ភូមា៖ តួនាទី​នយោបាយ​របស់​​ពួក​យោធា នៅ​ចំពោះ​មុខ​អង់សាន ស៊ូជី

នៅក្នុងទិវា«កម្លាំងយោធា» វត្តមានរបស់ម្ចាស់ពានរង្វាន់ណូប៊ែល សន្តិភាព បានបង្ហាញពីជំហរនយោបាយមួយ ដែលកំពុងតែមានការផ្លាស់ប្ដូរ។ មុនឆ្នាំ២០១១ ការប្រារព្ធពិធីរាល់ឆ្នាំ នៅថ្ងៃទី២៧ខែមិនានេះ បានសរុបមកត្រឹមតែជាការបង្ហាញ ពីកម្លាំងយ៉ាងខ្លាំងមួយ នៃពួកយោធានិយម ដែលបានឃុំឃាំងលោកស្រី អង់សាន ស៊ូជីចំនួន១៥ឆ្នាំ និងគ្រប់គ្រងប្រទេសភូមា​ ជិតកន្លះសតវត្សន៍ប៉ុណ្ណោះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកតំណាងរាស្ត្រភូមា លោកស្រីអង់សាន ស៊ូជី ដែលមិនបានបញ្ចេញសម្លេងអ្វីសោះ នៅចំពោះអំពើហឹង្សាសាសនា ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ បានចូលរួមកាលពីថ្ងៃពុធ ទី២៧ខែមិនានេះ ក្នុងពិធីព្យុះហយាត្រាប្រចាំឆ្នាំរបស់ពួកយោធា។ ភាព​ស្និតស្នាលនេះ ត្រូវបាន​គេមើលឃើញ រវាងលោកស្រី ជាមួយនឹងពួកយោធា ដែលមុននេះពីរឆ្នាំ ជាសត្រូវនយោបាយ​ដ៏សំខាន់ របស់លោកស្រី។


លោកស្រីអង់សាន ស៊ូជី អង្គុយនៅជួរមុខ ជាមួយនឹងឧត្តមសេនីយ៍យោធាភូមា។

វត្តមានរបស់ម្ចាស់ពានរង្វាន់ណូប៊ែល សន្តិភាព នៅក្នុងទិវា«កម្លាំងយោធា» ជាមួយនឹងពួកយោធា បានបង្ហាញពីជំហរ​នយោបាយមួយ ដែល​កំពុងតែមានការផ្លាស់ប្ដូរ។ មុនឆ្នាំ២០១១ ការប្រារព្ធពិធីរាល់ឆ្នាំ នៅថ្ងៃទី២៧ខែមិនានេះ បាន​សរុប​មកត្រឹមតែជាការបង្ហាញ ពីកម្លាំងយ៉ាងខ្លាំងមួយ នៃពួកយោធានិយម  ដែលបានឃុំឃាំងលោកស្រី អង់សាន ស៊ូជី ចំនួន​១៥ឆ្នាំ និងគ្រប់គ្រងប្រទេសភូមា​ ជិតកន្លះសតវត្សន៍ប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលិទ្ធិប្រជាធិបតេយ្យ របស់លោកស្រីអង់សាន ស៊ូជី ធ្លាប់បានលើកបង្ហាញថា លោកស្រីគាំទ្រ កំណែទម្រង់របស់រដ្ឋាភិបាលថ្មីនេះ ហើយបន្តិចម្ដងៗ លោកស្រីបានរំកិលខ្លួន ខិតទៅជិតអតីត សត្រូវ​របស់លោកស្រី។ ឆ្លើយក្នុងកិច្ចសម្ភាសមួយ របស់បណ្ដាញទូរទស្សន៍អង់គ្លេស ប៊ីប៊ីស៊ី លោកស្រីក៏ធ្លាប់សារភាពដែរថា លោកស្រីចូលចិត្តស្រឡាញ់យោធា ដែលលោកស្រីគិតថា វាប្រៀបទៅនឹងយោធា របស់ឪពុកលោកស្រី។

អ្នកវិភាគឯករាជ្យមួយចំនួន បាននិយាយថា វត្តមានរបស់លោកស្រីនៅជាប់នឹងយោធាថ្ងៃនេះ ជាជំហានមួយក្នុងចំណោម​ជំហានផ្សេងទៀត សម្រាប់ការយោគយល់គ្នា ជាមួយក្រុមមេទាហាន មុនការបោះឆ្នោតឆ្នាំ២០១៥ឈានចូលមកដល់។ ជំហាននេះ នឹងអាចអោយគណបក្សលោកស្រី ឈានទៅចាប់យកអំណាច ដោយនៅតែ«ទុកមុខ» អោយពួក​យោធា​ជា​ដរាប។

ក្នុងពិធីនោះ គេឃើញលោកស្រីអង្គុយនៅជួរមុខជាមួយនឹងមេដឹកនាំយោធា កំពុងតាមដានដំណើរព្យុះហយាត្រា របស់​កម្លាំងទ័ពប្រមាណជា៦០០០នាក់ ដែលមានអមដោយកងរថក្រោះ យន្ដហោះ គ្រប់ប្រភេទផង។ តែបើទោះជាពិធីនេះ មានរបៀបខុសប្លែកពីពិធីលើកមុនៗ តែវាបានអនុញ្ញាតអោយកងទ័ពបានអះអាងឡើងវិញ ពីតួនាទីរបស់ខ្លួនក្នុង​ជីវិត​នយោបាយ និងការថែរក្សាសុវត្ថិភាព ទប់នឹងគ្រោះថ្នាក់នានារបស់ប្រទេសជាតិ។

«កងទ័ពជាតិ ការពារប្រទេសជាតិ ប្រឆាំងនឹងគ្រោះថា្នក់គ្រប់ប្រភេទ ហើយក៏មានតួនាទីក្នុងនយោបាយជាតិដែរ ជា​ពិសេសនៅពេលប្រទេសជាតិ ត្រូវប្រឈមនឹងជម្លោះជនជាតិ ឬជម្លោះនយោបាយ» ជាការថ្លែងប្រកាសនៅក្នុងពិធីនោះ របស់មេបញ្ជាការកងទ័ព លោក មិន អ៊ូង ហ្លាំង (Min Aung Hlaing)។ លោកបានបញ្ជាក់ យ៉ាងច្បាស់ៗ ពីកងទ័ពមួយ​របស់ប្រទេសភូមា ខ្លាំង ទំនើប និងស្នេហាជាតិ ហើយថា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់«ត្រួសត្រាយផ្លូវ» ទៅកាន់​លិទ្ធិប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា អំពើហឹង្សាចេញពីការប្រយុទ្ធគ្នា យ៉ាងសន្ធោសន្ធៅ រវាងអ្នកនិយមសាសនាព្រះពុទ្ធ និងសាសានាអ៊ីស្លាម ក្នុងខេត្ត ម៉េកទីឡា (Meiktila) បានធ្វើអោយមនុស្សស្លាប់៤០នាក់ កាលពីសប្ដាហ៍មុន និងព្រះវិហារសាសនា​អ៊ីស្លាម​ជាច្រើន ត្រូវបានដុតបំផ្លាញកាលពីថ្ងៃអង្គារទី២៦ខែមិនានេះ។ តំបន់ជាច្រើន ត្រូវបានដាក់ក្នុងភាពអាសន្ន ហើយ​កងទ័ព​មានសិទ្ធិនឹងបើកការវាយប្រហារ ប្រសិនជាមានហេតុភេទចម្លែកណាមួយ។ ព្រឹត្តិការណ៍ទាំងនេះ បានបន្តនូវយុគសម័យ​ខ្មៅបន្ថែមទៀត ស្ដីពីការដោះស្រាយជម្លោះជនជាតិ នៅក្នុងប្រទេស។

ក្នុងឆ្នាំ២០១២ ការជួបប្រយុទ្ធគ្នារវាងជនជាតិភាគតិច រ៉ាគិន ដែលកាន់ព្រះពុទ្ធសាសានា និងជនជាតិភាគតិច រ៉ូហ៊ិនយ៉ាស (Rohingyas) ដែលកាន់សាសនាអ៊ីស្លាម បានធ្វើអោយមនុស្សច្រើនជាង ១៨០នាក់ស្លាប់ និង១១០ពាន់នាក់ផ្សេងទៀត រត់​ភៀសខ្លួនទៅប៉ែកខាងលិចប្រទេស។

គេបានរិះគន់ លោកស្រីអង់សាន ស៊ូជី ថាមិនបានការពារអោយបានពិតប្រាកដ នូវជនជាតិរ៉ូហ៊ិនយ៉ាសទាំងនេះ តែ​លោកស្រីផ្ទាល់ ក៏មិនបានធ្វើសេចក្ដីថ្លែងការណ៍អ្វីមួយសោះដែរ បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តម៉េកទីឡា។ ព្រឹត្តិការណ៍​នឹងនៅតែបន្ត ហើយយោធានឹងនៅមានតួនាទី យ៉ាងសំខាន់ក្នុងការនាំភាពសាន្ដត្រាណ អោយត្រឡប់មកក្នុង​ប្រទេស​វិញ។ តែអ្នកវិភាគបានគិតថា ការប្រកាន់សាសនារវាងពុទ្ធសាសនិកជន និងអ៊ីស្លាមនិកជន នឹងធ្វើអោយការបែកបាក់ ប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រទេស នៅតែមាន ជាពិសេសស្ថិតក្នុងរបត់នយោបាយបច្ចុប្បន្ន ដែលការកែទម្រង់​ទាំង​ឡាយ កំពុងធ្វើដើម្បីឈានទៅរកលិទ្ធិប្រជាធិបតេយ្យនោះ៕

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...