ដេវីដ អេ នឹងវ៉ៃជាមួយ ម៉ាញ៉ូអែល ឆា នៅម៉ែនឆេស្ទើ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកប្រដាល់ទម្ងន់ធ្ងន់របស់អង់គ្លេស ដេវីដ អេ (David Haye) បានប្រកាសថា គាត់នឹងត្រឡប់ទៅកាន់សង្វៀនជាថ្មីទៀត ហើយនឹងត្រូវប្រកួតជាមួយ ម៉ាញ៉ូអែល ឆា (Manuel Charr) ក្នុងទីក្រុង ម៉ែនឆេស្ទើ (Manchester) នៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។
អ្នកប្រដាល់ទម្ងន់ធ្ងន់របស់អង់គ្លេស ដេវីដ អេ។
កីឡាករមានដើមកំណើតនៅ ប្រទេសលីបាណន់ និងមានសញ្ជាតិស៊្សីរី ឆា បានទទួចសុំការប្រកួតជាមួយ ដេវីដ អេ ខណៈដែលអ្នកទាំង២នេះ ធ្លាប់ប្រកួតចាញ់បងប្អូនត្រកូល ក្លីតស្កូ (Klitschko) ដែលជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដូចគ្នា កាលពីឆ្នាំមុន។
ហើយ អ្នកប្រដាល់វ័យ ២៨ឆ្នាំ ឆា បានទទួលតាមការសំណូមពរ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់ ហេម៉ាឃើ ប៊ុកសិង (Haymaker Boxing) បានចេញសេចក្តីថ្លែងការណ៏ថា «អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោក ដេវីដ អេ នឹងត្រូវប្រកួតបន្ទាប់ជាមួយ កីឡាករ ម៉ាញ៉ូអែល ឆា ហើយនឹងត្រូវធ្វើសន្និសិទ្ធកាសែតនៅថ្ងៃពុធ បន្ទាប់ពីកីឡាករវ័យ ៣២ឆ្នាំ អេ យល់ព្រមវ៉ៃជាមួយកំពូលអ្នកប្រដាល់ ស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់ទាំង១០ របស់ពិភពលោក។ ហើយការប្រកួតនឹងធ្វើឡើង នៅក្នុងទីក្រុងម៉ែនឆេស្ទើ នាថ្ងៃទី២៩ ខែមិនា។»
ដេវីដ អេ កំពុងតែចង់ធ្វើការសងសឹក ជាមួយនឹងបងប្អូនត្រកូល ក្លីតស្កូ ហើយគាត់ជឿថា បើគាត់ទទួលបានជ័យជំនះលើ ម៉ាញ៉ូអែល ឆា នោះគាត់នឹងអាចមានសិទ្ធ វ៉ៃដណ្តើមខ្សែក្រវ៉ាត់ជាថ្មីម្តងទៀត។
ម្ចាស់ខ្សែក្រវ៉ាត់ ដិបប័លយូប៊ីអេ (WBA), អាយប៊ីអេហ្វ (IBF) នឹងដិបប័លយូប៊ីអូ (WBO) វ្លាឌីមៀ (Wladimir) បានយកឈ្នះ អេ ដោយពិន្ទុ កាលពីខែកក្កដា ឆ្នាំ២០១១ ខណៈដែលបងប្រុសគាត់ វីតាលី (Vitali) ម្ចាស់ខ្សែក្រវ៉ាត់ ដិបប័លយូប៊ីស៊ី (WBC) បានឈ្នះ ម៉ាញ៉ូអែល ឆា កាលពីខែសីហា ឆ្នាំមុនដែរ។
ការបរាជ័យនោះ ជាការចាញ់លើកទី១ នៅក្នុងកំណត់ត្រារបស់អ្នកប្រដាល់ឆា ខណៈដែល ដេវីដ អេ ជាការបរាជ័យលើកទី២ ក្នុងការប្រកួត ២៦លើក ក្នុងអាជីពរបស់គាត់។
ដេវីដ អេ បានចូលនិវត្តន៏កាលពីខែតុលា ឆ្នាំ២០១១ ប៉ុន្តែគាត់ត្រឡប់មកកាន់សង្វៀនប្រកួតវិញកាលពីខែកក្កដា ឆ្នាំមុន ហើយបានប្រកួតឈ្នះ ប្រិដ ដេរិក ជីសូរ៉ា (Brit Dereck Chisora) ក្នុងទឹកទី៥ នៅក្នុងទីក្រុង អ័បតុនផាក (Upton Park) មុនពេលគាត់យល់ព្រមត្រឡប់ មកប្រកួតពេញលេញវិញ កាលពីខែមុន៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ