នគរបាលអាមេរិកជាប់ចោទ ថាបាញ់ជនពិការស្បែកខ្មៅម្នាក់ស្លាប់
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ តុលា ២០១៥
- កែប្រែចុងក្រោយ: October 04, 2015
- ប្រធានបទ: បាញ់បោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័រយូធូប កាលពីពាក់កណ្ដាលសប្ដាហ៍មុន បានបង្ហាញឲ្យឃើញថា បុរសម្នាក់ដែលអង្គុយ នៅក្នុងរទេះរុញជនពិការ កំពុងត្រូវបាននគរបាលមួយក្រុម នៃក្រុង វៀលមីងតោន (Wilmington ក្នុងរដ្ឋ Delaware) បាញ់ប្រហារ។ នគរបាលបានពន្យល់ថា បន្ទាប់ពីទទួលបានការហៅទូរស័ព្ទ ពីមនុស្សម្នាក់ដែលទំនង ជាមានរបួសនោះ ភ្នាក់ងារនគរបាលមួយក្រុមនេះ ត្រូវបានចាត់ឲ្យទៅកាន់ទីកន្លែង ហើយបានដឹងថា ជនដែលរងរបួសនោះ មានអាវុធជាប់នឹងខ្លួន។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីបណ្ដាញផ្សព្វផ្សាយក្នុងតំបន់ ឈ្មោះ «NBC Philadelphia»។
សាក្សីម្នាក់ លោក សៀន អូវេន (Sean Owens) បានរៀបរាប់ថា៖ «ជនពិការបានដកកាំភ្លើង រឺវុលវ៉ែ ហើយបានព្យាយាមសម្លាប់ខ្លួន។ ខ្ញុំគិតថា គាត់បានបាញ់ខ្លួនឯងម្ដង ឬពីរដង ប៉ុន្តែនៅមានការបាញ់ឡើងលើ ជាច្រើនគ្រាប់ទៀត។» វីដេអូដដែលបានថតឃើញ ភ្នាក់ងារនគរបាលម្នាក់ ដែលកាន់អាវុធ ត្រៀមនៅនឹងដៃជាស្រេច បានប្រាប់ទៅជនពិការ ដែលមានឈ្មោះ ជេរ៉េមី ម៉ាកដូវ៉ែល (Jeremy McDowell) អាយុ២៨ឆ្នាំ ឲ្យលើកដៃឡើងលើ មុននឹងកម្លាំងនគរបាលពីរនាក់ទៀត ចូលមកភ្ជង់ជនពិការបន្ថែម។ បន្ទាប់មកស្នូរផ្ទុះកាំភ្លើង បានកើតឡើង តែមិនដឹងថា តើនរណាមួយជាអ្នកបាញ់នោះទេ។
នាយនគរបាល ការពារមន្ត្រីរបស់ខ្លួន
គេពិបាកនឹងដឹងថា តើលោក ជេរ៉េមី ម៉ាកដូវ៉ែល មានអាវុធនៅនឹងដៃ ដូចការអះអាងរបស់សាក្សី និងនគរបាល ឬយ៉ាងណាទេ? ប៉ុន្តែបើគេមើល តាមវីដេអូនោះ ក្នុងរយៈពេលមួយនាទីក្រោយមក គេឃើញបុរសពិការ បានគ្រវាសដៃចុះឡើង ជាមួយនឹងខោរបស់ខ្លួន ហើយគឺនៅពេលនោះហើយ ដែលការផ្ទុះអាវុធ បានកើតឡើង និងបន្ទាប់មកបុរសស្បែកខ្មៅ បានធ្លាក់ពីលើរទេះរុញ ហើយដួលទៅលើដី។
នាយនគរបាលក្រុង វៀលមីងតោន លោក បប់ប៊ី ឃុំមីង (Bobby Cummings) បានទស្សនាវីដេអូដូចគ្នានេះ ហើយបានថ្លែងអះអាងថា មន្ត្រីក្រោមបង្គាប់របស់លោក បានធ្វើការរបស់ពួកគេ ប្រកបដោយជំនាញត្រឹមត្រូវ។ លោកបញ្ជាក់ថា នគរបាលបានរកឃើញ កាំភ្លើងខ្លីធុន រឺវុលវ៉ែ ៣៨ នៅនឹងកន្លែង ហើយមន្ត្រីរបស់លោកចំនួន៤នាក់ ស្ថិតនៅក្នុងហេតុការណ៍នេះ។ លោក ឃុំមីង បានថ្លែងឲ្យដឹងថា៖ «ច្បាស់ហើយ គឺជននេះមានអាវុធនៅនឹងខ្លួន និងត្រូវបានប្រាប់ ឲ្យទម្លាក់អាវុធចុះ ជាច្រើនដង»។
«ជាការបាញ់សម្លាប់ឆៅ»
សម្រាប់គ្រួសាររបស់បុរសពិការវិញ បានប្រតិកម្មតបវិញ ថានេះ ជាការបាញ់សម្លាប់មួយ ពីសំណាក់កងកម្លាំងនគរបាល។ បងស្រីរបស់លោក ជេរ៉េមី គឺអ្នកស្រី ឡេតេសា ហ្គ្រីន (Letesha Green) បានផ្ទុះសំណួរទាំងកំហឹងថា៖ «ហេតុអ្វីមិនប្រើកាំភ្លើងឆក់?» លោក អឺជេន ស្មីត (Eugene Smith) ឪពុកមារបស់បុរសពិការ បានអះអាងប្រាប់សារព័ត៌មាន «New York Daily News» ថា លោកបាននៅជាមួយក្មួយរបស់លោក ១៥នាទីមុនហេតុការណ៍ ហើយលោក ជេរ៉េមី ម៉ាកដូវ៉ែល មិនមានកាំភ្លើង នៅជាប់នឹងខ្លួននោះទេ។ លោក ស្មីត បាននិយាយថា៖ «វាមានកាន់កាបូបមួយ តែខ្ញុំមិនបានឃើញទាល់តែសោះ ថាវាមានកាំភ្លើងខ្លី។ ខ្ញុំមិនខ្វល់ថា វាមានស្បែកស ឬស្បែកខ្មៅទេ តែរឿងនេះ ជាការបាញ់សម្លាប់ឆៅ។»៕