៥១ឆ្នាំ រស់ជាមួយ«ដែកចង្កឹះបញ្ជាភ្លើងឡាន» ជាប់នៅក្នុងសាច់
- ដោយ: សុបិន្ដ អត្ថបទ និងយកការណ៍៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៦ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 07, 2015
- ប្រធានបទ: កម្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចុងឆ្នាំកន្លងទៅ និងចូលមកដើមឆ្នាំនេះ លោក អាទៀរ ឡំភីត ក្នុងវ័យ៧៥ឆ្នាំ បានបង្កឲ្យមានការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ នៅក្នុងរដ្ឋអ៊ីលីណ័យ (Illinois) នៃសហរដ្ឋអាមេរិក។ ដែកទំហំប៉ុនចង្កឹះមួយដើម ប្រវែងប្រមាណជា១៨សង់ទីម៉ែត្រ បានរស់នៅយ៉ាងស្ងប់ស្ងៀមក្នុងដៃរបស់លោក តាំងពី៥១ឆ្នាំមកហើយ។ ដែកនោះ ជាចង្កឹះបញ្ជាបិតបើកភ្លើង នៅក្បែរនឹងចង្កូតរបស់រថយន្ដលោក តាំងពីទសវត្សន៍ឆ្នាំ៦០។
លោក ឡំភីត បានរំលឹករឿងរ៉ាវឡើងវិញ តាមរយៈទីភ្នាក់ងារព័ត៌មានអេភី (AP) ថា កាលពីឆ្នាំ១៩៦៣ ក្នុងអាជីពជាជាឈ្មួញកណ្ដាលនៃអចលនៈវត្ថុ លោកបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ក្នុងពេលដែលលោកធ្វើដំណើរ ទៅមើលលំនៅដ្ឋានមួយកន្លែង។ រថយន្ដរបស់លោក បានជ្រុលទៅបុកមួយទំហឹង ជាមួយនឹងគល់ឈើដ៏ធំ និងគ្មាននរណាម្នាក់នឹកឃើញថា អ្នកបើកបររថយន្ដនោះអាចនឹងមានជីវិតរស់នៅឡើយ។
យុវជន ឡំភីត បានរងនូវការវះកាត់ជាច្រើន ដើម្បីយកចេញនូវកម្ទេចកញ្ចក់ចេញពីខ្លួន ហើយបានសម្រាកព្យាបាលអស់ជាច្រើនថ្ងៃ។ ប៉ុន្តែរឿងមួយដែលគេបានភ្លេចនោះ គឺដែកចង្កឹះបញ្ជាភ្លើង«រថយន្ដ»ដែលចូលមកនៅក្នុងដៃលោក នាពេលគ្រោះថ្នាក់នោះ មិនត្រូវបានគ្រូពេទ្យណាម្នាក់ចាប់អារម្មណ៍នោះទេ។
មិនមែនថាលោកមិនដែលដឹងទាល់សោះ អំពីវត្តមានលោហៈធាតុ នៅក្នុងសាច់របស់លោកនោះទេ ព្រោះកាលពីជាង១០ឆ្នាំមុន នៅពេលលោកចូលនៅក្នុងសាលាក្ដី នៃរដ្ឋអ៊ីលីណ័យ ប្រដាប់រុករកលោហៈធាតុនិងជាតិផ្ទុះ របស់កងកម្លាំងសន្តិសុខ ក៏បានប្រកាសអាសន្នអំពីករណីនេះដែរ។ មិនត្រឹមតែប៉ុណ្ណឹង លោកធ្លាប់ត្រូវបានថតឆ្លុះ និងរកឃើញពីដែកដ៏វែងនៅក្នុងដៃមួយចំហៀងនេះ ប៉ុន្តែវាមិនបានបង្កឲ្យឈឺចុកចាប់ ឬបង្កឲ្យមានដំបៅក្លាយអ្វីទេ ដែលធ្វើឲ្យលោកមិនចាប់អារម្មណ៍ ហើយក៏មិនមានបំណង ឲ្យគ្រូពេទ្យវះកាត់យកចេញដែរ។
ប៉ុន្តែនៅពេលចុងឆ្នាំនេះ វត្ថុពិសេសដែលចូលមកស្នាក់នៅក្នុងខ្លួន ដោយគ្មានការព្រៀងទុកនេះ បានដុតឲ្យលោក ឡំភីត មានអារម្មណ៍កាន់តែឈឺចាប់ឡើង រហូតលោកត្រូវបង្ខំចិត្តចូលមន្ទីរពេទ្យ ដើម្បីដកលោហៈធាតុចេញពីសាច់។ គ្រូពេទ្យបានបង្ហាញការភ្ញាក់ផ្អើលថា គេធ្លាប់ឃើញរបស់ផ្សេងទៀតជាច្រើន ដែលចូលក្នុងសាច់មនុស្ស តែលោហៈធាតុដែលមានប្រវែងប៉ុណ្ណេះ និងចូលមកនៅក្នុងសាច់យ៉ាងយូរបែបនេះ ពិតជារឿងមួយដែលមិនគួរឲ្យនឹងស្មានដល់។ យ៉ាងណា លោក អាទៀរ ឡំភីត មិនគិតថានឹងបោះបង់ចោល មិត្តសម្លាញ់ចាស់ ដែលរស់នៅជាប់នឹងខ្លួនលោកពីជាង៥០ឆ្នាំមកហើយនេះទេ។ លោកបានរកឃើញវិធីមួយ ដើម្បីធ្វើឲ្យមានកាន់តែមានប្រយោជន៍ និងអាចទៅណាមកណាជាមួយលោកនោះ គឺយកវាមកធ្វើជាបន្ដោងដាក់កូនសោរ៕