យុវជនភ្នំពេញក្រោនត្រៀមជួបម៉ាឡេស៊ី បន្ទាប់ពីចាញ់វៀតណាម៤-០
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់យុវជនភ្នំពេញក្រោនអាយុក្រោម១៤ឆ្នាំ កំពុងតែធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមប្រកួតលើកទី២របស់ខ្លួន ដែលត្រូវជួបជាមួយក្រុមហ្វ្រិនម៉ាឡេស៊ីអេ (Frenz Malaysia A) របស់ប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម១៥ឆ្នាំ (U-15 Asean Champions Trophy 2013) នៅថ្ងៃទី០១ ខែមិថុនា នាកីឡាដ្ឋានជាតិអូឡាំពិក។
ក្រុមបាល់ទាត់យុវជនភ្នំពេញក្រោន អាយុក្រោម១៤ឆ្នាំ។
គួររំឭកថាក្រុមបាល់ទាត់យុវជនថ្នាលក្លឹបភ្នំពេញក្រោន ដែលតំណាងឲ្យក្រុមកម្ពុជា បានប្រកួតចាញ់ក្រុមយុវជនវៀតណាមភីអេហ្វវី (PVF) យ៉ាងចាស់ដៃក្នុងការប្រកួតបើកឆាកដំបូង ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃសៅរ៏កន្លងទៅ នៅក្នុងទីក្រុងហូជីមិញ។
គ្រូបង្វឹកបង្គោលរបស់យុវជនក្រុមភ្នំពេញក្រោន លោកបួយ ដាវី បាននិយាយថា «ទោះបីជាយើងចាញ់ក្នុងការប្រកួតដំបូង ប៉ុន្តែខ្ញុំពេញចិត្តចំពោះទម្រង់លេងរបស់ក្រុម ដោយកីឡាកររបស់យើងមានភាពក្លាហាន និងគ្រប់គ្រងបាល់បានយ៉ាងច្រើន។ ការបរាជ័យនេះ ដោយសារតែយើងមានការភ្លាត់ស្នៀត ហើយកីឡាកររបស់យើងមានមាឌតូចៗជាងគេ និងថែមទាំងមានល្បឿនយឺតជាងកីឡាករក្រុមគេទៀតផង។»
គ្រូបង្វឹករូបនេះ បានបន្តថា «ការលេងជាមួយគេមាឌធំៗ ហើយកម្លាំងខ្លាំងជាងពេញ៩០នាទី វាមិនមែនជាការងាយស្រួលនោះទេ។ ដូច្នេះយើងនឹងពង្រឹងបន្ថែមទៀត នូវរាល់ចំណុចខ្វះខាតទាំងនេះ ដើម្បីត្រៀមប្រកួតបន្ទាប់នៅក្នុងផ្ទះខ្លួនឯង។ ខ្ញុំគិតថា ការប្រកួតបន្ទាប់ក៏ជាការប្រកួតដ៏តានតឹងដូចគ្នា ខណៈដែលក្រុមម៉ាឡេស៊ីមួយនេះ ទើបតែឈ្នះក្រុមសិង្ហបុរី ២-១ ដែរនោះ។»
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម១៥ឆ្នាំនេះ មានក្រុមចំនួន១២ចូលរួម ដែលមកពី១១ប្រទេស។ ហើយពានរង្វាន់ដ៏ធំប្រចាំឆ្នាំលើកដំបូងនេះ ជាគំនិតផ្តួចផ្តើមរបស់សហព័ន្ធបាល់ទាត់ប្រទេសម៉ាឡេស៊ី ដែលក្នុងនោះការប្រកួត ត្រូវបានចែកចេញជា២ពូល ពោលគឺ ពូលអេ (A) និងពូលប៊ី (B )>។
ចំណែកឯក្រុមយុវជនភ្នំពេញក្រោនរបស់កម្ពុជា ស្ថិតនៅក្នុងពូលអេ (A) ដែលមានក្រុមចំនួន៦ មកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម ទីម័រខាងកើត និងក្រុមយុវជនរបស់ថៃ។ រីឯការប្រកួត នឹងត្រូវប្រកួតដូរទឹកដីគ្នាទៅវិញទៅមក ហើយមានតែក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ក្នុងពូលតែប៉ុណ្ណោះ ដែលអាចមានសិទ្ធទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តបាន។
លោកបួយ ដាវី បានបន្ថែមថា «មូលហេតុដែលយើងចូលរួមក្នុងព្រឹត្តិការណ៏នេះ យើងចង់លើកពានដ៏ធំរបស់អាស៊ីអាគ្នេយ៏មួយនេះ ប៉ុន្តែយើងក៏ត្រូវប្រឈមមុខជាមួយក្រុមខ្លាំងៗជាច្រើនដែរ។ យើងនឹងប្រកួតនៅក្នុងផ្ទះខ្លួនឯង នៅថ្ងៃសៅរ៏ ទី០១ ខែមិថុនាខាងមុខនេះ នាកីឡាដ្ឋានជាតិអូឡាំពិក ដែលត្រូវជួបជាមួយក្រុមខ្លាំងរបស់ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែចំពោះម៉ោងប្រកួត ពុំទាន់សម្រេចនៅឡើយទេ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ