បាល់ទាត់ពិភពលោក២០១៤៖ បិនស្ស៊ីម៉ា ថាបារាំងមិនគួរចាញ់ទេ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាឆ្នើមរបស់ក្រុមមាន់គកបារាំង ខកចិត្តយ៉ាងខ្លាំងបន្ទាប់ពី បរាជ័យក្រុមអេស្ប៉ាញ ១-០ ក្នុងការប្រកួតជំរុះបាល់ទាត់ពិភពលោក នាកីឡាដ្ឋាន ស្តាដដឺហ្រ្វង់ (Stade de France) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។ ផិដ្រូ(Pedro) ជាអ្នករកគ្រាប់បាល់បញ្ចូលទី បានចំនួនតែ១គ្រាប់គត់ ក្នុងរាត្រីនោះ តែក៏ជាគ្រាប់បាល់ ដែលជួយឲ្យអេស្ប៉ាញទទួលបានជ័យជំនះ។
ការីម បិនស្ស៊ីម៉ា (ពាក់អាវខៀវ) កំពុងទាត់បាល់ព័ទ្ធជុំដោយ កីឡាកររបស់អេស្ប៉ាញ។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង ការីម បិនស្ស៊ីម៉ា (Karim Benzema) មកពីក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បាននិយាយថា ក្រុមរបស់គាត់មិនគួរចាញ់ ក្នុងការប្រកួតជំរុះបាល់ទាត់ពិភពលោក ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញនោះទេ។
ក្រុមគោជល់អេស្ប៉ាញ បានទទួលជ័យជំនះ ១-០ នៅក្នុងទីក្រុងប៉ារីស ដែលជាគ្រាប់បាល់របស់ ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ផិដ្រូ។ កីឡាកររូបនេះ រកគ្រាប់បាល់បានសម្រេច បន្ទាប់ពីការបញ្ជូនបាល់ ដោយកីឡាករខ្សែការពារឆ្វេង ដែលលេងឲ្យក្រុមអាសិណល (Arsenal) ណាចូ ម៉ន់រៀល (Nacho Monreal) នៅនាទី៥៨។
បិនស្ស៊ិម៉ា បានប្រាប់ដល់កាសែតរបស់បារាំង ធីអេហ្វវ័ន (TF1) ថា «យើងទាំងអស់គ្នាពិតជា ខកចិត្តខ្លាំងណាស់ បើយើងសំឡឹងទៅមើលការប្រកួតទាំងមូល យើងមិនគួរណាចាញ់ទេ។ យើងមានឱកាសល្អៗ ច្រើនជាងពួកគេ ប៉ុន្តែយើងធ្វើមិនបានសម្រេច។ យើងធ្វើឲ្យមានកំហុស ហើយយើងក៏ទទួលស្គាល់ចំពោះកំហុសឆ្គងនេះ។»
គួររំឮកថា បិនស្ស៊ីម៉ា ជាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមរៀលម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ហើយគាត់តែងតែរកគ្រាប់បាល់ឲ្យក្រុមអធិរាជស បានជាញឹកញាប់។ ប៉ុន្តែនៅក្នុងក្រុមជម្រើសជាតិបារាំងវិញ កីឡាករវ័យ ២៥ឆ្នាំរូបនេះ មិនដែលរកគ្រាប់បាល់ចូលទីបានទេ ក្នុងការប្រកួត ១២លើកចុងក្រោយ។
អតីតខ្សែប្រយុទ្ធរបស់ក្រុម អូឡាំពិក លីយ៉ុង (Olympique Lyon) រូបនេះ ក៏បាននិយាយទៅកាន់អ្នកគាំទ្រ ក្រុមជម្រើសជាតិបារាំងទាំងអស់ ដែលប្រតិកម្មចំពោះទម្រង់លេងរបស់គាត់ដែរ។
គាត់បាននិយាយថា «អ្នកទាំងអស់គ្នា គួរផ្តល់កម្លាំងចិត្តដល់ខ្ញុំ វាប្រសើជាងការបន្ទោស។ ខ្ញុំគិតថា ខ្ញុំលេងបានធម្មតា ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងរកគ្រាប់បាល់បាន។ ប៉ុន្តែអ្វីដែលសំខាន់នោះ ខ្ញុំគិតដល់ក្រុមទាំងមូល ធ្វើយ៉ាងណា ឲ្យក្រុមទទួលបានជ័យជំនះសិន។»
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក ដេឌីយ៉េ ដេសឆេមផ៏ (Didier Deschamps) ក៏បានទទួលស្គាល់ចំពោះលទ្ធផលបរាជ័យនេះដែរ ប៉ុន្តែគាត់នៅតែនិយាយថា ក្រុមរបស់គាត់គួរតែ មានគ្រាប់បាល់បញ្ចូលទី ក្នុងការប្រកួតនោះ។
បុរសវ័យ ៤៤ឆ្នាំរូបនេះ បាននិយាយថា «មានសកម្មភាពជាច្រើន ដែលយើងមិនពេញចិត្ត។ ប៉ុន្តែពួកយើងមានឱកាស ច្រើន ទោះបីជាសល់គ្នាត្រឹមតែ ១០នាក់ក៏ដោយ។ អេស្ប៉ាញ នៅតែជាអេស្ប៉ាញ។ យើងព្យាយាមរកគ្រាប់បាល់ តែពួកគេមិនធ្វេសប្រហែសទេ ទោះបីដឹងថា យើងសល់គ្នាត្រឹម ១០នាក់ ក៏គេនៅតែមានការប្រុងប្រយ័ត្នជានិច្ចដែរ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ