កម្ពុជា៖ កំដៅឡើងរវាងរដ្ឋាភិបាល និងវិទ្យុអាមេរិក ផ្សាយជាខេមរភាសា

នៅថ្ងៃបន្ទាប់ ដែលទីស្ដីការគណរដ្ឋមន្ត្រី រួមជាមួយនឹងក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងក្រសួងពត៌មានរបស់ប្រទេសកម្ពុជា បានកោះហៅតំណាងរបស់វិទ្យុទាំងពីរ អោយទៅចូលរួម ក្នុងកិច្ចប្រជុំបិទទ្វាមួយនោះ វិទ្យុដែលគាំទ្រថវិការ ដោយសហរដ្ឋអាមេរិករ ទាំងពីរនេះ បានឆ្លើយតបបកមកវិញយ៉ាងខ្លាំងៗ តាមរយះសេចក្ដីប្រកាសរៀងៗខ្លួន និងជាបន្ដបន្ទាប់។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលកម្ពុជា បានហៅទៅដាស់តឿន កាលពីថ្ងៃ០៩តុលាកន្លងមក នៅតែប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការផ្សាយរបស់ខ្លួន ដែលផ្ទុយ ទៅនឹងអ្វីដែលខាងអាជ្ញាធរចង់បាន។

នៅថ្ងៃបន្ទាប់  ដែលទីស្ដីការគណរដ្ឋមន្ត្រី រួមជាមួយនឹងក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងក្រសួងពត៌មានរបស់ ប្រទេសកម្ពុជា បានកោះហៅតំណាងរបស់វិទ្យុទាំងពីរ អោយទៅចូលរួមក្នុងកិច្ចប្រជុំបិទទ្វាមួយនោះ វិទ្យុដែលគាំទ្រថវិការ ដោយសហរដ្ឋអាមេរិករ ទាំងពីរនេះ បានឆ្លើយតបបកមកវិញយ៉ាងខ្លាំងៗ តាមរយះសេចក្ដីប្រកាសរៀងៗខ្លួន និងជាបន្ដ បន្ទាប់។ នេះជាការផ្សាយអោយដឹងរបស់កាសែតភ្នំពេញប៉ុស្ដ៍ កាលពីថ្ងៃទី១១តុលានេះ។ កាសែតបានលើកយក សេចក្ដី ប្រកាសរបស់វិទ្យុអាស៊ីសេរី ដែលមានជាអាថ៌ថា៖ «កិច្ច​ប្រជុំ​គ្មាន​អ្វី​ទេ ក្រៅ​ពីជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ច្បាស់​ក្រឡែក ក្នុង​ការ​រារាំង​កុំ​ឲ្យ​មានការ​រាយ​ការណ៍​មិន​លម្អៀង អំពី​រដ្ឋាភិបាល។ វិទ្យុ​អាស៊ី​សេរី នឹង​បន្ត​រាយការណ៍​រឿង​រ៉ាវ​ទាំង​អស់ ដែល​ជា​ចំណាប់​អារម្មណ៍ និង​ជា​ក្តី​កង្វល់​របស់​សាធារណជន​ដោយ​ត្រឹម​ត្រូវ និង​មិន​លម្អៀង។» វិទ្យុដែលគាំទ្រថវិការដោយ សភា របស់អាមេរិកមួយនេះ បានបន្ដថា៖ «រដ្ឋាភិបាល​កម្ពុជា ពិត​ជា​មិន​យល់​ពី​គោល​ការណ៍​ សេរីភាព​សារ​ព័ត៌មាន​ ឬ​តួនាទី​សំខាន់​នៃ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នោះ​ទេ ​ហើយ​គិត​ថា ខ្លួន​អាច​បំភិត​បំភ័យ​វិទ្យុ​អាស៊ី​សេរី ហើយ​កំណត់​អ្វីដែល​វិទ្យុយើង​អាច​ឬ​មិន​អាច​រាយ​ការណ៍​នោះ។ យើង​គាំទ្រ​របាយការណ៍ និង​អ្នក​យក​ព័ត៌មាន​របស់​យើង។»

ចំណែកឯលោក គ្រីស ដឺឆើរ (Chris Decherd) ប្រធាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ជា​ភាសាខ្មែរ បានលើកបញ្ជាក់ថា៖ «វិទ្យុ​សំឡេង​អាមេរិក​ជា​ភាសាខ្មែរ​ នឹង​បន្ត​ផ្សព្វផ្សាយ​ និង​រាយការណ៍​ដោយ ​មិន​លម្អៀង​និង​មាន​លក្ខណៈ​វិជ្ជា​ជីវៈ ដែល​យើង​បាន​ធ្វើ​រួច​ហើយ​ ក្នុង​រយៈ​ពេល​ជាង ៥ ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ផ្តល់​ព័ត៌មាន​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ​ដល់​ប្រជាជន​កម្ពុជា​១៤លាន​នាក់។ » លោកសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រជាជនកម្ពុជា ​សម​នឹង​ទទួល​បាន​ ព័ត៌មាន​ដែលមាន​គុណភាព និងដែល​ពួកគេ​អាច​ជឿ​ជាក់​បាន។»

ក្នុងការផ្សាយបទវិភាគមួយ របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣តុលានេះ បានរៀបរាប់ពីសារអេឡិក​ត្រូនិក​ របស់អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​កម្ពុជា​ លោក សន​ ម៉ាកឃីនថត ដែល​មានវត្តមាន​ ក្នុង​កិច្ច​ប្រជុំ​នោះដែរ ថាដោយហេតុ​ កិច្ចប្រជុំ​មាន​លក្ខណៈ​បិទ​ទ្វារ លោក​មិន​អាច​បញ្ចេញ​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នេះ​បាន​ទេ ប៉ុន្តែ​ជំហរ​របស់​សហ​រដ្ឋ​អា​មេរិក «​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ» និង​«សិទ្ឋិ​ទទួល​ព័ត៌មាន​» តាមរយៈ​ប្រព័ន្ឋ​ផ្សព្វ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​ សេរី​ និង​សំឡេង​សហ​រដ្ឋ​អាមេរិក។​

កាសែតភ្នំពេញប៉ុស្ដ៍ដដែល បានលើកសំដីរបស់ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ដែលបានវាយតំលៃ ពីកិច្ចប្រជុំនេះ ថាមាន«លក្ខណៈ​មិត្ត​ភាព»​ និងបាននិយាយនៅជុំវិញតែបញ្ហា«វិជ្ជាជីវៈ»។ លោក​ បន្ត​ថា៖ «អ្វី​ដែល​បាន​កើត​ឡើង យើង​មិន​បាន​ធ្វើ​សេចក្តី​វិនិច្ឆ័យ​ទេ យើង​គ្រាន់​តែ​រំឭក​ពួកគេ​ ឲ្យ​ងាក​មើល​សេចក្តី​រាយការណ៍ ឬ​បេសកកម្ម របស់​ខ្លួន។ យើង​មិន​ចោទ​ពួកគេ​ទេ»។ នៅ​ពេល​សួរ​អំពី​សេចក្តី​ប្រកាសពត៌មានរបស់​វិទ្យុ​អាស៊ី​សេរី លោក​ថា​៖ «វា​មិន​មែន​ជា​សញ្ញា​នៃ​ការ​បំភិត​បំភ័យ​ទេ។ វាជា​សញ្ញា​ ដែលត្រូវគោរព​កម្ពុជា ​ជា​រដ្ឋ​អធិបតេយ្យ... ហើយការដែលគេនិយាយរៀបរាប់ពីកិច្ចប្រជុំនេះ គឺ​ជាការបំភ័នមួយ ជាការបង្វែរសាច់រឿង និងគ្មានវិជ្ជាជីវៈ។»

អ្នកវិភាគជាច្រើន បានបកស្រាយពីពាក្យដែលលោក ផៃ ស៊ីផាន បានប្រើក្នុងនាម «រដ្ឋអធិបតេយ្យ» ដើម្បីពន្យល់ពីកម្មវត្ថុ ចង់ដាស់តឿនទៅវិទ្យុទាំងពី អោយគោរពវិជ្ជាជីវៈរបស់អ្នកសារពត៌មាន ថាជារឿងពីរផ្ទុយគ្នាស្រឡះ (រវាង អធិបតេយ្យភាព របស់រដ្ឋ និង វិជ្ជាជីវៈ) ។  សូមបញ្ជាក់ថា វិទ្យុទាំងពីរបានរាយការណ៍ ធ្វើបទយកការណ៍ និងបទវិភាគកន្លងមក ដោយបាន សង្កត់ធ្ងន់នៅលើ ប្រធានបទដ៏រសើបជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជា បញ្ហាដីធ្លី ព្រំដែន​ អយុត្តិធម៌សង្គម និងការ បំផ្លាញធនធានធម្មជាតិ  ដែលរឿងទាំងនេះ វាមិនបានធ្វើអោយ រដ្ឋាភិបាលកម្ពុជាសប្បាយចិត្តប៉ុន្មានឡើយ។ ការជជែក វែកញែករវាង រដ្ឋាភិបាលខ្មែរ និងវិទ្យុអាមេរិកនៅពេលនេះ បានកើតឡើងចំពេលដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំ ចាំទទួលដំណើរ ទស្សនកិច្ចជាផ្លូវការ របស់ប្រធានាធីបតីអាមេរិក ក្នុងខែវិច្ឆិការខាងមុខ៕

-----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...