គ្រូបង្វឹកមែនញ៉ូចាស់ ការពារគ្រូបង្វឹកថ្មី
ទីបំផុតទៅ លោក សឺ អាឡិក ហ្វើហ្គឺសិន (Sir Alex Ferguson) អតីតគ្រូបង្វឹកដ៏មានឥទ្ធិពលនៅក្នុងពិភពបាល់ទាត់ និងបានចំណាយពេល២៧ឆ្នាំជាមួយក្លឹប មែនឆឺស្ទើរ យូណាយធីត (Manchester United) បានចេញមុខមកការពារលោក ដេវីឌ ម៉ូហ្ស (David Moyes) ថា លោក ម៉ូហ្ស គឺជាបុគ្គលតែម្នាក់គត់ ដែលអាចស្នងដំណែងរបស់គាត់បាន។ លោក ហ្វើហ្គឺសិន បាននិយាយថា «ម៉ូហ្សគ្រាន់តែត្រូវការពេលវេលា បន្ថែមច្រើនជាងនេះបន្តិច ជាមួយក្លឹប»។
អតីតគ្រូបង្វឹកម៉ែនញ៉ូ លោក សឺ អាឡិក ហ្វើហ្គឺសិន នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន។ (រូបថត bleacherreport.com)
បាល់ទាត់អង់គ្លេស - លោក ម៉ូហ្ស បានចូលមកដឹកនាំក្លឹប ម៉ែនឆែស្ទើ យូណាយធីត ជំនួសគ្រូបង្វឹកចាស់ លោក ហ្វើហ្គឺសិន តាំងពីខែកក្កដា ឆ្នាំ២០១៣ ប៉ុន្ដែក្រោយមការដឹកនាំរបស់លោក ជើងខ្លាំងមួយនេះ បានប្រែក្លាយទៅជាក្លឹបមួយដែលមិនគួរឲ្យទស្សនាទាល់តែសោះ សឹងតែនៅរាល់ពេលប្រកួត ដោយសារតែទម្រង់លេងរបស់ក្លឹប មានលក្ខណៈខ្សោយមែនទែនតែម្ដង។ បច្ចុប្បន្ននេះក្លឹបឈរនៅលំដាប់ទី ៧ នៃតារាង Barclays English Premier League ហើយក្លឹបបានធ្លាក់ចេញ ពីការប្រកួតដណ្ដើមពានរង្វាន់នានាក្នុងស្រុកដូចជា FA Cup និងCapital One Cup ជាដើម។ លើសពីនេះទៅទៀត គ្រូបង្វឹកថ្មីរូបនេះ បានដឹកនាំក្លឹបដ៏ល្បីឈ្មោះ ឲ្យបរាជ័យយ៉ាងជូរចត់នៅក្រោមថ្វីជើងរបស់ក្លឹប អូឡាំទីកូស (Olympiakos) ដែលក្នុងប្រវត្តិសាស្រ្ត ក្រុមនេះ មិនដែលឈ្នះក្លឹបម៉ែនញ៉ូម្ដងណាឡើយ។
លោក ហ្វើហ្គឺសិន ជឿជាក់ថាគ្រូបង្វឹកថ្មីដែលលោកបានឧទ្ទេសនាម ឲ្យមកជំនួសដំណែងរបស់លោកក្នុងការទទួលខុសត្រូវ លើជោគវាសនារបស់ក្លឹបនេះ ពិតជាអាចនាំជោគជ័យឲ្យក្លឹបជាក់ជាមិនខាន គ្រាន់តែត្រូវចំណាយពេលវេលាច្រើនជាងនេះ ដើម្បីរៀបចំក្លឹបមួយនេះឲ្យមានភាពសមស្រប ជាមួយនឹងការដឹកនាំរបស់លោក និងក្រុមការងាររបស់គាត់។
អតីតគ្រូបង្វឹករបស់ក្លឹបជាងបីទស្សវត្សរ៍រូបនេះ បាននិយាយប្រកបដោយការជឿជាក់ថា «មនុស្សដែលគាត់ជ្រើសរើសពិតជាមិនខុសឡើយ សូមទុកពេលវេលាខ្លះ ឲ្យគាត់រៀបចំឡើងវិញ»។ វាជារឿងធម្មតាទេ ដែលក្លឹបមួយស្ថិតនៅក្រោមការដឹកនាំរបស់លោកអស់រយៈពេល ២៧ ឆ្នាំទៅហើយ ត្រូវការពេលវេលាច្រើន ដើម្បីឲ្យកីឡាករមានភាពស៊ាំនឹងទម្រង់លេង និងការដឹកនាំថ្មី របស់គ្រូបង្វឹកថ្មី។ លោក ហ្វើហ្គឺសិន បានបន្លែមទៀតថា ក្លឹប ម៉ែនឆែស្ទើ ពិតជាមិនមានរឿងអីកើតឡើងទេ ហើលក្លឹបនឹងបន្ដភាពជោគជ័យរបស់ក្លឹប ទៅមុខទៀតជាមិនខាន៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤