សាលារាជធានី មិនឲ្យធ្វើវេទិកាសាធារណៈរបស់សហជីព នៅថ្ងៃ៨មីនា
បន្ទាប់ពីកិច្ចប្រជុំមួយរវាង សាលារាជធានីភ្នំពេញ និងតំណាងសហជីពមួយចំនួនរួចមក សាលារាជធានីភ្នំពេញ មិនអនុញ្ញាតអោយសហជីពធ្វើវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យនោះឡើយ។ ការហាមឃាត់នោះ ត្រូវបានលើកមកបញ្ជាក់ថា ស្ថិតក្រោមហេតុផលសន្តិសុខសណ្តាប់ធ្នាប់។
ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)
សិទ្ធិ - នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤នេះ សាលារាជធានីភ្នំពេញ និងតំណាងសហជីពធំៗមួយចំនួន បានជួបប្រជុំដើម្បីទាក់ទងនឹងការសុំធ្វើវេទិកាសាធារណៈ របស់សហជីពនៅថ្ងៃទី៨ ខែមីនា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងនិយោជកដោះស្រាយបញ្ហាមួយចំនួន រួមទាំងការដោះលែងអ្នកជាប់ឃុំ២១នាក់ និងដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ ក្នុង១ខែផងដែរ។
ចេញពីកិច្ចប្រជុំនោះ អ្នកស្រី កេន ហេងឡាង អនុប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ អោយដឹងនៅថ្ងៃនេះថា សាលារាជធានីភ្នំពេញមិនបានអនុញ្ញាតឲ្យសហជីពទាំង១៨ប្រារព្ធវេទិការសាធារណៈ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី០៨ ខែមិនា ខាងមុខនេះទេ។ អ្នកស្រីបានឲ្យដឹងថា សាលារាជធានីបានអោយក្រុមសហជីព ប្តូរទៅធ្វើនៅតាមការិយាល័យសហជីពរៀងៗខ្លួនវិញ។
បើតាមការបញ្ជាក់របស់ លោក សរ ម៉ូរ៉ា ប្រធានប្រតិបត្តិសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ថ្លែងថា មូលហេតុដែលសាលារាជធានីមិនអនុញ្ញាត អោយធ្វើនៅទីលានប្រជាធិបតេយ្យដោយសារហេតុផលមានមនុស្សច្រើន និងដើម្បីរក្សាសន្តិសុខសុវត្តិភាព និងសណ្តាប់ធ្នាប់។
តែហេតុផលនេះ ត្រូវបាន លោក សរ ម៉ូរ៉ា ចាត់ទុកថា ជាការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលជាកម្មករនិយោជិក មិនអាចប្រើប្រាស់សិទ្ធជាមូលដ្ឋានរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញបាន។ ប្រធានប្រតិបត្តិសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជារូបនេះបានព្យល់យ៉ាងដូច្នេះទៀតថា «វេទិកាថ្ងៃ៨ មិនា នេះមិនមែនជាបាតុកម្មទេ វាគ្រាន់តែជាវេទិកាជួបជុំគ្នាសម្តែងមតិ ដើម្បីចង់អោយមានតម្លាភាព មានគណនេយ្យភាព រវាងរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ តែគ្រាន់អញ្ចឹងក៏ត្រូវបានហាមឃាត់ដែរ។»
ទស្សនាវដ្ដី មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យសាលារាជធាភ្នំពេញ លោក ឡុង ឌីម៉ង់បានទេ ដោយសារតែហៅទូរស័ព្ទចូល តែគ្មានការទទួល។
បើទោះបីជាអ្នកការហាមឃាត់ ពីសាលាក្រុងយ៉ាងណាក៏ដោយ លោក រ៉ុង ឈុនធ្លាប់បាន អះអាងថា កម្មវិធីនេះ មិនអាចលប់ចោលបានទេ បើទោះបីជាខាងសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ ដោយសារតែពួកលោកមិនមានធ្វើអីខុសច្បាប់ ហើយក៏បានដាក់ពាក្យជូនដំណឹងទៅសាលារាជធានីរួចហើយ ហើយពួកលោកក៏មិនមានការព្រួយបារម្ភពីការប៉ះទង្គិចគ្នាដែរ។ ចំពោះផែនការថា នឹងសម្រេចយ៉ាងណាទៀតនោះ ខាងសហជីពនឹងជជែកគ្នាជាបន្តទៀតថានឹងត្រូវធ្វើបែបម៉េច។
គួរបញ្ជាក់ វេទិកាសាធារណៈនៅថ្ងៃទី០៨ មិនានោះ ធ្វើឡើងដើម្បីការពន្លឿនការដោះស្រាយរឿងកម្មករ ការចរចាដំឡើងប្រាក់ឈ្នួលកម្មករ១៦០ដុល្លា និងដោះលែងមនុស្ស២១ក្នុងពន្ធនាគារត្រពាំងផ្លុងជាដើម។ វេទិកានោះផងដែរក៏គ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំរដ្ឋាភិបាល មានដូចជា លោក ស ខេង លោក គាត ឈន់ លោក ជីវ កេង និង លោក អ៊ិត សំហេង ក៏ដូចជាប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី និង លោកកឹម សុខា មកបំភ្លឺជុំវិញប្រាក់ឈ្នួលរបស់កម្មករ ជុំវិញសិទ្ធិសេរីភាពរបស់កម្មករ ការប្រើហឹង្សាដែលធ្វើឲ្យកម្មករមានការបាត់បង់ជីវិត រងរបួស ការចាប់ឃុំខ្លួនមនុស្សចំនួន២១នាក់ ។ សហជីព និងសមាគមទាំង១៨ បានដាក់លិខិតអញ្ជើញនោះ ទៅថ្នាក់ដឹកនាំទាំងនោះហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតប បែបណានោះទេ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិនា ២០១៤