កម្ពុជា៖ បារ៉ាក់ អូបាម៉ា នឹងមកកម្ពុជា ទោះបក្សប្រឆាំងរារាំង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា នឹងមកចូលរួមក្នុងជំនួបកំពូលលើកទី៧ របស់ក្រុមប្រទេសអាស៊ី ខាងកើត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២០វិច្ឆិការឆ្នាំ២០១២នេះ នៅរាជធានីភ្នំពេញ។ នេះជាការអះអាងចុងក្រោយបំផុត បើទោះជាមានការស្នើសុំ ពីសំណាក់គណបក្សប្រឆាំង ដើម្បីកុំអោយលោកធ្វើដំណើរមកកម្ពុជា ឬដោយមានលក្ខខ័ណ្ឌ យ៉ាងណាក៏ដោយ។
រដ្ឋលេខាដ្ឋានរបស់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់លាស់សារជាថ្មីថា ប្រសិនជាលោក បារ៉ាក់ អូបាម៉ា នឹងជាប់ឆ្នោតជា ប្រធានាធិបតីឡើងវិញ នៅថ្ងៃទី៦វិច្ឆិកាខាងមុខ លោកនឹងមានវត្តមាននៅក្នុងអង្គប្រជំដ៏កំពូលនេះ បើទោះជាមាន សំណូមពរពីសំណាក់គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា មិនចង់អោយលោកធ្វើទស្សនកិច្ចនេះក៏ដោយ។ គណបក្ស ប្រឆាំងបានស្នើអោយលោកប្រធានាធិបតី ដាក់លក្ខខ័ណ្ឌជាមួយរដ្ឋាភិបាលកម្ពុជា ត្រូវពិនិត្យសើរើឡើងវិញ ពីប្រព័ន្ធ បោះឆ្នោតរបស់ប្រទេស ដើម្បីធានាអោយបាននូវភាពសេរី និងយុត្តិធម៌។ រដ្ឋមន្រ្តីការបរទេសលោកស្រី ហ៊ីឡារី គ្លីនតុន បានជួបជាមួយក្រុមរដ្ឋមន្ត្រីការបរទេស របស់បណ្ដាប្រទេសអាស៊ាន កាលពីថ្ងៃ ទី២៧កញ្ញាកន្លងទៅ ដើម្បីត្រៀមរៀបចំ ដំណើរទស្សនកិច្ចនេះ។ ជំនួបកំពូលរបស់ក្រុមប្រទេសអាស៊ីខាងកើត មានរូម បញ្ចូលបណ្ដាមេដឹកនាំ របស់អាស៊ាន និងប្រទេសផ្សេងទៀត នៅជុំវិញមហាសាគរបាស៊ីភិច ដូចជាចិន និងសហរដ្ឋ អាមេរិកជាដើម នឹងប្រព្រឹត្តិទៅស្របគ្នា ជាមួយនឹង ជំនួបកំពូលរបស់អាស៊ាន នៅថ្ងៃទី១៨ដល់ថ្ងៃទី២០វិច្ឆិការខាងមុខ ក្នុងរាជធានីភ្នំពេញ។
គណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា បានអំពាវនាវទៅប្រធានាធិបតីអាមេរិក អោយលប់ចោលដំណើរទស្សនកិច្ចនេះ ប្រសិនណាជារដ្ឋាភិបាលកម្ពុជា មិនមានគោលជំហរ ក្នុងការកែរទម្រង់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល ជារឿយៗទទួលការចោទប្រកាន់ថា បានលំអៀងទៅគណបក្សប្រជាជាន ដែលកំពុងកាន់អំណាច។ នៅលើគេហទំព័រ Change.org ដែលជាគេហទំព័រសំរាប់ទទួលហត្ថលេខាគាំទ្រតាមបណ្ដាញអាំងធើណែតនោះ លោកស្រីមូ សុខហួរ អ្នកតំណាងរាស្រ្តមកពីគណបក្ស សម រង្សី បានបើកយុទ្ធនាការរកហត្ថលេខាគាំទ្រញាតិមួយ កាលពីថ្ងៃទី២៦កញ្ញា ដើម្បីដាក់ជូនទៅប្រធានាធិបតីអាមេរិក។ លោកស្រីទទួលបានហត្ថលេខា ប្រមាណជា១០០០ ហត្ថលេខា តែក្នុង រយះពេល១សប្ដាហ៍ ដែលគេរំពឹងថា ជាហត្ថលេខារបស់ពលរដ្ឋអាមេរិក។ នៅក្នុងញាតិនោះ មានសរសេរថា «មិនគួរ អនុញាតិអោយរដ្ឋាភិបាលផ្ដាច់ការមួយ ប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកប្រធានធិបតី ក្នុងន័យជាការយល់ព្រម ពីសំណាក់សហរដ្ឋអាមេរិក នូវអំពើរំលោភសិទ្ធីមនុស្ស និងការបង្វិលលទ្ធផលនៃការបោះឆ្នោតទាំងឡាយនៅកម្ពុជា នោះទេ។»
ដើម្បីដាក់សំពាធអោយកាន់តែខ្លាំង ប្រធានគណបក្សប្រឆាំងលោកសម រង្សី បានសរសេរកាលពីថ្ងៃ២៨កញ្ញា នៅលើ គេហទំព័ររបស់ គណបក្សរបស់លោក ស្នើសុំអោយពលរដ្ឋអាមេរិកាំង ដើមកំណើតខ្មែរ ចុះហត្ថលេខាគាំទ្រញាតិនេះ អោយកាន់តែច្រើន ដើម្បីសុំអោយលោកប្រធានាធិបតី លើកដំណើរទស្សនកិច្ចរបស់លោក ដរាបណា«ការកែរទម្រង់ ដ៏ពិតប្រាកដមួយ មិនទាន់ត្រូវបានធ្វើ»។ ប៉ុន្ដែរដ្ឋាភិបាលកម្ពុជា បានបដិសេធនូវរាល់ការកែទម្រង់ លើគណកម្មាធិការ ជាតិរៀបចំការបោះឆ្នោតនេះ ដោយនិយាយថា គណកម្មាធិការកន្លងមក មាន«ភាពឯករាជ្យ និងគតិយុត្តិ»រួចហើយ៕
---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ