ណីម៉ា ចូលហ្វឹកហាត់ដូចធម្មតាវិញ ចាប់ពីថ្ងៃអាទិត្យនេះតទៅ
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១២ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 13, 2018
- ប្រធានបទ: ក្រុមប៉ារីស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ ណីម៉ា (Neymar) ទទួលបានភ្លើងខៀវ ពីក្រុមគ្រូពេទ្យហើយ បន្ទាប់ពីបានឈប់សម្រាក អស់រយៈពេលជាងពីរខែ ដើម្បីព្យាបាលឆ្អឹងប្រអប់ជើង ដែលបានរងរបួស នៅក្នុងការប្រកួតរវាងក្រុម ប៉ារីស (Paris Saint-Germain - បារាំង) និងក្រុម ម៉ាសីយ៍ (Olympique Marseille - បារាំង) កាលពីអំឡុងខែកុម្ភៈកន្លងមក។
សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុម ប៉ារីស ដែលចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ បានសរសេរឲ្យដឹងថា៖ «ការពិនិត្យពិគ្រោះ (ជាមួយក្រុមគ្រូពេទ្យ) ដែលធ្វើឡើងក្នុងថ្ងៃនេះ បានបង្ហាញពីភាពរឹងមាំ នៃឆ្អឹងប្រអប់ជើងខាងស្ដាំ របស់កីឡាករ មានលក្ខណៈហួសពីគ្រប់គ្រាន់ (ដើម្បីអនុញ្ញាតឲ្យកីឡាករ អាចធ្វើការហ្វឹកហាត់ឡើងវិញបាន)»។
ក្រុម ប៉ារីស បានបញ្ជាក់បន្ថែមថា កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល ដ៏ល្បីកម្រិតពិភពលោករូបនេះ ដែលអវត្តមានពីការប្រកួត អស់រយៈពេលជាង២ខែមកនោះ នឹងចាប់ផ្ដើមការហ្វឹកហាត់ ផ្នែកសារពាង្គកាយ ជាមួយនឹងបាល់ទាត់ ពីថ្ងៃស្អែក (គឺថ្ងៃអាទិត្យនេះ) នេះតទៅ នៅក្នុងមណ្ឌលហ្វឹកហាត់ «Camp des Loges» ស្ថិតនៅភាគខាងលិច នៃតំបន់ជាយរដ្ឋធានីប៉ារីស។
កីឡាករ ណីម៉ា បានបង្ហាញវត្តមានរួចហើយ កាលពីយប់ថ្ងៃសៅរ៍ ក្នុងឱកាសនៃការប្រកួត រវាងក្រុម ប៉ារីស ដែលម្ចាស់ផ្ទះ ទល់នឹងក្រុម រ៉ែន (Rennes)។ កីឡាករ មិនបានចូលប្រកួតទេ តែបានចូលរួមទទួលពាន «Ligue 1» ជើងឯកបារាំង ដែលក្រុមបានឈ្នះ សម្រាប់រដូវកាលឆ្នាំ ២០១៧ ២០១៨នេះ។
ប្រសិនជាការហ្វឹកហាត់ នឹងប្រព្រឹត្តិទៅដោយធម្មតា និងគ្មានហេតុភេទអ្វី កើតឡើងទេនោះ កីឡាករ ណីម៉ា អាចនឹងចេញប្រកួត នៅថ្ងៃសៅរិ៍សប្ដាហ៍ក្រោយ រវាងក្រុម កង់ (Cean) និងក្រុម ប៉ារីស ជាការប្រកួត ក្នុងជុំចុងក្រោយ នៃក្របខណ្ឌ «Ligue 1»៕
» សកម្មភាពហ្វឹកហាត់ ផ្នែកកាយសម្បទា របស់កីឡាករ ណីម៉ា កាលពីសប្ដាហ៍មុន៖