ស្ត្រីដែលមានដៃ«ធំជាងគេ»លើពិភពលោក ស្ថិតក្នុងប្រទេសថៃ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 06, 2014
- ប្រធានបទ: មានតែមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមអ្នកជំនាញជាច្រើននាក់ បានថ្លែងឲ្យដឹងថា អ្នកស្រី ដួងចៃ សាម៉ាក់សាម៉ាម ជាមនុស្សតែម្នាក់គត់ ក្នុងពិភពលោកយើងនេះ ដែលបានកើតជំងឺដ៏ចម្លែកនេះ។ ជំងឹដែលបានធ្វើឲ្យដៃទាំងទ្វេរបស់អ្នកស្រី ចាប់ពីដើមដៃរហូតដល់ចុងម្រាម រីកធំឡើង និងមានទម្ងន់ដ៏ធ្ងន់អស្ចារ្យ។ ស្ត្រីចំណាស់ជាតិថៃរូបនេះ បានត្អូញឡើងថា៖ «ដៃខ្ញុំទាំងពីរ មានទម្ងន់ធ្ងន់ណាស់ ធ្ងន់រហូតដល់ខ្ញុំមិនអាចលើកវា មកប្រើកក់សក់ ឬងូតទឹក។ ពិបាកមែនទែន។ សូម្បីតែស្លៀកពាក់ ក៏ពិបាក ហើយវាធ្វើឲ្យឈឺផ្សារណាស់។»
អ្នកជំនាញខាងវេជ្ជសាស្ត្រ បានអះអាងទៀតថា នៅក្នុងដៃទាំងគូរនេះ មានដុំខ្លាញ់ជាច្រើន ដែលចេះតែពង្រីកខ្លួនព័ទ្ធជុំវិញ ដៃរបស់អ្នកស្រី ដួងចៃ។ តាំងពីអ្នកស្រីមានអាយុ២៥ឆ្នាំមក អ្នកស្រីតែងបានឆ្លងកាត់ការវះកាត់ ជាច្រើនលើកច្រើនសារ ដើម្បីបូមយកដុំខ្លាញ់ទាំងនេះចេញ តែវានៅតែមានលទ្ធភាព ក្នុងការពង្រីកខ្លួនឡើងមកវិញ។
គ្រូពេទ្យរបស់អ្នកស្រី បានលើកឡើងពីមធ្យោបាយតែមួយគត់ ដើម្បីជួយអ្នកស្រីបាន នោះគឺត្រូវ«កាត់ដៃ»នេះចោល។ តែមធ្យោបាយនេះ មិនត្រូវបានអ្នកស្រី ដួងចៃយល់ស្របឡើយ នៅក្នុងពេលនេះ បើទោះជាការឈឺចាប់ដែលចេញមកពីដៃទាំងពីរ បានកើនឡើងកាន់តែខ្លាំង និងបង្កបញ្ហាគ្រប់បែបយ៉ាង រំខាន់ដល់ជីវិតរបស់គាត់។ អ្នកស្រី បានរំលឹកឡើងវិញថា៖ «ម្ដាយខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហានេះតាំងពីកំណើតមក ខ្ញុំភ័យខ្លាចណាស់ រហូតមិនបានទៅរៀនសូត្រនឹងគេ។ អញ្ចឹងហើយបានខ្ញុំ មិនចេះអានអក្សរនឹងគេ។»
ក្នុងពេលនេះ ដើម្បីបន្លប់នូវទុក្ខព្រួយ បូករួមនឹងការឈឺចាប់នោះផង អ្នកស្រីនៅតែព្យាយាមធ្វើការ និងលក់ដូររបស់របរបន្តិចបន្តួច ក្នុងក្ដីសង្ឃឹមថា នៅថ្ងៃណាមួយវេជ្ជសាស្ត្រ អាចនឹងមានលទ្ធភាព រករបកគំហើញថ្មី អាចព្យាបាលដៃរបស់គាត់បាន៕