ព្រឹត្តិការណ៍បន្តបន្ទាប់ ស្ដីពីឃាតកម្ម នៅទូលូនិង ម៉ុងតូបង់​

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: March 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការស្លាប់របស់ មហាមេដ មេរាដ៍ ឃាតករអាយុ ២៣ឆ្នាំ ដែលត្រូវបាន បាញ់សំលាប់ដោយ កងកំលាំងរ៉េដ របស់ប្រទេសបារាំង កាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុន ប្រតិកម្ម ទាំងឡាយបានធ្លាក់មក ជាបន្តបន្ទាប់ ។

អ្នកវិភាគ និងជាអ្នកអតីតឯកទេស ក្នុងកងកំលាំងរ៉េដ មួយ បានលើកឡើង ពីលទ្ធភាពដ៏ធំមួយ ក្នុងការចាប់ខ្លួន ឃាតករមហាមេដ មេរាដ៍រូបនេះ ហើយមហាជនបារាំងភាគច្រើន ក៏បានទទូចសុំអោយមានការចាប់ខ្លួន ជៀសជាងការបាញ់សំលាប់ នេះដែរ។ អ្នកវិភាគនោះ បានបញ្ជាក់ថា កងកំលាំង រ៉េដ មានលទ្ធភាពដ៏ធំធេង ក្នុងការវាយសំរុក ត្រឹមតែ ៣០​នាទី ដើម្បីចាប់ខ្លួន មហាមេដ មេរាដ៍ ហើយ រឿងនេះគេមិនចាំបាច់ប្រើប្រាស់ ពេលវេលារហូតដល់ទៅ ៣២ម៉ោងយ៉ាងដូច្នេះទេ ។ មតិភាគច្រើន ទាំងក្នុងស្រទាប់មហាជន ទាំងក្នុងអ្នកនយោបាយបារាំង ចង់អោយមានការចាប់ខ្លួន ហើយចង់អោយ មហាមេដ មេរាដ៍ នៅប្រឈមចំពោះមុខច្បាប់ ។ មតិខ្លះទៀតចង់អោយមានការចាប់ខ្លួន ព្រោះគេចង់ដឹងអំពីខ្សែរបណ្ដាញ ដែលជាបក្សពួករបស់ មហាមេដ មេរាដ៍ ។

បងប្រុសរបស់ មហាមេដ មេរាដ៍ នៅក្នុងការឃុំខ្លួន នៅឡើយ

ក្រុមគ្រួសារ មហាមេដ មេរាដ៍ ដែលគេបានឃាត់ខ្លួន មុនការឡោមព័ទ្ធ ចាប់មហាមេដ មេរាដ៍ រូមមាន ម្ដាយ​ បងប្រុស និងប្រពន្ធរបស់បងប្រុស ។ ហើយកាលពីចុងសប្ដាហ៍មុន ម្ដាយ និងប្រពន្ធរបស់បងប្រុស មហាមេដ មេរាដ៍ ត្រូវបានគេដោះលែង ដោយសារតែ ការនៅក្រៅសា​ច់រឿង របស់អ្នកទាំងពីរ ត្រូវបានសាក្សី នឹងមេធាវី ធានា ។ ដោយឡែក បងប្រុស មហាមេដ មេរាដ៍ ដែលមានឈ្មោះថា អាប់ដែលកាដ័រ មេរាដ៍ ត្រូវបានគេចាប់ឃុំនៅឡើយ ដោយយោលទៅលើ ការស៊ើបអង្កេតថ្មីៗ ដែលបង្ហាញកាន់តែច្បាស់ថា ជននេះ មានជាប់សង្ស័យ ជាបង្គោលរបស់ប្អូនខ្លួន មហាមេដ មេរាដ៍ ក្នុងការប្រព្រឹត្តឃាតកម្ម ទាំងឡាយ ។ អាប់ដែលកាដ័រ មេរាដ៍ ធ្លាប់បាននិយាយនៅចំពោះមុខ អ្នកស៊ើបអង្កេត ថា ខ្លួនគេមានមោទនភាព នឹងអ្វីដែលប្អូនខ្លួន មហាមេដ មេរាដ៍ បានធ្វើ។ ការស៊ើបអង្កេត ក៏បាននិយាយដែរថា អាប់ដែលកាដ័រ មេរាដ៍ ទំនងជាមានវត្តមាន នៅទីកន្លែងឃាតកម្ម ទាំងនោះជាមួយប្អូនរបស់ខ្លួន ។

ឱពុកមហាមេដ មេរាដ៍ គ្រោងប្ដឹង ប្រទេសបារាំង

កាលពីថ្ងៃ ច័ន្ទ ទី ២៦ ខែមិនា ឱពុករបស់ មហាមេដ មេរាដ៍ ឈ្មោះ មហាមេដ បេណាដែល មេរាដ៍ Mohamed Benalel Merah បានសំរេចចិត្ត អោយកប់សពកូនខ្លួន នៅប្រទេសអាហ្សេរី ដែលជាប្រទេសដើមកំណើត ហើយមានគំរោងប្ដឹងប្រទេសបារាំង ពីបទប៉ុនប៉ងសំលាប់កូនខ្លួន ហើយមិនបានខិតខំរកការចាប់ខ្លួន ។ លោកអាឡាំង ហ្សូប៉េ រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយតាម វិទ្យុបារាំងមួយ ដែលដកស្រង់ដោយកាសែត ២០នាទី ពីយោបល់របស់លោក ដែលសុំអោយលោកឱពុករូបនេះ «ស្ងាត់មាត់» ជាជាង នឹងកាប្រកាន់នូវអកប្បកិរិយាបែបនេះ ៖ ​« បើខ្ញុំជាឱពុក របស់មនុស្សគួអោយភ័យខ្លាច ដូចយ៉ាង មហាមេដ មេរាដ៍ នេះ ខ្ញុំនឹងស្ងាត់មាត់ ក្នុងភាពអាមាស »។ លោក នីកូឡា ហ្សាកូហ្សី ប្រធានាធិបតី និងជា បេក្ខជនប្រធានាធិបតី បារាំង បានលើកពីភាពមិនសាកសម ទាល់តែសោះ ពីគំរោងការប្ដឹងនេះ ។ លោក ហ្វ្រង់ស្វ័រ ហូឡង់ បេក្ខជនប្រធានាធិបតី បារាំង គូប្រជែងរបស់​លោក នីកូឡា ហ្សាកូហ្សី ក៏បាននិយាយផងដែរថា «អ្វីដែលឱពុក មហាមេដ មេរាដ៍ គួតែធ្វើ គឺនៅអោយស្ងៀម »។

ខ្សែរអាត់វីដេអូ ផ្ញើរទៅ ប្រព័ន្ធទូរទស្សន៍ អាល់ហ្សាហ្សេរា

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ បានជូនជាដំណឹងរួចហើយ ក្នុងអត្ថបទមុន ពីឃាតករឈាមត្រជាក់ រូបនេះបាន បំពាក់ម៉ាស៊ីនថតវីដេអូ តូចមួយសំរាប់ ថតយករូបភាព ឈុតឆាក ឃាតកម្ម ។ ខ្សែរអាត់វីដេអូនេះ ត្រូវបានផ្ញើរតាម ប្រៃសណីយ៍ កាលពីថ្ងៃច័ន្ទ ទី២៦ ខែមិនា ទៅការិយាល័យប្រចាំទីក្រុងបារីស របស់ប្រព័ន្ធទូរទស្សន៍អារ៉ាប់មួយ ឈ្មោះ អាល់ហ្សាហ្សេរា Al-Jazira ដែលមានការិយាល័យកណ្ដាល នៅប្រទេសកាតា ។ ដំបូងឡើយ ប្រព័ន្ធទូរទស្សន៍នេះ មានគំរោងគិតថា នឹងចាក់ផ្សាយ នូវខ្សែរអាត់នេះ បើទោះជាមានការអោយយោបល់ មិនចង់អោយផ្សព្វផ្សាយ របស់ ឧត្ដមក្រុមប្រឹក្សា​ ខាងសោត-នេត្រទស្សន៍ CSA  និង លោកប្រធានាធិបតី បារាំងក៏ដោយ។​ តែនៅថ្ងៃអង្គារ ទី២៧ ខែមិនា នេះ ប្រព័ន្ធទូរទស្សន៍​បានប្រកាសបដិសេធ មិនចាក់ផ្សាយខ្សែរអាត់​ វីដែអូនេះទេ ដោយសំអាងថា ការចាក់ផ្សាយខ្សែរអាត់នេះ វាខុសទៅលើ វិធានផ្ទៃក្នុងរបស់ខ្លួនស្ដីពី ជនជាតិ ពណ៌សម្បុរ ។ ការសំរេចចិត្តនេះ ធ្វើអោយមាន ការស្វាគមន៍ជាទូទៅ ក្នុងស្រទាប់ថ្នាក់ដឹកនាំបារាំង ។

ទាក់ទងនឹងខ្សែរអាត់នេះ ប្រភពពីខាងស៊ើបអង្កេត បានបង្ហើបថា អ្នកដែលផ្ញើរមក ប្រព័ន្ធទូរទស្សន៍ អាល់ហ្សាហ្សេរា ទំនងមិនមែនជា មហាមេដ មេរាដ៍​ ខ្លួនឯងជាអ្នកផ្ញើរទេ ហើយគេសង្ស័យយ៉ាងច្រើន ពីអ្នកផ្សេងទៀតជាអ្នកធ្វើរឿងនេះ ដែលម្នាក់នោះ អាចជាបក្សពួករបស់ ឃាតកររូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការស្រាវជ្រាវ កំពុងតែបន្ត ទៅទៀតយ៉ាងសកម្ម នៅឡើយ ។

វិធានការណ៍ សន្តិសុខ នឹងត្រូវរឹតបន្តឹង ... ប្រទេសបារាំង នឹងក្លាយជាប្រទេស ប្រកាន់ពូជសាសន៍ ?

ប្រទេសបារាំងបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាល ឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ហើយបេក្ខជននីមួយៗ សុទ្ធតែបង្ហាញពីវិធានការណ៍ របស់ខ្លួនរៀងៗខ្លួន ដើម្បីរឹតបន្តឹង សន្តិសុខ ប្រឆាំងនឹងភេវរកម្ម ភាពស្អប់ខ្ពើម ការបាញ់បោះ ឬការជីករំលីង ក្រុមអ៊ីស្លាមនិយមជ្រុល ។ល។ លោក នីកូឡា ហ្សាកូហ្សី បានសន្យានឹងបង្កើតច្បាប់ ដើម្បីដាក់ទោសលើអ្នកដែលឧស្សាហ៍ចូលទៅមើល បណ្ដាញ គេហទំព័រ របស់ពួកភេវរករ ហើយនឹងធ្វើអោយមាន ការត្រួតពិនិត្យ ទៅលើរាល់ការធ្វើដំណើរ ចេញចូលនៅក្នុងប្រទេសបារាំង ។ រឺឯលោក ហ្វ្រង់ស្វ័រ ហូឡង់ ទោះជាលោកមិនមានគំរោងបង្កើតច្បាប់ តែលោកក៏បានសន្យាផងដែរ ពីការបង្កើតគណកម្មាធិការមួយ ដែលមានភារកិច្ច ប្រឆាំងនឹងអំពើភេវរកម្ម និងក្រុមអ៊ីស្លាមនិយមជ្រុល ។ ជាមួយគ្នានេះ លោកស្រី ម៉ារីន ឡឺប៉េន បេក្ខនារីប្រធានាធិបតី មកពីខាងគណបក្សរណសិរ្សជាតិ ដែលគេស្គាល់ ជាគណបក្សស្ដាំនិយមជ្រុលនោះ ក៏បានប្រកាសសន្យាថា មិនត្រឹមតែភេវរកម្មទេ ដែលលោកស្រីប្រយុទ្ធប្រឆាំងនោះ តែលោកស្រីសន្យា នឹងបង្រ្កាប អ៊ីស្លាម​ដែលនិយមជ្រុល យ៉ាងឆ្អិនឆ្អៅនោះ អោយដល់ឫសគល់តែម្តង ។

វិធានការណ៍ណាក៏ដោយ ប្រទេសបារាំង ដែលធ្លាប់ជាប់ជា «ជើងឯកខាង ប្រជាធិបតេយ្យ» និងជា «និតិរដ្ឋដ៏សែនគំរូ» នោះ អាចនឹងរងនូវការរិះគន់ ហើយរាល់វិធានការណ៍អស់ទាំងនោះ វាអាចធ្វើអោយមាន សន្ទុះកើនកាន់តែខ្លាំងឡើង នូវគំនិតប្រកាន់ពូជសាសន៍ពណ៌សម្បុរ​ រវាងជនជាតិបារាំង និង ជនជាតិបារាំង ដើមកំណើតបរទេស ។ ក្ដីបារម្ភ ពីការមិនបានបែកចែក អោយច្បាស់លាស់ រវាង អ៊ីស្លាមល្អ និងអ៊ីស្លាមអាក្រក់ ឫ ជនចំណាកស្រុក ល្អ ឫជនចំណាកស្រុក អាក្រក់ ហើយបើទោះជា គេបានយល់ថា ការធ្វើនេះ គឺជាតំរូវការ ផលប្រយោជន៍របស់ប្រជាជាតិបារាំង តែវាអាចប៉ះពាល់ ទោះតិចឫច្រើន ទៅដល់ជនជាតិបារាំង ដើមកំណើតបរទេស ឬក៏សហគមន៍ ជនជាតិបរទេស ផ្សេងៗទៀតដែលកំពុង រស់រាន ទទួលទាន ដោយស្របច្បាប់ នៅក្នុងប្រទេសបារាំងដូចគ្នា ៕

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៧ មិនា​ ២០១២
ប្រភពពត៌មាន ៖ lexpress.fr/ 20minutes.fr/ leparisien.fr/ lefigaro.fr
Crédit photo : capture d'écran de France Télévision

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...