ទុក​កូន​អាយុ​១២​ឆ្នាំ​ឲ្យ​ចាំ​ផ្ទះ ​ធ្វើ​កំពុប​ទឹក​ក្ដៅ​លើ​មុខ​ជិត​ខ្វាក់​ភ្នែក

ជាទម្លាប់ដ៏អាក្រក់ ដែលឪពុកម្ដាយទូទៅ ក្នុងប្រទេសកម្ពុជា តែងគិតថា កូនអាយុបាន១២ឆ្នាំ ពិតជាអាចជំនួសដៃជើងខ្លួនបាន និងចេះចាំផ្ទះតែឯង គ្មានមនុស្សធំ នៅជាមួយនោះ។ នេះជាហេតុការណ៍មួយ ដែលបង្កចេញពីទម្លាប់ និងការគិតខុសនេះ បានធ្វើឲ្យកុមារម្នាក់ រលាកទឹកក្ដៅ នៅលើផ្ទៃមុខ និងភ្នែក សឹងតែក្លាយជាមនុស្សខ្វាក់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - យកការណ៍៖ ក. វិច្ចនី - បារីស ថ្ងៃទី ១៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 16, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារា សុផាន ដែលល្បីពេញស្រុកពេញភូមិ ថាមានទេពកោសល្យ ខាងគូរគំនូរ យ៉ាងប៉ិនប្រសព្វនោះ អាចនឹងខ្វាក់ លែង​មើលអ្វីឃើញជាបន្តទៅទៀត។ ហេតុការណ៍កើតឡើង នៅថ្ងៃទី៥ ខែមីនាកន្លងមក ខណៈដែល​កុមារអាយុ១២​ឆ្នាំ​រូប​នេះ ជាមួយនឹងបងប្រុសភ្លោះ របស់កុមារម្នាក់ទៀត ត្រូវបានឪពុកម្ដាយ ទុកឲ្យនៅចាំផ្ទះ និងជួយធ្វើការផ្ទះ​បន្តិច​បន្តួច ហើយ​ពួកគាត់ទាំងពីរ បានចេញទៅធ្វើការ នៅខាងក្រៅ។

ម្តាយរបស់កុមារ អ្នកស្រី ស្វាយ សាមន ដែលរស់នៅភូមិ ត្រពាំងឌៀលើ ឃុំជ្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បាន​ថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈទូរស័ព្ទថា ការទុកកូនប្រុសអ្នកស្រី អាយុ១២ឆ្នាំ នៅផ្ទះតែឯង ទាំង​នៅ​ក្មេងវ័យដូច្នេះ មិនមែនជាលើកទីមួយទេ តែវាជាករណី «រៀងរាល់ថ្ងៃ»។ អ្នកស្រីថ្លែងឡើងថា នៅពេលដែលគាត់​មិន​នៅផ្ទះ កូនប្រុសរបស់គាត់ តែងតែធ្វើការជំនួសដៃជើងដូច្នេះ។

ជាអកុសល្យ កូនប្រុសរបស់អ្នកស្រី ឈ្មោះ សឿន សុផាន រូបនេះ បានលើកទឹកក្តៅចេញពីលើចង្រ្កាន តែបានកំពុប ធ្វើឲ្យទឹក​ក្ដៅ ខ្ទាតមកប៉ះរលាក ពេញលើផ្ទៃមុខ ភ្នែក ជើង និងដៃរបស់កុមារ។ អ្នកស្រីបានថ្លែងរៀបរាប់ទៀតថា ភ្នែក​របស់ សុផាន ទាំងពីរ បានហើមយ៉ាងខ្លាំង និងមិនអាចបើកបាន ដូចសព្វដងនោះទេ ហើយមើលអ្វីមិនឃើញ តាំងពីថ្ងៃ​កើត​ហេតុមក។

សុផាន រៀនបានដល់ថ្នាក់ទី ៥ ហើយ និងជាកូនភ្លោះពៅ នៅក្នុងគ្រួសារមួយ ដែលមានបងប្អូន ចំនួន ៨នាក់។ ប៉ុន្តែ​ដោយ​សារជីវភាពក្រលំបាក ឪពុកម្ដាយរបស់ សុផាន មិនមានលទ្ធភាពបញ្ជូន សុផាន ទៅព្យាបាលនៅមន្ទីរពេទ្យធំៗ ឡើយ ដោយគ្រាន់តែ បានរកគ្រូពេទ្យនៅក្បែផ្ទះ ដើម្បីចាក់ថ្នាំឲ្យ សុផាន តែប៉ុណ្ណោះ។ អ្នកស្រី សាមន បានត្អូញថា អ្នកស្រីបារម្ភ ចំពោះភ្នែកទាំងពីររបស់កូន តែមិនដឹងត្រូវធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហានេះបាននោះទេ ព្រោះ​គ្មាន​ទ្រព្យសម្បត្តិ។

នេះ ចាត់ទុកជាមេរៀន សម្រាប់ម្ដាយឪពុក ឬអាណាព្យាបាលទូទៅ ដែលតោងត្រូវគិតថា បន្ទាប់ពីសាច់ឈាម ដែល​ខ្លួនបីបាច់ ស្រឡាញ់តាំងពីតូច បានជួបនឹងគ្រោះថ្នាក់នោះ អ្វីៗអាចនឹងហួសពេល វិលត្រឡប់ក្រោយវិញលែងកើត។ សុផាន អាចជាកុមាររហ័សរហួន ចេះធ្វើការងារផ្ទះ សម្រាលបន្ទុកឪពុកម្ដាយ... ប៉ុន្តែក្នុងន័យនេះ មិនមែនអ្វីៗដែល សុផាន ធ្វើ សុទ្ធតែប្រកបដោយ ការទទួលខុសត្រូវ និងការគិតគូរវែងឆ្ងាយ ដោយគ្មានជំនួយពីមនុស្សពេញវ័យ​នោះ​ឡើយ។

សម្រាប់ករណី កូនមានរបួសស្នាមរបៀបនេះ នៅបស្ចឹមលោកវិញ ឪពុកម្ដាយរបស់កុមារ នឹងត្រូវអាជ្ញាធរ ចាប់ដាក់​ពន្ធនាគារ​ភ្លាម ពីបទធ្វេសប្រហែស ខ្ជីខ្ជាក្នុងការចិញ្ចឹមកូន ឬអាចឈានទៅប្រឈម នឹងទោស«ធ្វើទារណកម្ម» លើ​កុមារ​នោះ​ថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...