៧វិធីងាយៗ ដើម្បីបង្កើតឲ្យមាន «ប្រឌិតញាណ» (Creativity/Créativité)
«ប្រឌិតញាណ» គឺជា អ្វី? តើ«ប្រឌិតញាណ» ចាំបាច់បែបណាសម្រាប់ជីវិតមនុស្ស? ធ្វើដូចម្តេចខ្លះដើម្បីបង្កើតឲ្យមាន «ប្រឌិតញាណ»? តើលោកអ្នក មានវិធីសាស្ត្របង្កើត «ប្រឌិតញាណ» បែបណាខ្លះ? តើលោកអ្នកមាន «ប្រឌិតញាណ» កម្រិតណា ? ហើយតើលោកអ្នកចង់បង្កើន «ប្រឌិតញាណ» លោកអ្នកឬទេ?
រូបរាងអ្វីក៏ដោយ បើជាប្រឌិតញាណ វាជាលទ្ធផលនៃការត្រិះរិះ និងការបង្កើតថ្មីមួយ។ wikimedia.org photo ។
សូមអញ្ជើញលោកអ្នក មេត្តាតាមដាន នូវការចងក្រងរបស់យើងខ្ញុំ ដែលទាក់ទងនឹង «ប្រឌិតញាណ» តាមលំដាប់លំដោយ ដូចខាងក្រោម៖
ក. និយមន័យ
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត៖
- ប្រឌិត ឬប្រតិដ្ឋ ឬប្រឌិតដ្ឋ (ន) ការឋិតនៅ ការតាំងនៅស៊ប់ ការតាំងនៅជាប់លាប់ ការឈរស៊ប់ ការបង្កើត ឲ្យមាន ឡើង តាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះ នឹងនោះ ខុសសោះក៏មាន ត្រូវដែរក៏មាន។
- ញាណ(ន) សេចក្តីដឹង ប្រាជ្ញា ការយល់ដឹង ការយល់ច្បាស់ប្រាកដជាក់ ការរកឃើញនូវដំណោះស្រាយល្អ សម្រាប់ ទប់ទល់ទៅនឹងបញ្ហានានា។
តាមវចនានុក្រម Ideal Harrab’s ៖
- ប្រឌិតញាណ មានន័យថា ការបង្កើតថ្មី ការប្រឌិត។
សរុបមក ប្រឌិតញាណមានន័យថាជា៖ ការតាំងនៅស៊ប់ដោយប្រាជ្ញា ការតាំងនៅជាប់លាប់ ដោយការយល់ច្បាស់ ប្រាកដជាក់ ការបង្កើតនូវអ្វីដែលថ្មី ដែលមានប្រយោជន៍ ដល់សង្គមមនុស្ស។ ប្រឌិតញាណអាចជា គំនិត ក្តីស្រមៃ ឬជាផលិតផលថ្មីណាមួយ ដែលកើតចេញ ពីផលនៃការគិត និងការធ្វើណាមួយ របស់មនុស្ស។
ខ. ផលប្រយោជន៍ប្រឌិតញាណ៖
បើទោះជាការងារសិល្បៈ ការងារពាណិជ្ជកម្ម ឬក៏ដំណើរជីវិតមនុស្សយើង គឺសុទ្ធតែត្រូវការ ប្រឌិតញាណទាំងអស់ ព្រោះថា វាជាសកម្មភាព នៃការបង្កើត ផលិតផលថ្មី ឬស្វែងរកឃើញ ដំណោះស្រាយល្អប្លែកៗ ដើម្បីទប់ទល់ទៅនឹង ការលំបាកទាំងឡាយ។ ប្រឌិតញាណ គឺប្រៀបប្រដូចទៅនឹងការនិពន្ធ ការនិយាយជាសាធារណៈ ឬដូចជាការប្រមូល ហ្វូងពពែ គោ ក្របី ជ្រូក មាន់ ទា ដូច្នោះដែរ គឺថា ជាជំនាញមួយ ដែលអាចអភិឌ្ឍ និងធើ្វឲ្យកាន់តែប្រសើរឡើង ព្រមទៅដោយការប្រឹង-ប្រែង តាមពេលវេលា។
ក្រៅពីជាជំនាញមួយ យើងម្នាក់ៗ សុទ្ធតែអាចរៀនសូត្រ និង អាចធ្វើឲ្យកាន់តែប្រសើរឡើង បាននូវប្រឌិតញាណ។ ប្រឌិតញាណ ក៏ជាអថេរ និងអាចប្រែប្រួលបាន គ្រប់ពេលអាស្រ័យដោយ ថាមពលនៃគំនិត(ខួរក្បាល) ការជម្រុញលើកទឹកចិត្ត និង ឱកាស (កាលៈទេសៈ) របស់យើង។ ប្រឌិតញាណអាចមក និងអាចទៅវិញប្រៀបបាន ទៅនឹងជំនោរទឹកសមុទ្រ ដូច្នោះដែរ។
គ. វិធីសាស្ត្រនៃការបង្កើតប្រឌិតញាណ
ទោះជាយ៉ាងណាក៏ដោយ តាមរយៈការអនុវត្តនូវ វិធីមួយចំនួន ដូចខាងក្រោម លោកអ្នក នឹងអាចទទួលបាន នូវការរីកចម្រើនខាង ប្រឌិតញាណខ្លាំងមិនខាន តាមរយៈការទប់ទល់ កុំឲ្យមានជំនោរសមុទ្រ នៃគំនិតខាងលើមិនខាន។
១. ចូរធ្វើការផ្លាស់ប្តូរទស្សនវិស័យរបស់លោកអ្នក៖
ចូរស្រមៃថា លោកអ្នកគឺជាមនុស្សណាម្នាក់ដ៏អស្ចារ្យ។ តើពួកគេអាចខិតទៅជិត ការងាររបស់អ្នកយ៉ាងដូចម្តេច? តើមនុស្សម្នាក់ ដែលមានប្រវត្តិសង្គមផ្សេងគ្នា ដូចជា ភេទ អម្បូរ ឬជាតិសាសន៍ អាចខិតទៅជិតអ្វី ដែលអ្នកកំពុងតែធ្វើ នៅក្នុងរូបភាព (ឫកពា)ដូចគ្នាដែរឬទេ? នៅពេលដែលលោកអ្នក ផ្លាស់ប្តូរទស្សនវិស័យ របស់លោកអ្នក និងសួរសំនួរស្មានៗ របស់លោកអ្នកអំពី ភាពត្រឹមត្រូវ និង ភាពខុសឆ្គងដើម្បីធ្វើអ្វីមួយ។ លោកអ្នកនឹងចាប់ផ្តើម មើលឃើញដំណោះ ស្រាយច្រើនយ៉ាង ទាក់ទងនឹងបញ្ហា ដូចគ្នានានា។
២. ការតភ្ជាប់ប្រកបដោយឥស្សរៈ៖
នៅលើសន្លឹកថតចម្លង ដែលគ្មានបន្ទាត់ ចូរសរសេរនូវរាល់អ្វី ដែលអ្នកមាននៅក្នុងគំនិត។ ប្រសិនបើអាចទៅរួច ចូរបន្ថែមទៅក្នុងតារាងដ៏ធំមួយ នូវគំនិតទាំងអស់ដែលមាន។ សូមកុំពិនិត្យពិច្ច័យឬ ត្រួតពិនិត្យ ឬ តិទៀននូវអ្វី ដែលអ្នកគិតថា គឺជា គំនិតមិនល្អទាំងឡាយ។ លោកអ្នកនឹងទទួលបាន នូវគំនិតល្អ ក្រោយពីលោកអ្នក មានគំនិតអាក្រក់ជាច្រើន។ ប្រសិនបើលោកអ្នកចូលចិត្ត លោកអ្នកអាចប្រើប្រាស់ ផែនទីគំនិតបាន។
៣. សូមលោកអ្នករក្សាគំនិតទាំងឡាយ ដោយរៀបរយក្នុងបញ្ជីមួយ៖
លោកអ្នកមិនអាចបង្កើត ប្រឌិតញាណគ្រប់ពេលវេលា តាមតម្រូវការបានទេ។ ការអង្គុយចុះ និងចាប់ផ្តើម សំពត់បញ្ចាំងរូបទទេមួយ គឺជារឿងមួយលំបាកណាស់។ ប៉ុន្តែនៅពេលណា ដែលលោកអ្នកមានគំនរនៃគំនិត មិនទាន់អភិវឌ្ឍ នោះជានិច្ចកាលលោកអ្នក នឹងមានកិច្ចការខ្លះ ដែលត្រូវគូសវាសមិនខាន។ សូមលោកអ្នករក្សាឲ្យមាន (យកតាមខ្លួន) ជានិច្ចនូវសន្លឹកសៀវភៅ ទំនេរនិងប៊ិចឬខ្មៅដៃមួយដើម និងយកសៀវភៅកំណត់ត្រា មួយក្បាលតាមខ្លួន លោកអ្នកជានិច្ច ទៅគ្រប់ទីកន្លែងដែលអ្នកទៅដល់។
៤. សូមរក្សាជីវិតរបស់អ្នក ឲ្យបានសម្បូរបែប៖
ពេលណាក៏ដោយ ឲ្យតែលោកអ្នកអាចធ្វើទៅបាន សូមលោកអ្នកចូលរួម ឬយកចិត្តទុកដាក់ នឹងការប្រកួតតន្ត្រី ទៅចូលរួមទស្សនាគំនូរនានា នៅវិចិត្រសាល និងសារមន្ទីរ ទៅជួបមិត្តភក្តិ និងព្យាយាមអានសៀវភៅល្បីៗទាំងឡាយ ឲ្យបានច្រើន។ សូមលោកអ្នកផ្លាស់ប្តូរ ទម្លាប់និងផ្លូវដែលលោកអ្នក នឹងត្រូវប្រកាន់យក។ សូមលោកអ្នក សាកភ្លក់អាហារថ្មីៗ ផ្តល់ឱកាសឲ្យខ្លួនឯង បានធ្វើការ ដែលមិនបានគ្រោងទុកមុនខ្លះ ជាដើម។
៥. សូមនឹកគិតក្នុងមនោគតិ ពីលទ្ធផលរបស់អ្នក៖
នៅខណៈដែលលោកអ្នក ចាប់ផ្តើមគិតពីគោលបំណង ចុងក្រោយរបស់លោកអ្នក លោកអ្នកនឹងចាប់ផ្តើមឃើញផ្លូវផ្សេងគ្នា ដែលអ្នកអាចទៅដល់ទីនោះ។ តើលោកអ្នក ចង់បានអ្វីខ្លះនៅចុងបញ្ចប់ នៃគម្រោងការរបស់លោកអ្នក? តើសេចក្តីពេញចិត្តផ្ទាល់ខ្លួន របស់លោកអ្នក មានអ្វីខ្លះ? តើផលិតផល ដែលអាចលក់បាន នៅលើទីផ្សារមានអ្វីខ្លះ? ការងារផ្លាស់ប្តូរ នៃពិភពសិល្បៈ មានអ្វីខ្លះ?
៦. សូមដាក់បញ្ចូលប្រឌិតញាណទៅក្នុងរបៀបវារៈរបស់លោកអ្នក៖
នៅខណៈ ដែលលោកធ្វើកិច្ចការ ប្រឌិតញាណបានកាន់តែច្រើន នោះលោកអ្នក នឹងរឹតតែមើលឃើញ ប្រាជ្ញាផុសជាប់ជាប្រចាំ។ នៅខណៈ ដែលលោកអ្នកចំណាយ ពេលវេលាយ៉ាងសកម្ម ក្នុងការស្វែងរក និងអភិវឌ្ឍគំនិតថ្មីៗកាន់តែច្រើន នោះលោកអ្នក នឹងទទួលបាន គំនិតកាន់តែច្រើនដូច្នោះដែរ។ សូមលោកអ្នក សម្លឹងមើលពីមនុស្ស ដែលមានប្រឌិតញាណភាគច្រើន នៅក្នុងផ្នែកណាមួយឲ្យបានល្អិតល្អន់ នោះលោកអ្នកនឹងឃើញថា ពួកគេបាន ចំណាយពេលវេលា ច្រើនសន្ធឹកសន្ធាប់ ទាក់ទងនឹងបង្កើតប្រឌិតញាណ។
៧. សូមព្យាយាមស្តាប់ ការប្រគុំតន្ត្រីបុរាណឲ្យបានច្រើន៖
តាមរយៈការសិក្សា បានបង្ហាញថា ការស្តាប់ប្រភេទតន្ត្រីបុរាណខ្លះ បានផ្តល់ឲ្យមានកំណើនជាប្រចាំ នៅក្នុងសមត្ថភាពដោះស្រាយបញ្ហា និងមុខងារចំណេះដឹង ដល់និស្សិតថ្នាក់មហាវិទ្យាល័យ។ សូមលោកអ្នក ចំណាយពេលស្តាប់ ការប្រគុំតន្ត្រីបុរាណ ឲ្យបានច្រើនដូចជា តន្ត្រីបុរាណខ្មែរជាដើម មានវង់ភ្លេងការ វង់ភ្លេងពិណពាទ្យ វង់ភ្លេងមហោរី វង់ភ្លេងក្រុមជនជាតិភាគតិច ជាដើម។
--------------------------------------------------------------------
ដោយ៖ គល់រាំង- ភ្នំពេញថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១២
ប្រភពឯកសារ៖ បកប្រែពីអត្ថបទជាភាសាអង់គ្លេស និពន្ធន៍ដោយ៖ សេត បេកឃើ
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ