CNRP រំលែកមរណទុក្ខគ្រួសារទាហានមួកខៀវខ្មែរ ពលីនៅអាហ្វ្រិកកណ្ដាល
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 11, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះការពលីជីវិត កាលពីយប់ថ្ងៃចន្ទ (ចូលមកថ្ងៃអង្គារ) របស់ទាហានវិស្វកម្មមួកខៀវ របស់កម្ពុជា ទាំងបួនរូ ដែលបានចេញទៅបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព នៅក្នុងប្រទេសអាហ្វ្រិកកណ្ដាល ប្រតិកម្មនៃការចូលរួមរំលែកទុក្ខ និងការរំលឹកនូវវីរភាព បានធ្លាក់មកដល់ជាបន្តបន្ទាប់។ នៅព្រឹកនេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា ក៏បានផ្ញើរសារ ជូនចំពោះក្រុមគ្រួសារ នៃសពយោធិនទាំង៤រូប ដើម្បីចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនោះដែរ។
លិខិតដែលចុះហត្ថលេខា តាំងពីថ្ងៃទី១០ ខែឧសភាម្សិលម៉ិញ ដោយលោក កឹម សុខា ប្រធានគណបក្ស បានចាប់ផ្ដើមនូវឃ្លាប្រយោគ ឡើងថា៖ «ខ្ញុំមានសេចក្ដីរន្ធត់ក្រៀមក្រំ និងសោកស្ដាយយ៉ាងក្រៃលែង ដោយទទួលដំណឹង អំពីមរណភាព របស់ទាហានមួកខៀវកម្ពុជាបួនរូប»។
ទាហានមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ លោកអនុសេនីយឯក គឹម សំ អ្នកបើកបរប៊ិលដូស័រ - លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព - លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។ ពួកលោកបានទទួលមរណភាព នៅក្នុងការពួនស្ទាក់វាយប្រហារមួយ ពីសំណាក់ក្រុមឧទ្ទាម «anti-Balaka» ទៅលើក្បួនរថយន្ដវិស្វកម្មមួកខៀវកម្ពុជា ដែលអមដំណើរការពារ ដោយកងកម្លាំងមួកខៀវ មកពីប្រទេសម៉ារ៉ុក នាតំបន់ភាគខាងត្បូង នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
» អានអត្ថបទដែលទាក់ទង៖ ផ្ទុះអាវុធនៅអាហ្វ្រិកកណ្ដាល សម្លាប់ទាហានមួកខៀវខ្មែរ៤នាក់
ក្នុងលិខិតដដែល លោក កឹម សុខា បានសរសេរ ចាត់ទុកមរណភាពរបស់យោធិនកម្ពុជា ទាំងបួនរូប ថាជាការបាត់បង់ដ៏ធំធេង នូវស្វាមី ឪពុក និងសមាជិកគ្រួសារ ជាទីគោរព និងជាទីស្រឡាញ់ នៃគ្រួសារសព ហើយក៏ជាការបាត់បង់ នូវយោធិនកម្ពុជា ដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារជាតិមាតុភូមិ និងស្ថិរភាព សន្តិភាពសាកល ក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។
លិខិតរបស់គណបក្ស ហាក់ចេញផ្សាយយឺតបន្តិច បើប្រៀបធៀប ទៅនឹងការចូលរួមមរណទុក្ខ របស់មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ដែលបានធ្វើយ៉ាងព្រោងព្រាតរួចហើយ នៅលើបណ្ដាញសង្គម កាលពីថ្ងៃម្សិលម៉ិញ។
ដូចយ៉ាង នៅលើគណនេយ្យហ្វេសប៊ុក របស់លោកផ្ទាល់ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស បានសរសេរថា៖ «ក្នុងនាមក្រុមគ្រួសារ និងក្នុងនាម ខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព នាយទាហាន និងពលទាហានកម្ពុជា ទាំងបួនរូប ដែលបានពលីជីវិត ក្នុងបេសកកម្មថែរក្សាសន្តិភាព និងមនុស្សធម៌ ក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្តាល»។
សមានទុក្ខ និងការចូលរួមរំលែកទុក្ខ របស់លោក អេង ឆៃអ៊ាន មិនខុសគ្នាប៉ុន្មាន ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សទេ។ ខណៈលោក យ៉ែម បុញ្ញឬទ្ធិ មន្ត្រីជាន់ខ្ពស់មួយរូបទៀត របស់គណបក្សនេះ បានសរសេរថា ទាហានមួកខៀវរបស់កម្ពុជា ទាំង៤នាក់ បានពលីជីវិត នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ក្នុងពេលបំពេញ បេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ ប្រកបដោយកិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាន នៃកុលបុត្រកម្ពុជា។ ចំពោះលោកតំណាងរាស្ត្រ មុត ចន្ថា បានបញ្ជាក់បន្ថែមថា៖ «ពលិកម្មពួកលោក ពិតជាធំធេង និងមានតម្លៃបំផុត ដើម្បីបុព្វហេតុមនុស្សធម៌ និងសន្តិភាពនៅតំបន់អាហ្វ្រិក»៕