សង្គមស៊ីវិល៖ ក្រុមហ៊ុន​វៀតណាម​លប​ឆាយ​ដី​ពលរដ្ឋ នៅ​ខេត្ត​រតនគីរី

អ្នកភូមិកាណាតធំ ស្ថិតក្នុងឃុំតាឡាវ ខេត្តរតនគីរីចំនួន៤០គ្រួសារ ក្នុងចំណោម១៩៦គ្រួសារ បន្តរងគ្រោះដោយ​ការឈូសឆាយរំលោភយកដីធ្លី ពីសំណាក់ក្រុមហ៊ុនវៀតណាមចំនួនប្រាំ រហូតមកដល់សព្វថ្ងៃនេះ ហើយគ្មាន​ការ​អន្តរាគម ដោះស្រាយពីអាជ្ញាធរមូលដ្ឋានឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ​២០១៤
  • កែប្រែចុងក្រោយ: June 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកភូមិកាណាតធំ ស្ថិតក្នុងឃុំតាឡាវ ខេត្តរតនគីរីចំនួន៤០គ្រួសារ ក្នុងចំណោម១៩៦គ្រួសារ បន្តរងគ្រោះដោយ​ការឈូសឆាយរំលោភយកដីធ្លី ពីសំណាក់ក្រុមហ៊ុនវៀតណាមចំនួនប្រាំ រហូតមកដល់សព្វថ្ងៃនេះ ហើយគ្មាន​ការ​អន្តរាគម ដោះស្រាយពីអាជ្ញាធរមូលដ្ឋានឡើយ។


ក្រុមប្រជារងគ្រោះ នឹងការលបឈូសឆាយដី។ (រូបថត MONOROOM.info/ C. Sothun)

វិបត្តិដីធ្លី - ជនជាតិភាគតិចប្រមាណជា១៧ជាតិសាសន៍ រួមមាន កាចក់ ព្នង គួយ គ្រឹងជាដើម ក្នុងចំណោម​៤០​គ្រួសារ ស្ថិតក្នុងភូមកាណាតធំ ត្រូវបានបាត់ដីជាបន្តបន្ទាប់ ក្នុងមួយគ្រួសារយ៉ាងហោចណាស់ពីមួយហិកតា ទៅពីរ​ហិកតាដែរ។ ពួកគាត់បាននឹងកំពុងរស់នៅក្នុងភូមិខាងលើ ជាមួយនឹងការបាត់បង់នូវដីជាកម្មសិទ្ធិខ្លួន ក្រោមការ​ឈូសឆាយ ដើម្បីបន្តការវាទទីរបស់ក្រុមហ៊ុនវៀតណាមចំនួនបួន គឺក្រុមហ៊ុនហ័ងអាញយ៉ាឡាយ (Hoang Anch Gia Lai) ក្រុមហ៊ុនប៊ូក ក្រុមហ៊ុន៧៥ និងក្រុមហ៊ុនស៊ីអូឌី។ ជនជាតិភាគតិចទាំងនោះ បានស្នើដល់​អាជ្ញាធរមានសមត្ថកិច្ច​ឲ្យរក្សាទុកនូវដីចំការវិលជុំ ដីសមូហភាពបំណងរក្សានូវកេរ្តិ៍តំណែល និងវប្បធម៌ដូនតាសម្រាប់កូនចៅ​ជំនាន់​ក្រោយ។

ដោយដំណោះស្រាយលើបញ្ហានេះ ហាក់ដូចជាគ្មានការវិវឌ្ឍន៍ទៅមុខ ក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះ គណៈកម្មាធិការប្រព្រឹត្តិកម្ម ដែលមានអង្គការចំនួនបីចូលរួមដូចជា អង្គការអាដហុក(adhoc) សមាគមខ្មែរ​កម្ពុជា​ក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (kkkhrda) និងគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការសមាគមការពារ​សិទ្ធិ​មនុស្សកម្ពុជា (CHRAC) បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការស៊ើបអង្កេត ដើម្បីជំរុញឲ្យរដ្ឋាភិបាល​មាន​វិធានការ និងជួយដោះស្រាយក្នុងបញ្ហាវិបត្តិដីធ្លីនេះ។

លោក ជុំ សុវណ្ណមករា តំណាងអង្គការប្រព្រឹត្តកម្ម ដែលបានចុះផ្ទាល់ដល់ដីទំនាស់ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី មនោរម្យ.អាំងហ្វូ បានបញ្ជាក់ថា ការឈូសឆាយនេះ មិនមានការឈូសឆាយជាប់ៗគ្នាទេ។ លោកបានពន្យល់ថា នៅពេលណា មានសភាពស្ងាត់ក៏លួចឈូស ដល់ពេលប្រជាពលរដ្ឋដឹងនិងហាមឃាត់ក៏ឈប់។ «ក្រុមហ៊ុនបាន​ឈូសឆាយក្នុងមួយគ្រូសារមួយហិកតា ទៅពីរហិកតា។ (...) ឈូសយូរមកហើយ តែនៅបន្តឈូស បួនដប់ថ្ងៃឈូស​ម្តង កន្លះខែឬមួយខែឈូសម្តង។ (...) ដល់ប្រជាពលរដ្ឋតវ៉ាក៏ផ្អាកឈូស ដល់ពេលស្ងាត់ឈូសទៀត។»

ហាក់បីដូចជាមានការបង្ហាញផ្ទុយគ្នា ក្នុងការឈូសឆាយដីប្រជាពលរដ្ឋនេះ តាមការអះអាងរបស់មេភូមិកាណាតធំ លោក រម៉ាម ប្ល៉ន់ បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២៦នេះថា បញ្ហាដីដែលកំពុងតែមានវិវាទ​ជាមួយក្រុមហ៊ុននេះ ភាគច្រើនប៉ះពាល់ជាមួយនឹងដីអារក្ស ដីព្រៃកេរ្តិ៍ដូនតា ចំពោះដីផ្ទះសម្បែងមិនមាន​ប៉ះពាល់អ្វី​ឡើយ។ លោកបានទទួលស្គាល់ថា មានការកាប់រានទន្រានដីព្រៃ ពីសំណាក់ក្រុមហ៊ុនវៀតណាមចំនួន៤ និងធ្វើការ​ដាំដំណាំកៅស៊ូ តែគ្មានការឈូសឆាយទេ។ «ដីប៉ះពាល់ហ្នឹងមានច្រើនជាង៤០គ្រួសារ ហើយប្រជាពលរដ្ឋមានការ​ភ័យ​ខ្លាចផង បានធ្វើការដោះដូរជាមួយក្រុមហ៊ុននោះ។ (...) បើពលរដ្ឋហ៊ានប៉ះពាល់ដីដំកៅស៊ូនោះ ត្រូវផាកក្នុងមួយ​ដើមចំនួន៣០០ដុល្លា។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាល្ងាចថ្ងៃទី២៦ ខែមិថុនានេះ មិនអាចសុំការបញ្ជាក់ពីអភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ បានទេ។ តែកន្លងមក ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោកបញ្ជាក់ថា រដ្ឋាភិបាល​បាន​ដាក់​អ្នកភូមិ«កាណាត» ទៅជាសហគមន៍«នីតិបុគ្គល» និងមានវិញ្ញាបណ្ណប័ត្រចេញដោយ​ក្រសួង​មហាផ្ទៃ។ «ក្រោយ​ពីទទួលបានវិញ្ញាបណ្ណប័ត្រ ប្រជាពលរដ្ឋទាំងនេះ នឹងគ្មានការព្រួយបារម្ភ ពីការបាត់បង់កម្មសិទ្ធិ​ឡើយ។»

ឯមេឃុំតាឡាវ លោក ផាត់ ប៊ុនឡត់ ក៏ធ្លាប់បញ្ជាក់ថា លោកចង់រក្សាដីសមូហភាព ពិសេសលើដីចំការវិលជុំ ដីព្រៃ​អារក្ស សម្រាប់ការប្រើប្រាស់តាមលក្ខណៈប្រពៃណី។ «បើដី ដែលគាត់កំពុងប្រើប្រាស់ជាប្រចាំហើយ ដាក់ចូល​ជា​សមូហភាពវិញនោះ ខ្ញុំមិនគាំទ្រទេ។ បើគាត់រក្សានូវដីណាមួយផ្សេង ជាលក្ខណៈវប្បធម៌នោះទើបខ្ញុំគាំទ្រ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...