គណបក្ស កែម ឡី ប្តូរឈ្មោះជា គណបក្សខ្មែរតែមួយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មីនា ២០១៨
- កែប្រែចុងក្រោយ: March 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ដែលចុះហត្ថលេខា ដោយលោក កែម រិទ្ធិសិត ក្នុងឋានៈជាប្រធានគណបក្ស បានដាក់ចូលទៅកាន់ក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ ដើម្បីសុំបង្កើតគណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរតែមួយ។ ពាក្យសុំចុះបញ្ជីនោះ ត្រូវបាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃក្រសួងមហាផ្ទៃ បោះត្រាទទួលយករួចហើយ។
ពាក្យសុំចុះបញ្ជីនេះ ត្រូវបានស្ថាបនិកគណបក្សថ្មី ដែលគេស្គាល់ថា ជាប្អូនប្រុសលោក កែម ឡី ធ្វើឡើងជាលើកទីពីរ បន្ទាប់ពីការសុំចុះបញ្ជីលើកមុន ដោយដាក់ឈ្មោះ និងរូបសញ្ញាគណបក្ស តាមឈ្មោះ និងរូបលោក កែម ឡី មិនទទួលបានការស្វាគមន៍ ពីក្រសួងមហាផ្ទៃ ដោយតម្រូវឲ្យស្ថាបនិកគណបក្ស ត្រូវមើលច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រាទី១១។
តាមមាត្រានោះ នៃច្បាប់ថ្មី ដែលទើបត្រូវបានធ្វើវិសោធនកម្ម ដោយរដ្ឋសភាគណបក្សប្រជាជនកម្ពុជា បានកំណត់មិនឲ្យគណបក្សនយោបាយ ដាក់ឈ្មោះ និងដាក់រូបសញ្ញា តាមឈ្មោះ និងរូបវ័ន្ដបុគ្គលឡើយ។ ហើយបន្ទាប់ពីច្បាប់ថ្មី បានដាក់ឲ្យចូលជាធរមាន គណបក្សចំនួនពីរ គឺគណបក្សសម រង្ស៊ី និងគណបក្ស ហ្វុនស៊ីនប៉ិច បានរងការប៉ះពាល់ ពីការប្ដូរច្បាប់នេះ ដោយត្រូវប្ដូរឈ្មោះ និងរូបសញ្ញារបស់ផងខ្លួន ជាបន្តបន្ទាប់។
ច្បាប់ស្ដីគណបក្សនយោបាយ ក៏តម្រូវឲ្យគណបក្សដែលចង់បើកថ្មី ត្រូវមានសមាជិកស្ថាបនិកចំនួន៧នាក់ និងស្នាមមេដៃរបស់អ្នកគាំទ្រ ចំនួន៤០០០នាក់ យ៉ាងតិច។
ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ លោក គុជ លី អ្នកនាំពាក្យរបស់គណបក្ស បានឲ្យដឹងថា៖ «ការដូរឈ្មោះ និងរូបឡូហ្គោមានរូបលោក កែម ឡី មកមនុស្សបីនាក់កៀកដៃគ្នា គឺតំណាងឲ្យសាមគ្គីរវាងខ្មែរនិងខ្មែរ។... មានន័យថា ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល គឺតែមួយ គ្មានរើសអើង។»។
ឯកសាររបស់គណបក្សថ្មី ឈ្មោះ គណបក្សខ្មែរតែមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានលើកឡើងយ៉ាងច្រើន ពីទស្សនវិស័យ គោលបំណង និងបេសកកម្ម របស់គណបក្សនេះ ដែលសុទ្ធតែអះអាងថា គណបក្សខ្មែរតែមួយ ចង់យកទស្សនៈរបស់លោក កែម ឡី ដើម្បីយកមកដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ប៉ុន្តែការធ្វើឯកជនភារូបនីយកម្ម ទៅលើទស្សនៈរបស់លោក កែម ឡី ត្រូវបានអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី បដិសេធកាលពីប៉ុន្មានសប្ដាហ៍មុន ដោយលើកឡើងថា លោក កែម ឡី មិនដែលមានគំនិត ចង់បង្កើតគណបក្សនយោបាយទេ។ អ្នកស្រី ប៊ូ រចនា ដែលបានភៀសខ្លួន ទៅរស់នៅឯប្រទេសអូស្ត្រាលី ជាមួយកូនទាំង៥នាក់ បានថ្លែងឡើងថា៖ «បំណងរបស់គាត់ [លោក កែម ឡី] គឺត្រឹមតែជួយផ្តល់យោបល់ [ជូនទៅ]គ្រប់គណបក្សនយោបាយ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ហើយនឹងដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នៅកម្ពុជាតែប៉ុណ្ណោះ»៕