ក្តារចុច «ឃេអេអិលឃ្យូ» អាចប្រើមេដៃចុចអក្សរ កាន់តែលឿនជាងមុន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានអភិវឌ្ឍន៏ក្តារចុចនៅលើអេក្រង់ ទៅជាប្រភេទ ឃេអេអិលឃ្យូ (KALQ) ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទវ៉ៃឆ្លាត (smartphones) និងថេប្លិត អាចវាយអក្សរបានលឿនជាងមុន ដោយប្រើប្រាស់មេដៃទាំងពីរ។
ក្តារចុច ឃេអេអិលឃ្យូ ដែលគេយកមកកាន់នឹងដៃ ហើយប្រើម្រាមមេដៃចុច។
ក្តារចុចលើអេក្រង់ ឃ្វឺធី (QWERTY) មិនមែនជាបន្ទះក្តារចុចដ៏ល្អបំផុតនោះទេ ខណៈដែលពេលនេះ អ្នកប្រើប្រាស់ អាចប្រើមេដៃទាំងពីរចុចទៅលើតួរអក្សរ ដែលចែកដាច់ពីគ្នាបាន និងមានភាពងាយស្រួលជាងមុន។
ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យ ម៉ន់តាណា ធិច (Montana Tech) នៃប្រទេសអាមេរិក និងមកពីវិទ្យាស្ថាន ម៉ាកផ្លែង អ៊ីនស្ទីតធ្យូដ ហ្វូ អ៊ីនហ្វូមេទិក (Max Planck Institute for Informatics) ក្នុងប្រទេសអាឡឺម៉ង់ បានសហការណ៏គ្នាអភិវឌ្ឍន៏ក្តារចុចថ្មី «ឃេអេអិលឃ្យូ» ដែលពួកគេលើកឡើងថា «វាអាចប្រើម្រាមមេដៃ វាយអក្សរបានយ៉ាងលឿន នៅលើឧបករណ៏អេក្រង់ធំៗ ដូចជា ថេប្លិត និងទូរស័ព្ទដៃឆ្លាតវ៉ៃ។»
ការរចនាក្តារចុចទ្រង់ទ្រាយថ្មីនេះ វាត្រូវបានចែកតួរអក្សរទៅជា២ក្រុម ដែលអាចឲ្យអ្នកប្រើប្រាស់ អាចវាយបាន ៣៧ពាក្យ ក្នុង១នាទី ជាមួយនឹងប្រព័ន្ធជួយកែតម្រូវ (error correction algorithm)។ អ្នកស្រាវជ្រាវបានបង្ហាញថា ជាទូទៅអ្នកប្រើក្តារចុចឃ្វឺធី អាចវាយបានច្រើនបំផុត បានត្រឹមតែ ២០ពាក្យ តែប៉ុណ្ណោះ ក្នុងពេល ១នាទីដូចគ្នា។
លោក គ្រីសថិនសិន សាស្ត្រាចារ្យកុំព្យូទ័រ នៅក្នុងសាលាវិទ្យាសាស្ត្រកុំព្យូទ័រ នៃសាកលវិទ្យាល័យ ហ្សិន អេនឌ្រូស៏ (St. Andrews) បាននិយាយថា «យើងជឿថា ក្តារចុច ឃេអេអិលឃ្យូ នឹងមានអត្ថប្រយោជន៏ កាន់តែខ្លាំង ដល់អ្នកប្រើប្រាស់ ព្រោះវាកាន់តែលឿនជាងមុន និងអាចវាយអក្សរបានងាយស្រួលជាងមុន។»
ក្រុមអ្នកអភិវឌ្ឍន៏ទាំងនោះ នឹងធ្វើបទបង្ហាញពីប្រភេទក្តារចុចនេះ នៅឯសន្និសិទ្ធកាសែត ស៊ីអេចអាយ២០១៣ (CHI2013) នៅក្នុងទីក្រុងប៉ារីស នាថ្ងៃទី០១ ខែឧសភា ខាងមុខនេះ។ ហើយកម្មវិធីសម្រាប់ដំណើរការក្តារចុច «ឃេអេអិលឃ្យូ» អ្នកប្រើប្រាស់ទាំងអស់ អាចទាញយកវាដោយស៊េរី នៅក្នុង ហ្គូហ្គលផ្លេ (Google Play) នាពេលអនាគត ដ៏ខ្លីខាងមុខ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ