រូបផ្ការំដួលកសាងដោយ ឡាយ វណ្ណៈ នៅខេត្តតាកែវ ត្រូវបានរុះរើ

- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មេសា ២០១៨
- កែប្រែចុងក្រោយ: April 10, 2018
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់ចុងឆ្នាំ២០១៧ រង្វង់មូលនៅខាងកើត វិមានឯករាជ្យ នៃក្រុងដូនកែវ ខេត្តតាកែវ មានតំណាងដោយ រូបសំណាកផ្កាឈូកដ៏ធំមួយ។ ប៉ុន្តែ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានរុះរើរូបផ្កាឈូកនេះចេញវិញ ដោយដាក់ជំនួសដោយ រូបផ្ការំដួលមកវិញ។ ការជំនួសនេះ ត្រូវបានលោកពន្យល់នៅពេលនោះថា ផ្កាឈូកតំណាងឲ្យជនជាតិចិន និងវៀតណាម ខណៈផ្ការំដួលតំណាង ឲ្យជាតិសាសន៍ខ្មែរ។
ប៉ុន្តែក្រោមរដ្ឋបាលថ្មី នៃលោក អ៊ូច ភា អភិបាលខេត្តថ្មី ដែលទើបឡើងកាន់តំណែង ក្រោយពីលោក ឡាយ វណ្ណៈ ដែលត្រូវបានដកតំណែង និងចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម លើអ្នកស្រី ចេវ សុវឌ្ឍនា នោះ ផ្ការំដួលខាងលើ ត្រូវបានវាយកម្ទេចចោលសារជាថ្មី បង្កការងឿងឆ្ងល់ ទៅដល់ពលរដ្ឋក្រុងដូនកែវ ដោយចោទជាសំនួរឡើងថា ស្នាដៃអភិបាលថ្មី គឺវាយកម្ទេចចោលស្នាដៃ របស់អភិបាលចាស់ ដូច្នេះឬ?
» រូបថតឯកសារ នៃរង្វង់មូលផ្កាឈូក កណ្ដាលក្រុងដូនកែវ ខេត្តតាកែវ៖
លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានថ្លែងឲ្យដឹងថា ការវាយកម្ទេចនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្ត និងបានប្រាប់អ្នកសារព័ត៌មាន ឲ្យងាកទៅសួរអភិបាលខេត្ត «ថ្មី» ទើបដឹងច្បាស់។
នៅចំពោះការងឿងឆ្ងល់ របស់ពលរដ្ឋនៅក្នុងខេត្តតាកែវ លោក អ៊ូច ភា បានចេញមុខមកប្រកាស នៅលើបណ្ដាញសង្គមថា ការវាយកម្ទេចនេះ មិនមែនជាបញ្ជារបស់លោកទេ តែលោកបានទម្លាក់ការទទួលខុសត្រូវ ទៅក្រុមហ៊ុនសំណង់ ដែលសង់រូបសំណាកខាងលើ។
អភិបាលខេត្តថ្មី បានសរសេរថា៖ «ការរុះរើរូបសំណាក ផ្ការំដួលនេះ ខ្ញុំបាទមិនបានបញ្ជាអោយរុះរើនោះទេ គឺក្រុមហ៊ុនគាត់រុះរើដោយខ្លួនឯង ដោយគាត់ពិនិត្យឃើញថា ផ្កាមើលទៅ វាមិនសូវសម អញ្ចឹងហើយ ខាងក្រុមហ៊ុនគាត់កែសម្រួល ផ្ការំដួលនេះ ឲ្យវាមានលក្ខណៈសមរម្យជាងមុនតែបុណ្ណោះ មិនមានការដោះដូរ ដាក់អ្វីផ្សេងនោះទេ។ អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជនមេត្តាជ្រាប ដោយអនុគ្រោះ។»៕