ានៅមុខសាលារាជធានីភ្នំពេញ និងបានបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ គឺក្នុងបំណងទាមទារឲ្យលោកប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញដែលទើបឡើងតំណែង គោរពនូវពាក្យសន្យារបស់លោក។ នាងបានថ្លែងឲ្យដឹងថា ៖ «យើងគ្រាន់តែមកស្វែងរកដំណោះស្រាយបណ្តឹងសោះ តែបែរជាគេប្រើហឹង្សាយ៉ាងធ្ងន់ធ្ងរមកលើពួកយើង គេពុំបានគិតថាពួកយើងជាមនុស្សដែលមានសិទ្ធិស្នើគ្នាដូចរូបគាត់នោះទេ គឺគាត់គិតថាពួកខ្ញុំគឺជាសត្វ។ ពួកគេធ្វើសាហាវបំផុត»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា កាលពីមុន លោកប៉ា សុជាតិវង្ស បានសន្យាថា ស្វែងរកដំណោះស្រាយទំនាស់ដីធ្លីនៅក្នុងសហគមទាំង៣ នៅក្នុងដំណាច់ខែឧសភានេះ ប៉ុន្តែមកដល់ថ្ងៃនេះ ក្រុមសហគមបានមកធ្វើការតវ៉ា ដោយស្រែកទាមទារឲ្យលោកប៉ា សុជាតិវង្ស ចេញមកជួបអ្នកភូមិ គោរពនូវការសន្យារបស់ខ្លួន។ អ្នកស្រីបានថ្លែងដឹងទៀតថា ៖ «យើងមិនខ្លាចនូវវិធានការដ៏ឃោឃៅនោះទេ យើងទៅតែអង្គុយលើផ្លូវនេះដើម្បីឲ្យលោកប៉ា សុជាតិវង្សចេញមកជូបពួកយើង សន្យាថាដោះស្រាយតែបែរជាយកឡានទឹក មកបាញ់លើយើង។ នេះហើយ គឺជាសន្យារបស់លោកអភិបាលរាជធានី។»
លោក ជួន សុវណ្ណ ដែលជាអ្នកបញ្ជាឲ្យអាជ្ញាធរប្រើរថយន្តទឹកបាញ់មកលើពលរដ្ឋបានអះអាងថា ការចាត់វិធានការរបស់អាជ្ញាធរបង្ក្រាបដើម្បីបើកផ្លូវនៅមុខសាលាក្រុង នេះគឺជាការបង្ខំចិត្តដោយសារតែអាជ្ញាធរបានស្នើរឲ្យប្រជាពលរដ្ឋបើកផ្លូវ ហើយឲ្យចូលចចារនៅខាងក្នុងសាលាក្រុងតែគាត់ពុំព្រមទទួលយកសំណើរពីអាជ្ញាធរ។ លោកបានឲ្យដឹងទៀតថា ៖ «ការបាញ់ទឹកបំបែកហ្វូងអ្នកតវ៉ានេះ គឺមិនធ្ងន់ធ្ងរនោះទេ»។
លោកកើត ឆែ នាយករដ្ឋបាលសាលាក្រុងភ្នំពេញ បានចេញមកជូបប្រជាពលរដ្ឋ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបាញ់ទឹកហើយនោះ ដោយតម្រូវឲ្យប្រជាពលរដ្ឋ ៥ទៅ៨នាក់ដើម្បីចូលជូបចចារ ជាមួយលោកអភិបាលរាជធានីភ្នំពេញថ្មីនៅក្នុងសាលារាជធានី។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «បើចង់បានអីសូមចូលទៅជូបចចារ នៅខាងក្នុងជាមួយលោកអភិបាល មិនអាចមកបិទផ្លូវបានទេ»។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សបានថ្លែងឲ្យដឹងថា អាជ្ញាធរគួរតែស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ជាជាងប្រើអំពើហឹង្សារមកលើប្រជាពលរដ្ឋ ដែលជាស្ត្រីភេទចេញមកតវ៉ាដោយសន្តិវិធី ដើម្បីការពារផ្ទះសម្បែងរបស់ពួកគាត់។ លោកបានឲ្យដឹងទៀតថា ៖ «នេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺសិទ្ធិក្នុងការបញ្ចេញមតិ»។
ជម្លោះដីធ្លីប្រជាពលរដ្ឋបឹងកក់បានកើតមានឡើងតាំងពីឆ្នាំ២០០៧ នៅពេលដែលសាលារាជធានីភ្នំពេញ បានចុះកិច្ចសន្យាជួលដីទំហំ១៣៣ ហិកតា ឲ្យទៅក្រុមហ៊ុនឯកជនស៊ូកាកូអ៊ីន ដើម្បីវិនិយោគប្រែក្លាយទៅជាតំបន់រមណីយដ្ឋាន អាគារពាណិជ្ជកម្មនោះ បានធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង៤០០០គ្រួសារ។
នៅក្នុងជម្លោះនោះដែរ ស្ត្រីក្នុងសហគមន៍បឹងកក់១៣នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីមួយឆ្នាំទៅពីរឆ្នាំកន្លះ ពីបទប្រឆាំងមន្ត្រីរាជការសាធារណៈ និងបំពានកាន់កាប់អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ។ ប៉ុន្តែស្ត្រីទាំងនោះ ត្រូវបានក្រុមប្រឹក្សាចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចឡើងវិញដោយបន្ថយទោសមកនៅត្រឹម១ខែ៣ថ្ងៃ។ បច្ចុប្បន្នស្រ្តីបឹងកក់ម្នាក់ កំពុងជាប់ពន្ធនាគារព្រៃស មណ្ឌលអប់រំកែរប្រែទី២នៅឡើយ៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ