ញឹក ប៊ុនឆៃ ប្រកាស​មើល​ភ័ក្រ​ទ្រង់ រណឫទ្ធិ មិន​ចំ

បើចង់បង្រួបបង្រួមអ្នករាជានិយម មិនចាំបាច់ឈានទៅដល់ការផ្លាស់ប្ដូរ ឡូហ្គោ (Logo) ឬសញ្ញាសំគាល់គណបក្ស និង​មិន​ចាំ​បាច់​រំលាយ គណកម្មាធិការនាយកចាស់ របស់គណបក្សនោះទេ។ នេះបើតាមលោក ញឹក ប៊ុនឆៃ ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ក្នុងថ្ងៃសុក្រនេះ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាសា«បង្រួបបង្រួម អ្នករាជានិយម» របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ទំនងជាមិនដូច ទៅនឹងភាសាបង្រួបបង្រួម ដែលចេញពីបបូរមាត់របស់លោក ញឹក ប៊ុនឆៃ នោះទេ។ ប្រសិនបើសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានស្នើឲ្យ​មាន​ការផ្លាស់ប្ដូរ ឡូហ្គោ ឬស្លាកគណបក្សទាំងអស់ និងស្នើរសុំឲ្យកាត់បន្ថយ​ចំនួន​សមាជិក គណកម្មការនាយកគណបក្ស ពី ២៥៣នាក់ មកត្រឹមតែ ២៧នាក់ ដើម្បីអ្វីមួយ ដែលព្រះអង្គម្ចាស់មានបន្ទូលថា នឹងជួយ​ឲ្យ​មាន​ប្រសិទ្ធិភាព​ ក្នុងការងារនោះ តែសម្រាប់លោក ញឹក ប៊ុនឆៃ វិញ មិនគិតដូច្នេះទេ។

បំណងរបស់ព្រះប្រធានជាថ្មី នៃគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលធ្លាប់បានដើរចេញពីគណបក្ស អស់រយៈពេល៨ឆ្នាំនោះ ទំនង​ជានៅមានភាពប្រទាំងប្រទើស ជាមួយនឹងអតីតអគ្គលេខា និងត្រូវជាអនុប្រធានទីពីរ របស់ព្រះអង្គយ៉ាង​ខ្លាំងក្លា​នៅឡើយ។ ហើយនេះ ជាអ្វី​ដែល​លោក ញឹក ប៊ុនឆៃ ខ្លួនលោកបានអះអាងដោយផ្ទាល់ នៅក្នុងសន្និសីទការសែតមួយ នៅគេហដ្ឋានរបស់លោក នា​ខណ្ឌជ្រោយចង្វារ កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈនេះ ថាលោកមិនយល់ព្រម ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើការផ្លាស់ប្តូរឡូហ្គោ និងរំលាយ គណៈកម្មាធិការនាយកចាស់ របស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែលមាន​ក្នុង​ពេល​កន្លងមកនោះឡើយ ។

ដោយបដិសេធ ក្នុងការដើរចេញពីគណបក្ស លោក ញឹក ប៊ុនឆៃ អតីតបុរសខ្លាំងក្នុងគណបក្ស បានថ្លែងឲ្យដឹងថា៖ «អ្វី​គ្រប់យ៉ាង ដែលខ្ញុំចង់បាន ​គឺការ​បង្រួបបង្រួម ដើម្បីទាញសំឡេង រាជានិយមមកវិញ។ តែយ៉ាងណា ក៏ចំពោះគោល​បំណង របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចងផ្លាស់ប្តូរស្លាកគណបក្ស និងរំលាយគណកម្មការនាយកចាស់ ចោល​នោះ ខ្ញុំ និងមន្រ្តីមូលដ្ឋាន មិនព្រមនោះឡើយ។»

ចំពោះមូលហេតុ ដែលឈានទៅដល់ការបដិសេធ មិនឲ្យព្រះប្រធានគណបក្ស ផ្លាស់ប្ដូរ ឡូហ្គោ នោះ ត្រូវបានលោក ញឹក ប៊ុនឆៃ អះអាងថា វាហាក់បីដូចជាទង្វើ របស់ក្រុមហ៊ុនមួយ ដែលបានក្ស័យទុនដូច្នោះ។

កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងមកនេះ សម្ដេច នរោត្ដម រណឫទ្ធិ បានមានបន្ទូលឲ្យដឹងថា ព្រះអង្គបានស្នើសុំ ឲ្យកែ​សម្រួល​​គណៈកម្មាធិការនាយកគណបក្ស មកត្រឹមតែ ២៧នាក់ប៉ុណ្ណោះ។ សំណើរនេះ ត្រូវបានមន្ត្រីដែលស្និតនឹងលោក ញឹក ប៊ុនឆៃ បាន​បង្ហើបឲ្យដឹងថា ចំពោះសមាជិក ទាំង២៧នាក់នេះ ត្រូវបានជ្រើសតាំងដាក់ សុទ្ធតែមនុស្សថ្មី ហើយ​រចនា​សម្ព័ន្ធនៅតាមមូលដ្ឋាន ក៏ត្រូវបានរៀបចំថ្មីឡើងវិញដែរ។ ហេតុការណ៍ទាំងនេះ ជាការសម្រេចដោយអត្តនោម័ត មិនមាន​ការពិភាក្សាអ្វីឡើយ បង្កឲ្យបាតុភាពផ្ទៃក្នុងគណបក្សផ្ទុះឡើង ជាពិសេសពីក្នុងចំណោមមន្ត្រីចាស់ៗ។

សម្រាប់បញ្ហាទាំងនេះ ត្រូវបានលោក ញឹក ប៊ុកឆៃ លើកមកថ្លែងទៀតថា លោកនឹងត្រូវពិភាក្សាគ្នា ជាមួយនឹងសម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាថ្ងៃទី២៨ ខែកុម្ភៈនេះ។ លោក ប៊ុនឆៃ ដែលធ្លាប់បោះឆ្នោតទម្លាក់ សម្ដេចក្រុមព្រះ ពីប្រធាន​គណបក្សនេះ កាលពីឆ្នាំ២០០៦កន្លងមនោះ បានសម្ដែងពីបំណងរបស់លោក ដែលចង់ឲ្យមានការប្រជុំ និងពិភាក្សា​គ្នា​មុនសិន មុននឹងធ្វើការសម្រេចអ្វីមួយ ឲ្យស្របទៅតាមលទ្ធិប្រជាធិបតេយ្យ ហើយលោក ក៏មិនមានគម្រោងធ្វើ «បក្ស​ប្រហារ»​ទម្លាក់ សម្តេចក្រុមព្រះ ពីប្រធានគណបក្សជាលើកទីពីរនោះដែរ។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា៖ «ខ្ងុំមិនចង់ឃើញរាជវង្ស វាយប្រហាគ្នានោះទេ ហើយបើមានបក្សមួយដឹកនាំ ដោយ​សម្តេចក្រុមព្រះ បក្សមួយដឹកនាំដោយ សម្តេចព្រះអនុជរាជបុត្រី ព្រះអង្គជារាជវង្ស ដែលជាបុត្រព្រះករុណាដូចគ្នា ហើយ​មកវាយប្រហាគ្នានោះ។ (...) បើយើងមានការរួបរួមគ្នាគឺយើងរស់ បើគ្មានទេគឺយើងស្លាប់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...