បទ«ជេនថលម៉ែន» របស់ព្សាយ មានអ្នកមើលក្នុងយូធូប ច្រើនជាងគេក្នុង១ថ្ងៃ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំនួរបានចោទថា៖ តើបទ «ជេនថលម៉ែន (Gentleman)» អាចយកឈ្នះបទ «ហ្គាំងណាំស្តាយ (Gangnam Style)» ដោយផ្អែកទៅលើចំនួនអ្នកចូលទស្សនា ក្នុងគេហទំព័រយូធូប (YouTube) បានដែរឬទេ?
ព្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៅថ្ងៃទី១៤ខែមេសា កណ្ដាលទីក្រុងសេអ៊ូល។
ជាមួយនឹងបទរាំលោត និងគួរឲ្យអស់សំណើច ដោយមានក្បាច់រាំថ្មី និងបទភ្លេងថ្មីមួយទៀតនោះ តារាចម្រៀងឆ្នើមរបស់កូរ៉េខាងត្បូង ព្សាយ (Psy) កំពុងតែបំបែកកំណត់ត្រាថ្មីម្តងទៀត នៅលើបណ្តាញអ៊ីនធឺណែត ជាមួយនឹងបទថ្មីមួយរបស់គាត់ ដែលមានចំណងជើងថា «ជេនថលម៉ែន»។
យូធូប បានប្រកាសកាសកន្លេងមកថ្មីៗនេះថា បទ«ជេនថលម៉ែន» មានចំនួនអ្នកចូលទស្សនា ច្រើនបំផុតក្នុង១ថ្ងៃ ដែលមិនធ្លាប់មាន និងមានចំនួនច្រើនជាងបទ «ហ្គាំងណាំស្តាយ» ទៅទៀត។ ក្នុងរយះពេល១សប្តាហ៏ វីឌីអូនេះអ្នកចុចចូលមើលជាង ៣៤លានដង ហើយរហូតមកដល់ នៅថ្ងៃទី២៩ខែមេសានេះ «ជេនថលម៉ែន» មានចំនួនអ្នកចុចចូលមកទស្សនាសរុប ជាង២៥៤លានដង។
អ្នកចាត់ការគេហទំព័រយូធូប លោក ឃេវីន អាលូកា (Kevin Allocca) បាននិយាយថា «ដើម្បីជាការមើលឃើញខ្លះបន្ថែម ជេនថលមែនជាវីឌីអូតន្ត្រីមួយ ដែលមានអ្នកទស្សនាច្រើនបំផុត នៅលើគេហទំព័ររបស់យើង ដែលមិនធ្លាប់បានឃើញ។ ជេនថលម៉ែន មានអ្នកចូលមើល ១០០លាននាក់ ក្នុងរយះពេលមិនដល់ ៤ថ្ងៃផង នៅគ្រប់តំបន់ទាំងអស់លើពិភពលោក។ បើធៀបនឹងបទ ហ្គាំងណាំស្តាយ ប្រហែលជា ជិត២ខែ ទើបទទួលបាននូវចំនួននេះ។»
«ហ្គាំងណាំស្តាយ» បានបំបែកកំណត់ត្រាយូធូប ដោយមានចំនួនអ្នកចូលមើលច្រើនបំផុត គ្រប់ពេលទាំងអស់។ បច្ចុប្បន្នវាមានចំនួនរហូតដល់ជិត ១,៥ពាន់លាននាក់ ដែលបានចុចចូលទស្សនានូវវីឌីអូនោះ។
ប៉ុន្តែពេលនេះ ប្រហែលជាបទ «ជេនថលម៉ែន» កំពុងតែមានប្រៀបជាង «ហ្គាំងណាំស្តាយ»។ យូធូប បានបង្ហាញថា បទថ្មីរបស់ព្សាយ ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងតារាងតន្ត្រីរបស់យូធូប កាលពីសប្តាហ៏មុន។ ចំណែកឯបទ «ហ្គាំណាំស្តាយ» ធ្លាក់ទៅចំណាត់ថ្នាក់លេខ២វិញ។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ ដែលមានចំនួនអ្នកចូលទស្សនា ក្នុងយូធូបច្រើនជាងគេ ក្នុងរយះពេល១ថ្ងៃនោះ ជាខ្សែភាពយន្តខ្លី មានចំណងជើងថា «គូនី ២០១២ (KONY 2012)» ដែលមានអ្នកចូលទស្សនាប្រមាណជាង ៣១លាននាក់ក្នុង១ថ្ងៃ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ