AirAsia៖ រកឃើញប្រអប់ខ្មៅរបស់យន្ដហោះ ដោយក្រុមអ្នកជ្រមុជទឹក
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ មករា ២០១៥
- កែប្រែចុងក្រោយ: January 11, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកជំនាញខាងជ្រមុជទឹក បានរកឃើញប្រអប់ខ្មៅរបស់យន្ដហោះអ៊ែរប៊ូស ដែលភ្ជាប់ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ ហើយបានធ្លាក់នៅកណ្ដាលសមុទ្រ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ជាមួយនឹងមនុស្សជិះ១៦២នាក់ នោះហើយ។ នេះបើតាមការអះអាង របស់អ្នកទទួលខុសត្រូវមួយរូប នៃក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី។ ប៉ុន្តែគេនៅមិនទាន់អាចយកវា ឡើងមកលើបាននៅឡើយ ដោយសារតែវាជាប់គាំង នៅក្រោមបំណែកធំៗរបស់យន្ដហោះ។
ប្រអប់ខ្មៅ ដែលតាមការពិតមានពណ៌ទឹកក្រូចនោះ ជាឧបករណ៍ថតទុកនូវគ្រប់ព្រឹត្តិការណ៍ទាំងអស់ មានរួមទាំងការជជែកគ្នារវាងអ្នកបើកបរយន្ដហោះ ការជួបហេតុភេទអ្វីមួយ និងលក្ខណៈនៃការបើកបរយន្ដហោះចុងក្រោយ នៅក្នុងជើងហោះហើរនីមួយ។ នៅពេលដែលយន្ដហោះជួបប្រទះនឹងគ្រោះថ្នាក់ ឧបករណ៍ប្រអប់ខ្មៅគឺជាសាក្សីចាំបាច់ជាងគេ ក្នុងការរកឲ្យឃើញពីមូលហេតុនៃគ្រោះថ្នាក់នោះ។
នៅមុនមួយថ្ងៃ បណែកកន្ទុយយន្ដហោះត្រូវបានស្រង់ឡើងមកលើ។ ពោងបណ្ដែតទឹកធំៗចំនួន២ និងសន្ទូចទាញ ត្រូវបានប្រើប្រាស់ដើម្បីទាញបំណែកនេះ ឡើងមកដាក់នៅលើនាវា។ ក្រុមអ្នករុករក បាននាំបំណែកកន្ទុយយន្ដហោះនោះ មកដល់ដីគោក ប៉ុន្តែមិនមានប្រអប់ខ្មៅនៅក្នុងនោះទេ។ នេះបើតាមអ្នកទទួលខុសត្រូវមួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ក្នុងថ្ងៃដដែល។
រហូតមកដល់ពេលនេះ សាកសពរបស់ជនរងគ្រោះ ដែលស្រង់បានពីក្នុងទឹក ទើបតែមានចំនួន៤៨ប៉ុណ្ណោះ។ សូមរំលឹកដែរថា បន្ទាប់ពីបានងើបខ្លួនចេញពីទីក្រុង ស៊ូរ៉ាបាយ៉ា របស់ប្រទេសឥណ្ឌូនេស៊ី ហោះឆ្ពោះមកកាន់ប្រទេសសាំងហ្គាពួរនោះ យន្ដហោះ QZ8501 បានជួបនឹងឧបសគ្គ ហើយអ្នកបើកបរបានសុំផ្លាស់ប្ដូរកំពស់ហោះហើរ ដើម្បីគេចចេញពីពពកដ៏ក្រាស់ៗ នៅលើសមុទ្រ ហ្សាវ៉ា។ ប៉ន្តែនៅពេលដែលការិយាល័យត្រួតពិនិត្យការហោះហើរ ផ្ដល់ចម្លើយឲ្យវិញ យន្ដហោះបានបាត់ដំណឹងសូន្យឈឹង ពីពេលនោះមក៕