នៅបូរេអង្គរ តើខ្មែរនិយមការកាត់ក្ដីរកយុត្តិធម៌តាមរបៀបណា?
- ដោយ: កែវ សុផានី ដោយៈ កែវ សុផានី - ភ្នំពេញថ្ងៃទី២០ មេសា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: November 07, 2013
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្វីបើខ្មែរសម័យបុរាណបានបន្សល់ទុកនូវគម្រូនៃការកាត់ក្តីរកយុត្តិធម៌ចំពោះ អ្នកប្រព្រឹត្តបទល្មើស ដោយការទុកពេលវេលាឲ្យគេមានឱកាសក្នុងការកែប្រែខ្លួនដល់ទៅ ២ដងមុននឹងពួកគេទទួលរងនូវទារុណកម្ម និងការដាក់ទោសផ្សេងៗក្តី ក៍ខ្មែរសម័យមុនអង្គរមានវិធីសាស្រ្ត ក្នុងការកាត់ក្តីរកយុត្តិធម៌មួយ យ៉ាងមានប្រសិទ្ធិភាពបំផុតដែរ (ខុសលើកទី១ លើកលែងទោស ខុសលើកទី២ ផ្ដល់ការណែនាំ ខុសលើកទី ៣ ដាក់ទោស)។ តើការកាត់ក្តី រកយុត្តិធម៌របស់ខ្មែរ សម័យមុនអង្គរ គេនិយមធ្វើដូចម្តេចខ្លះ?
តាមរយៈកំណត់ត្រាចិនមួយចំនួន បានសរសេរបង្អាប់អ្នកស្រុកហ្វូណនថា ពេលធ្វើដំណើរទៅណាមកណា គេចូលចិត្តយកអាវុធសៀតនឹងចង្កេះ ហើយបើមានរឿងទាស់ទែងគ្នាបន្តិចបន្តួច គេចូលចិត្តឈ្លោះប្រកែកកាប់ចាក់គ្នាភ្លាមៗតែម្តង។ នេះបើតាមការសរសេររៀបរាប់ របស់លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត វង់សុធារ៉ា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីមានរឿងរ៉ាវឈ្លោះប្រកែកគ្នារួចហើយ អ្នកស្រុកនេះចូលចិត្តកាត់ក្តីរកយុត្តិធម៌ណាស់ ប៉ុន្តែស្រុកខ្មែរសម័យនោះ គេពុំធ្វើគុកសម្រាប់ឃុំឃាំងអ្នកទោសទេ។
ក្នុងប្រវត្តិសាស្រ្តកម្ពុជា របស់អតីតរេស៊ីដង់បារាំងប្រចាំកម្ពុជា លោក អាដេម៉ារ ឡឺក្លែរ (Adhémar Leclère) បានបង្ហាញថា ជនឧក្រឹដ្ឋដែលគេបានរកឃើញ ក្រោយការកាត់សេចក្តីត្រូវបានបោះឲ្យក្រពើស៊ី ដែលគេចិញ្ចឹមនៅក្នុងប្រឡាយជុំវិញទីក្រុង ឬសត្វសាហាវ ដែលគេដាក់ចិញ្ចឹមក្នុងទ្រុងពិសេស។ ឯច្បាប់គ្រប់គ្រងប្រទេសវិញ គេនិយមយកច្បាប់តាមបែបឥណ្ឌា មកប្រើប្រាស់ក្នុងស្រុកនេះ ហើយការកាត់ក្តីរកយុត្តិធម៌ គឺស្ថិតនៅក្រោមអំណាចរបស់ស្ដេចផែនដី។
ប្រជាជនខ្មែរសម័យបុរេអង្គរ គេប្រើប្រាស់វិធីសាស្រ្តអច្ឆរិយៈមកកាត់ក្តីវិនិឆ្ឆ័យរកយុត្តិធម៌ជូន ប្រជាជន។ ក្នុងសៀវភៅអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា ថ្នាក់បញ្ចប់ និងសៀវភៅសិក្សាសង្គមថ្នាក់ទី ១០បោះពុម្ពឆ្នាំ ១៩៩៩ របស់ក្រសួងអប់រំ បានសរសេររៀបរាប់ថា ក្នុងការវិនិឆ្ឆ័យទោស អ្នកស្រុកហ្វូណនតម្រូវ ឲ្យជនជាប់ចោទសាកល្បងលូកដៃក្នុងវត្ថុរាវ (ទឹក) ឬសំណកំពុងពុះ ឬឲ្យអ្នកជាប់ចោទដើរជាន់ ដុំដែកដុតក្តៅក្រហមរងាល ឬដើរកាន់ដែក (ផ្លែពូថៅ) ដុតក្តៅដើរឲ្យបាន ប្រាំពីរជំហានជាដើម។ មិនតែប៉ុណ្ណោះ គេក៏មានវិធីសាស្រ្តផ្សេងទៀត ដែលតម្រូវឲ្យអ្នកជាប់ចោទធ្វើពិធីស្បថស្បែ ឬស៊ីបាយពំនូតដែលគេបានសែកមន្តគាថារួច ដាក់តម្កល់មួយយប់នៅទេវស្ថាន ឬដាក់អ្នកជាប់ចោទឲ្យសត្វស៊ី មានដូចជាក្រពើ ខ្លា តោជាដើម។
នៅមានវិញ្ញាសារមួយទៀត ដែលគេអនុវត្តចំពោះតែម្ចាស់ និងខ្ញុំបម្រើប៉ុណ្ណោះ ក្នុងករណីសង្ស័យថា ខ្ញុំបម្រើនោះលួចរបស់ គឺគេតម្រូវឲ្យខ្ញុំនោះស៊ីស្រូវ រួចគេចាំមើលបាតុភូត ដែលកើតឡើងបន្ទាប់ពីអនុវត្ត ទៅតាមវិធាននិមួយៗ។ ជាលទ្ធផល បើខ្ញុំបម្រើនោះបានលួចមែន ស្រូវនឹងមុតមាត់ចេញឈាម ប៉ុន្តែបើមិនបានលួចទេ គឺអាចទំពាស្រូវលេបចូលក្នុងពោះ បានដោយស្រួល។ ក្នុងករណីជនជាប់ចោទមិនរលាកដៃ មិនមានឈាមហូរចេញពីមាត់ ឬរឹងមាត់និយាយមិនរួច សត្វមិនស៊ី គេចាត់ទុកជនសង្ស័យនោះថា គ្មានកំហុស។ ខ្មែរសម័យមុនអង្គរ ចេះប្រើវិធីពិសោធន៍បែបនេះ ហើយអ្នកស្រុកនេះ ក៏ចេះមន្តអាគមន៍គាថាខ្លាំងពូកែឆើតឆាយណាស់ ដែលនេះជាហេតុធ្វើឲ្យជនល្មើស កម្រមានសំណាងបានរួចខ្លួន ពីសំណាញ់ច្បាប់របស់ប្រទេសជាតិ។
សរុបសេចក្តីមកឃើញថា ការកាត់ក្តីរកយុត្តិធម៌ នៅក្នុងសម័យមុនអង្គរមានលក្ខណៈពិសេស និងអច្ឆរិយៈ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងស្វែងរកយុត្តិធម៌ជូនដល់ប្រជាជនស្លូតត្រង់ ហើយអាចធ្វើឲ្យអ្នកមានកំហុស ខ្លាចទារុណកម្ម ខ្លាចច្បាប់ មិនហ៊ានប្រព្រឹត្តកំហុស និងធ្វើឲ្យមានស្ថិរភាពក្នុងសង្គម។ ចំណែកជនឧក្រឹដ្ឋវិញមិនអាចរួចខ្លួន ឬគេចផុតពីការដាក់ទោសបានឡើយ។ ប៉ុន្តែការកាត់ក្តីបែបនេះ មិនអាចយកមកប្រៀបធៀប ក្នុងសម័យបច្ចុប្បន្នបានទេ ព្រោះស្ថិតនៅក្នុងកាលៈទេសៈ និងបរិបទសង្គមខុសពីរគ្នា៕