នរោត្តម រណឫទ្ធិ៖ មិនមែនមកបំបែកកម្លាំងគណបក្សណាមួយទេ
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៥ មករា ០១៤
- កែប្រែចុងក្រោយ: January 06, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសន្និសីទសារព័ត៌មាន នាដំណាក់ ក្នុងបុរីទន្លេបាសាក់ (មុខក្រសួងមហាផ្ទៃ) ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានបង្ហាញនូវជំហរនៃការចូលរួមក្នុងឆាកនយោបាយ«ថ្មី» ក្នុងគណបក្ស«ចាស់» របស់ទ្រង់ថា ការវិលត្រឡប់មកដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចវិញ ដោយសារតែព្រះអង្គមាន បំណងបង្រួបបង្រួមនូវអ្នករាជានិយមឡើងវិញ។ ពិសេសជាងនេះ ចង់ពង្រីក គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាកេរ្តិ៍តំណែល និងជាស្នាព្រះហស្ថ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលជាសម្តេចឪ សម្ដេចតានៃយើង។
ព្រះអង្គបន្តថា ព្រោះតែមិនចង់ឃើញមានភាពចុះខ្សោយ និងឈានទៅរកការបែកបាក់គ្នានៃសែរាជវង្ស ព្រោះតែនយោបាយដើម្បីសេចក្តីសុខជាតិ និងប្រជារាស្រ្តនោះដែរ។ នៅក្នុងព្រះបន្ទូលមួយចំនួន ព្រះអង្គហាក់ដូចជាចង់បង្ហាញថា នេះជាឱកាសថ្មី ដែលព្រះអង្គត្រូវរំលឹកអនុស្សាវរីយ៍ចាស់មកវិញ ចំពោះគណបក្សកំសត់មួយនេះ ក្រោយការចាកចេញ ឬបែកផ្លូវអស់រយៈពេលជាងប្រាំបួនឆ្នាំមកនេះ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាទើបនឹងក្លាយជាប្រធានគណបក្ស សង្គមរាស្ត្ររាជាធិបតេយ្យអង្គនេះ បានសម្រេចចិត្តមកកាន់ដំណែងជា ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចវិញ បន្ទាប់ពីមានការយាងរបស់ ព្រះអនុជព្រះអង្គ ព្រះរាជបុត្រី នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥នេះ។
» សូមអានអត្ថបទដែលទាក់ទង៖ ទ្រង់ រណឫទ្ធិ វិលមក ហ៊្វុនស៊ីនប៉ិច វិញ ជាជំរើសដ៏ត្រឹមត្រូវ?
មានបន្ទូលនៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ ព្រះអង្គអះអាងទៀតថា ការយាងទៅដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានសារសំខាន់។ ការយាងចូលនេះ ដើម្បីរបបរាជានិយម ដើម្បីប្រជារាស្រ្ត និងជាតិខ្មែរដែរ។ ព្រោះថា «របបរាជានិយម» មានតែគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលជា«ជន្ទល់» ដ៏រឹងមាំ អាចការពារបាន។ វាមិនមែនជាការបំបែកសំឡេង របស់គណបក្សណាមួយ ដូចប្រធានស្តីទីគណបក្សសង្គ្រោះជាតិលើកឡើងនោះទេ។
កាលលើកឡើងរបស់ព្រះអង្គនេះ ទំនាងជាការឆ្លើយតបទៅនឹង ប្រធានគណបក្សសម រង្ស៊ី លោក គង់ គាំ ក្នុងពិធីបង្សុកូលឧទ្ទិសកុសល ជូនអ្នកស្លាប់នៅផ្លូវវ៉េងស្រេង ព្រឹកថ្ងៃទី៤ ខែមករានេះ។ កាលនោះ លោក គង់ គាំ ប្រធានគណបក្សសង្គ្រោះជាតិស្តីទី បានលើកឡើងថា «សព្វថ្ងៃនេះគេខំប្រឹងពង្រឹង គណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ។ អត់ប្រយោជន៍ទេ ប្រជាពលរដ្ឋលែងមានជំនឿជឿជាក់ លើគណបក្សហ្វ៊ុនស៊ិនប៉ិចហើយ។ (…) គេចង់បង្កើតកម្លាំងនយោបាយថ្មី។ គេចង់បំបែកផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ យើងមិនអាចឲ្យពួកគេបំបែកបំបាក់ផ្ទៃក្នុងបានជាដាច់ខាត។»៕