បារាំង៖ ភ្លេចទារកអាយុ៣ខែ នៅក្នុងរថយន្ដ រហូតស្លាប់
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។
ជើងទារក (មិនមែនជាជើងរបស់ទារិការងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)
ប្រហែស - ទារិកាដ៏កំសត់ ត្រូវបានទុកចោលច្រើងជាង៤ម៉ោងកន្លះ នៅក្នុងរថយន្ដមួយ ដែលចតនៅខាងមុខផ្ទះឪពុកម្ដាយរបស់វា ស្ថិតក្នុងទីក្រុងតូចមួយ ផ្នែកខាងត្បូងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ របស់រដ្ឋអាជ្ញារងបារាំង ប្រចាំតំបន់ លោក នីកូឡា ឌឺលើស្ស (Nicolas Deleuze)។
នៅក្នុងការស៊ើបសួរជំហានដំបូង បានឲ្យដឹងថា គេមិនទាន់រកឃើញ ពីការមិនយកចិត្តដាក់ថែរក្សាទៅលើទារក ពីសំណាក់គ្រួសារនេះនៅឡើយ។ តែលោករដ្ឋអាជ្ញារង បានថ្លែងអះអាងទៀតថា ការស៊ើបអង្កេតត្រូវបានបើកធ្វើឲ្យស៊ីជម្រៅ នៅក្នុងករណីឃាតកម្មដោយអចេតនា។
ម្ដាយឪពុករបស់ទារិកា អាយុ៣៤ និង៣៦ឆ្នាំ ដែលមានការងារធ្វើ និងចូលក្នុងសង្គមចុះទាំងពីរនាក់ បានជាប់រវល់ជាមួយនឹងកូនពីរនាក់ផ្សេងទៀត ដែលមានអាយុ៣ និង៥ឆ្នាំ។ លោករដ្ឋអាជ្ញារង បានស្រង់ចម្លើយរបស់ម្ដាយឪពុកទារក មកនិយាយថា «ម្នាក់ៗគិតថាម្នាក់ទៀត បានយកទារកនោះចេញពីរថយន្ដហើយ។ នៅពេលដែលពួកគេដឹងថា ទារកស្ថិតនៅក្នុងរថយន្ដនៅឡើយ ពួកគេបានហៅរថយន្ដសង្គ្រោះជាបន្ទាន់។»
ទារិកាបានស្លាប់នៅពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី៣១ ខែឧសភាកន្លងមកនេះ នៅក្នុងផ្នែកទារក នៃមន្ទីរពេទ្យតំបន់របស់ទីក្រុងម៉ុងពើលីយ៉េ។
«វាជាសោកនាដកម្មសម្រាប់ឪពុកម្ដាយ។ ពួកគេរន្ធត់ខ្លាំងណាស់។» លោករដ្ឋអាជ្ញារង បានបន្តទៀតថា «សំនុំរឿងនេះ វាជាសោកនាដកម្មមួយសម្រាប់គ្រួសារ ដែលអាចកើតមក ពីការធ្វេសប្រហែសតែបន្ដិចប៉ុណ្ណោះ។» ហើយឪពុកម្ដាយរបស់ទារិកា មិនមែនថាមិនចេះថែទាំឲ្យបានល្អ នូវកូនរបស់ខ្លួន ហើយក៏មិនបានស្ថិតនៅក្នុងឥទ្ធិពលសុរា ឬគ្រឿងញៀននោះដែរ។
ទារិកាដែលបានស្គាល់ពិភពលោកត្រឹមតែបីខែនេះ បានដឹងខ្លួននៅឡើយ នៅពេលនាងតូចត្រូវបានដឹកតាមរថយន្ដសង្គ្រោះ ទៅកាន់មន្ទីរពេទ្យ ហើយក៏មិនបានឈានទៅដល់ សភាពគ្រោះថ្នាក់ដល់ជីវិតដែរ។ តែសុខភាពរបស់ទារិកា បានចុះខ្សោយបន្ដិចម្ដងៗ នៅពេលក្រោយមក។ សាកសពនឹងត្រូវកោសល្យវិច្ឆ័យ នៅថ្ងៃអង្គារនេះ ហើយគេនឹងអាចដឹងថា តើមរណភាពរបស់ទារិកា បណ្ដាលមកពីកង្វះជាតិទឹកឬយ៉ាងណា (ព្រោះទុកក្នុងរថយន្ដចោល នៅក្រោមកម្ដៅថ្ងៃ)?