កម្មករនៅរោងចក្រឃីងឡែនបញ្ចប់​ការតវ៉ា បន្ទាប់​ពី​ទទួល​​ប្រាក់​ឈ្នួល

ថៅកែរោងចក្រឃីងឡែន បានរត់គេចខ្លួនបាត់តាំងពីចុងឆ្នាំ២០១២ ដោយមិនបានជូនដំណឹងណាមួយ ដល់កម្មករ​របស់​ខ្លួន ហើយក៏មិនបានធ្វើការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៌ណាមួយជូនកម្មករឡើយ។ កម្មករទាំងអស់ បានធ្វើការតវ៉ាទាំងថ្ងៃទាំងយប់ ដើម្បីទាមទារប្រាក់ឈ្នួលរបស់ពួកគេ ដោយបានឈរនៅមុខរោងចក្រ និងមានកម្មករមួយចំនួន ដេកយាមនៅខាងមុខរោងចក្រ ដោយខ្លាចថៅកែរបស់គេ លួចយកឥវ៉ាន់ចេញពីរោងចក្រ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មករជាង២០០នាក់ នៅរោងចក្រឃីងឡែន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញបានទទួលប្រាក់ឈ្នួល និងប្រាក់អត្ថ-​ប្រយោជន៌ផ្សេងៗជាច្រើនទៀត កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែមិនា ឆ្នាំ២០១៣ បន្ទាប់ពួកគេបានធ្វើការតស៊ូតវ៉ា យ៉ាងស្វិត​ស្វាញជាង៣ខែមក។


រូបជំនួស បង្ហាញពីភាពសប្បាយរីករាយ របស់កម្មការិនី បន្ទាប់ពីការតវ៉ារបស់គេបានសម្រេច។

ថៅកែរោងចក្រឃីងឡែន បានរត់គេចខ្លួនបាត់តាំងពីចុងឆ្នាំ២០១២ ដោយមិនបានជូនដំណឹងណាមួយ ដល់កម្មករ​របស់​ខ្លួន ហើយក៏មិនបានធ្វើការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៌ណាមួយជូនកម្មករឡើយ។

កម្មករទាំងអស់ បានធ្វើការតវ៉ាទាំងថ្ងៃទាំងយប់ ដើម្បីទាមទារប្រាក់ឈ្នួលរបស់ពួកគេ ដោយបានឈរនៅមុខរោងចក្រ និងមានកម្មករមួយចំនួន ដេកយាមនៅខាងមុខរោងចក្រ ដោយខ្លាចថៅកែរបស់គេ លួចយកឥវ៉ាន់ចេញពីរោងចក្រ។

លោកគង់ សិរី កម្មករ និងអ្នកតវ៉ាយ៉ាងស្វិតស្វាញជាង៣ខែមកហើយ ហើយដែលទើបនឹងទទួលបាន ប្រាក់ឈ្នួល​របស់​គាត់ កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនាឆ្នាំ២០១៣នេះ បាននិយាយនៅខាងមុខរោងចក្រថា ថៅកែមិនដែលគិតពីផល​លំបាករបស់កម្មករទេ តែកម្មករបានខិតខំធ្វើការជូនពូកគេ ដោយមិនខ្លាចនឿយហត់។

លោកបានថ្លែងថា «កម្មករទាំងអស់ មានការសប្បាយចិត្តជាខ្លាំង ដោយការតស៊ូរបស់ពួកយើង ទទួលបានជោគជ័យ។ ពួកយើងមានការពេញចិត្តយ៉ាងខ្លាំង ពីការជួយអន្តរាគមន៌ពីមន្រ្តីរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង​ជួយពួកយើងលុះត្រា ទទួលបានប្រាក់ឈ្នួលនេះ។»

លោកគង់ សិរីបានធ្វើការនៅក្នុង រោងចក្រឃីងឡែននេះ រយៈពេល៤ឆ្នាំ ហើយលោកបានទទួលលុយ ចំនួន៨៤៤ដុល្លារ អាមេរិក។ លោកគង់ សិរីគ្មានបំណងធ្វើជាកម្មករកាត់ដេរតទៅទៀតទេ បន្ទាប់ពីលោកទទួលបានប្រាក់ឈ្នួល​របស់លោក​គ្រប់អស់។ លោកបាននិយាយថា «ខ្ញុំរាងចាលនឹងការងារជាកម្មករកាត់ដេរហើយ ព្រោះវាពិបាក និងមានការជិះជាន់ ជា​ច្រើន ពីសំណាក់ថៅកែរោងចក្រ រំលោភសិទ្ធិ និងគ្មានការតវ៉ាបាន។ ខ្ញុំនឹងត្រលប់ទៅធ្វើស្រែចំការវិញ នៅឯស្រុកកំណើត​ខេត្តស្វាយរៀង ជាមួយភរិយារបស់ខ្ញុំ។»។

កម្មករបានឈរជាជួរនៅមុខរោងចក្រ ដោយរង់ចាំការហៅឈ្មោះ ទៅទទួលប្រាក់ឈ្នួលរបស់ពួកគេ ដែលពួកគេបាន​ទទឹងរង់ចាំជាច្រើនខែមកហើយ។

កញ្ញាញឹក ចិន្តា វ័យ២៥ឆ្នាំ ដែលបំរើការជាកម្មករកាត់ដេរ ជាង៦ឆ្នាំនៅរោងចក្រឃីងឡែន បាននិយាយ​ដោយទឹកមុខ​រីករាយ និងបានលើកបង្ហាញប្រាក់ឈ្នួល របស់នាងចំនួន១១៩៩ដុល្លារ ដែលទើបតែទទួលបាននោះថា នាងពិតជា​សប្បាយចិត្តមែនទែន ដែលទទួលបានប្រាក់ដ៏ច្រើននេះ។ នាងបានថ្លែងថា «ខ្ញុំនឹងយកលុយនេះឲ្យម្តាយខ្ញុំ ហើយខ្ញុំនឹង​ដើររកការងារធ្វើនៅតាមរោងចក្រទៀត ដើម្បីរក​លុយ​ជួយ​ម្តាយ និងគ្រួសាររបស់ខ្ញុំ»។

លោកស៊ឹង ម៉ុន ប្រធានគណកម្មការចុះជួយ ដោះស្រាយរោងចក្រឃីងឡែន នៃក្រសួងសង្គមកិច្ច បានមានប្រសាសន៌​នៅខាងមុខរោងចក្រ កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនាឆ្នាំ២០១៣ថា ក្រសួងសង្គមកិច្ច និងអង្គការពាក់ព័ន្ធមួយចំនួន បាន​ធ្វើការស្វែងរកប្រាក់ដើម្បីជួយដល់ពួកគេ។

លោកបានឲ្យដឹងថា «យើងបានទទួលប្រាក់ ពីការដាក់លក់អីវ៉ាន់នៅក្នុងរោងចក្រ ប្រាក់ជំនួយពីក្រុមហ៊ុន ញីវអរគីដ (New Arcid company ) និងអ្នកបញ្ជាទិញពីរោងចក្រនេះ បានជួយជាថវិកាមួយចំនួនផងដែរ»។

លោកបានថ្លែងទៀតថា ប្រាក់សរុបដែលត្រូវការបើកឲ្យកម្មករ ចំនួន២២១នាក់នោះ គឺចំនូនប្រមាណជា២៥ម៉ឺនដុល្លារ តែថវិការដែលក្រុមការងារទទួលបាន គឺចំនួនជាង២៣ម៉ឺនដុល្លារ ឬស្មើនឹងជាង៩២ភាគរយ ដែលកម្មករ​ត្រូវទទួល​បាន​តាមប្រាក់ឈ្នួលរបស់ពួកគេ។ ដូចនេះក្រុមការងារក៏បានពិភាក្សា និងសំរេចបើកឲ្យកម្មករតាមចំនួននោះតែម្តង ហើយ​កម្មករក៏មិនមានការជំទាស់ផងដែរ។

លោកមានពន្យល់ថា៖ «កម្មករយល់ព្រមទទួល ដោយសារគេដឹងពីផលលំបាករបស់យើង ក្នុងការស្វែងយកលុយ​ទាំង​នេះ។ កម្មករបានទទួលលុយចន្លោះ ពី៤០០ទៅ១៨០០ដុល្លារអាមេរិក ទៅតាមអតីតភាពការងាររបស់ពួកគេ»។

ប្រាក់ដែលកម្មករនៅរោងចក្រឃីងឡែន ត្រូវទទួលនោះគឺមាន៥ចំនុច ដូចជាប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ ប្រាក់​បណ្តេញចេញ ប្រាក់ជម្ងឺចិត្ត និងប្រាក់អត្ថប្រយោជន៌ផ្សេងៗ៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...