វីធីសាស្ត្រ៨យ៉ាង ដើម្បីធ្វើឲ្យប្រុសៗ ឈ្លក់វង្វេងនឹងរូបអ្នក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកធ្លាប់ចង់ឲ្យបុរសណាមួយ ចូលចិត្តអ្នក បារម្មណ៏ពីអ្នក និងគិតដល់អ្នក គ្រប់ពេលដែរទេ? ប្រាកដណាស់ អ្នកមិនអាចបង្ខំនរណាម្នាក់ ឲ្យមកចូលចិត្តអ្នកបាននោះទេ ប៉ុន្តែអ្នកអាចធ្វើនូវសកម្មភាពល្អៗ មួយចំនួន ដែលអាចផ្លាស់ប្តូរអារម្មណ៏របស់គេបាន។
បើទោះជាស្រីស្រស់មានរូបសម្ផស្សល្អពិសេសហើយនោះក៏ដោយ ក៏គួរបន្ថែមវិធីសាស្ត្រផ្ទាល់ខ្លួនខ្លះបន្ថែមទៀត ដើម្បីអោយពួកប្រុសៗ ជ្រួលជ្រើមងើបមុខមិនរួចពីរូបអ្នក។ នេះជាចំណុច ដែលមានប្រយោជន៏ទាំង៨ ក្នុងការទាក់ទាញទឹកចិត្តបុរសឲ្យមកងប់ងល់នឹងរូបអ្នកបាន៖
១. ស្រលាញ់ខ្លួនឯង៖
អ្នកត្រូវតែបង្ហាញដល់គាត់ឲ្យឃើញថា អ្នកពិតជាមានភាពអស្ចារ្យ។ ត្រូវមានទំនុកចិត្តខ្លួនឯង ចេះថែរក្សារស្បែករបស់អ្នក ឲ្យបានល្អស្អាត និងស្លៀកពាក់ឲ្យសមនឹងខ្លួនរបស់អ្នក។ បុរសចូលចិត្តស្រីណា ដែលមានទំនុកចិត្តលើខ្លួនឯង និងអាចដឹកនាំជីវិតដោយខ្លួនឯងបាន។
២. ត្រូវប្រាកដថា អ្នកនៅទំនេរ៖
បើអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ហើយនោះ បុរសៗប្រហែលជា មិនអាចដាក់ចិត្តលើរូបអ្នកបានទេ។ ដូច្នេះត្រូវតែប្រាកដថា ពិតជានៅទំនេរ។ ឧទាហរណ៏៖ បើអ្នកមានគណនេយ្យ ហ្វេសប៊ុក (Facebook) ហើយអ្នកមិនទាន់ក្លាយជាមិត្តភក្តិ ជាមួយបុរសដែលអ្នកចាប់អារម្មណ៍នៅឡើយ អ្នកគួរតែស្នើរទៅបុរសនោះ និងបង្ហាញពត៌មាននៅលើគណនេយ្យរបស់អ្នក ថាអ្នកនៅទំនេរនៅឡើយ។
៣. ព្យាយាមធ្វើឲ្យគាត់ចាប់អារម្មណ៏៖
បុរសមួយចំនួន នឹងមិនសួរអ្នកមុននោះទេ ព្រោះគេនៅខ្លាច។ ប៉ុន្តែអ្នកអាចជាអ្នកចាប់ផ្តើមមុន ក៏គ្មានកំហុសឆ្គងអ្វីដែរ ដូចជានិយាយ «សួស្តី» «ជម្រាបលារ» និងលើកដៃបន្តិចបន្តួចនោះជាការប្រសើរ ព្រោះអាចធ្វើឲ្យបុរសនោះចំណាំអ្នក ឬអាចចាប់អារម្មណ៏លើអ្នកបាន។
៤. ត្រូវចេះកំប្លែងលេង៖
នៅពេលដែលអ្នក ធ្វើអ្វីដែលគួរឲ្យអស់សំណើចបានល្អ នោះអ្វីៗនឹងមានភាពប្រសើរឡើង។ ប៉ុន្តែអ្នកក៏ត្រូវតែប្រយ័ត្ន ចំពោះកំហុសឆ្គងដែរ។ អ្នកអាចនិយាយរឿងកំប្លែង ឬនិយាយពីអ្វី ដែលធ្វើឲ្យបុរស និងរូបអ្នកសើចបាន។
៥. កុំខ្លាចធ្វើជាមិត្តភកិ្តរបស់បុរសកំពូលស្នេហ៍នោះ៖
ដំបូងអ្នកអាចធ្វើជាមិត្តភកិ្ត ជាមួយនឹងបុរស«ទេវបុត្រស្នេហ៍»នោះសិន ព្រោះវាផ្តល់នូវអត្ថប្រយោជន៏២យ៉ាង ដូចជា៖ គាត់អាចស្គាល់អ្នកកាន់តែច្បាស់ ហើយអ្នកក៏កាន់តែស្គាល់គាត់ដូចគ្នា។ គាត់អាចធ្វើដូចជាមិត្តធម្មតារបស់អ្នក ឬក៏អាចស្និតស្នាលជាងមិត្តធម្មតាបន្តិចបន្តួច។
៦. ធ្វើអ្វីៗ ជាមួយគ្នា៖
អ្នកអាចសួរបុរសនោះ ឬសង្កេតពីគាត់ថា តើគាត់ចាប់អារម្មណ៏អ្វី ហើយអ្នកត្រូវតែមានចិត្តទូលាយ។ ស្វែងរកអ្វី ដែលអ្នក និងរាជបុត្រស្នេហ៍ចាប់អារម្មណ៏ដូចគ្នា បន្ទាប់មកអ្នកកាន់តែមានភាពស្និទស្នាលជាមួយគាត់។ ឧទាហរណ៏៖ បើអ្នកចូលចិត្តបទចម្រៀងតារារូបណាមួយ អ្នកអាចសួរគាត់ តើគាត់ចូលចិត្តដែរទេ។ បើគាត់ចូលចិត្ត អ្នកអាចឲ្យស៊ីឌី ឬក៏ស្តាប់ជាមួយគ្នា។ បើគាត់ចូលចិត្តកីឡាករបាល់ទាត់ព្រីមែលីក (Premier League) រូបណាមួយ អ្នកអាចអញ្ជើញគាត់ទៅវឹកហាត់ ហើយជួយលើកទឹកចិត្តគាត់ថា គាត់ពិតជាល្អ និងមានភាពស្រដៀងគ្នាទៅនឹងកីឡាករនោះ។
៧. ត្រូវមានការអត់ធ្មត់៖
កត្តាទាំងនេះ វាពិតជាត្រូវការពេលវេលា។ អ្នកមិនអាចបង្ខំនរណាឲ្យមកចូលចិត្តអ្នក ដោយប្រញាប់ប្រញាល់ពេកនោះទេ។ ទុកពេលវេលា ឲ្យបុរស ហើយឲ្យអ្វីៗ ដំណើរការទៅតាមធម្មជាតិ។ ត្រូវចាំថា «ការអត់ធ្មត់ ជាកូនសោមួយ ដ៏សំខាន់»។
៨. ចំណុចសំខាន់ត្រូវចាំថា អ្នកមិនអាចគ្រប់គ្រងទៅលើអ្វីៗ ដែលអ្នកដទៃគិត និងចង់ធ្វើនោះទេ៖
បុរសនោះអាចជាមនុស្សម្នាក់ ដែលអ្នកចាប់អារម្មណ៏ ប៉ុន្តែបើសកម្មភាពរបស់អ្នក ពិតជាគ្មានចំណុចណាមួយ ដែលជាផ្នែកមួយរបស់បុរសទេនោះ អ្នកគួរតែបង្វែឥរិយាបទ ទៅបុរសផ្សេង ដែលកំពុងតែចាប់អារម្មណ៏អ្នក។ ត្រូវចាំថា ទោះអ្នកធ្វើឲ្យបុរសទេវបុត្រស្នេហ៍ចាប់អារម្មណ៏ ឬមិនចាប់អារម្មណ៏ក៏ដោយ អ្នកត្រូវតែព្យាយាមធ្វើជាមនុស្សដែលល្អបំផុត តាមដែលអ្នកអាចធ្វើទៅបាន ហើយមិនត្រូវដើរទៅរាយសំណាញ់ស្នេហ៍ចោល អោយបុរសឈ្លក់វង្វេងពាសវាលពាសកាលនោះទេ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ